(ភ្នំពេញ)៖ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ គណៈកម្មាធិការទី៩ ព្រឹទ្ធសភា នៃកម្ពុជា ដឹកនាំដោយ លោក អ៊ុំ សារឹទ្ធ បានធ្វើសវនាការស្តីពីសមិទ្ធផលការងារឆ្នាំ២០២៤ ដែលក្រសួងសម្រេចបាននាពេលកន្លងមក ការជួបប្រទះនូវបញ្ហាប្រឈម និងទិសដៅអនាគតរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

នៅក្នុងជំនួបសវនាការនេះ លោក ហែម វណ្ណឌី បានជម្រាបជូនពីវឌ្ឍនភាពនៃអាណត្តិកិច្ចដ៏ទូលំទូលាយរបស់ក្រសួង រួមទាំងការអភិវឌ្ឍឧស្សាហកម្ម, ការគាំទ្រសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម, ការពង្រីកសេវាទឹកស្អាត, ការវិវត្តផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, និងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិរបស់កម្ពុជា។

លោករដ្ឋមន្រ្តីក៏បានរំលេចពីកិច្ចខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យស្របតាមគោលដៅសង្គម-សេដ្ឋកិច្ច និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ផងដែរ។

លោក អ៊ុំ សារិទ្ធ ប្រធានគណៈកម្មាការទី៩ នៃព្រឹទ្ធសភា បានកោតសរសើរចំពោះសមិទ្ធផលការងាររបស់ក្រសួង ដោយលើកឡើងថា គណៈកម្មាធិការទី៩ព្រឹទ្ធសភា តែងចុះប្រមូលព័ត៌មាន និងតាមដានវឌ្ឍនភាពនៅតាមមូលដ្ឋានឧស្សាហកម្មនានានៅក្នុងប្រទេស។

គណៈប្រតិភូគណៈកម្មាធិការទី៩ ព្រឹទ្ធសភា បានបង្ហាញចំណាប់អារម្មណ៍ពិសេសលើការងារស្តង់ដារនីយកម្ម ដើម្បីជំរុញឧស្សាហកម្មក្នុងស្រុក និងលើកកម្ពស់សុវត្ថិភាពរបស់អ្នកប្រើប្រាស់។

លោកក៏បានជំរុញឱ្យមានការយកចិត្តទុកដាក់បន្ថែមទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋ ជាពិសេសនិរន្តរភាពនៃការប្រើប្រាស់ប្រភពទឹកក្រោមដី វិធានការក្នុងការសន្សំសំចៃទឹក និងកង្វល់ចំពោះសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

ជំនួបសវនាការនេះបង្ហាញពីតួនាទីត្រួតពិនិត្យដ៏សំខាន់នៃអង្គនីតិបញ្ញត្តិ ក្នុងការធានាថា ក្រសួង-ស្ថាប័នអនុវត្តច្បាប់ បទប្បញ្ញត្តិ និងគោលនយោបាយជាតិប្រកបដោយប្រសិទ្ធភាព ទន្ទឹមនឹងនោះលើកកម្ពស់គណនេយ្យភាពរដ្ឋាភិបាល និងគាំទ្រដំណើរការតាមបែបប្រជាធិបតេយ្យដែលមានតុល្យភាពមួយនៅកម្ពុជា៕