(វាងចន្ទន៍, ឡាវ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និង​លោកបណ្ឌិត សាយសំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ បានបង្ហាញក្តី​ពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-ឡាវ ព្រមទាំងមានជំនឿចិត្តថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរកាន់តែល្អប្រសើរថែមទៀត។

ក្តីពេញចិត្តនេះ ត្រូវបានគូសរំលេចនៅក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយលោកបណ្ឌិត សាយសំផន ភុម​វិ​ហាន ប្រធានរដ្ឋសភាឡាវ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានរដ្ឋសភាឡាវ រដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។

ជាកិច្ចចាប់ផ្តើម លោកបណ្ឌិត សាយសំផន ភុមវិហាន ប្រធានរដ្ឋសភា​ឡាវ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំង​គណៈប្រតិភូជាន់ខ្ពស់ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ​នៅប្រទេសឡាវនាពេលនេះ តបតាមការអញ្ជើញរបស់លោក។

លោកបណ្ឌិតប្រធានរដ្ឋសភាឡាវ បានសម្តែងការអបអរសាទរយ៉ាងកក់​ក្តៅ ចំពោះសម្តេចតេជោ ដែលត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធាន​ព្រឹទ្ធ​សភាកម្ពុជា ដែលជាការបង្ហាញឱ្យឃើញពីការទុកចិត្ត និងការគាំទ្ររបស់​គណបក្ស និងប្រជាជនកម្ពុជា លើការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃ និងបទពិសោធន៍ដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ។

លោកបណ្ឌិតប្រធានរដ្ឋសភាឡាវ បានបន្តថា ទស្សនកិច្ចរបស់​សម្តេច​តេជោ ជាប្រធានព្រឹទ្ធសភានាពេលនេះ មានសារៈសំខាន់បំផុត ដែលនាំ​មក​នូវមេត្រីភាព មិត្តភាព ក្នុងនាមប្រទេសជាប់ភូមិផងរបងជាមួយគ្នា និង​ជាអ្នកជិតខាងល្អ ព្រមទាំងការពូនជ្រំទំនាក់ទំនងមិត្តភាពជាប្រពៃណី និង​ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។

លោកបណ្ឌិត ក៏បានផ្តាំផ្ញើសួរសុខទុក្ខជូនចំពោះសម្តេចមហារដ្ឋ​សភា​ធិ​កា​រ​​​ធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា។

ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរ​គុណយ៉ាងជ្រាល​ជ្រៅ​ចំពោះប្រធានរដ្ឋសភាឡាវ ដែលបានអញ្ជើញសម្តេចបំពេញ​ទស្សន​កិច្ច​ផ្លូវការ និងផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់សម្តេច និងគណៈ​ប្រតិ​ភូ។ សម្តេចតេជោ បានជូនពរប្រធានរដ្ឋសភាឡាវ និងប្រជាជនឡាវ ប្រកប​ដោយសិរីសួស្តី ជ័យមង្គល និងវិបុលសុខ ក្នុងឱកាសចូលឆ្នាំសកល​២០២៥​។

សម្តេចតេជោប្រធានព្រឹទ្ធសភា បានសម្តែងក្តីរីករាយដែលបានជួប​ប្រធាន​រដ្ឋសភាឡាវជាថ្មីម្តងទៀត បន្ទាប់ពីជំនួបចុងក្រោយក្នុងខែកុម្ភៈ ឆ្នាំ២០​២​៣ នាឱកាសបំពេញទស្សនកិច្ចផ្លូវការនៅឡាវ ក្នុងនាមជានាយក​រដ្ឋមន្ត្រី។

សម្តេចតេជោ បានសម្តែងការអបអរសាទរចំពោះ លោកបណ្ឌិតប្រធាន​រដ្ឋសភា និងរដ្ឋាភិបាលឡាវ ដែលសម្រេចបានដោយជោគជ័យតួនាទី​ជា​ប្រធានមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៥, ជាប្រធាន​អាស៊ាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ACMECS លើកទី១០។

សម្តេចតេជោ បានថ្លែងផ្តាំផ្ញើសួរសុខទុក្ខ និងអរគុណ សម្តេចមហារដ្ឋ​សភា​ធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជូនចំពោះ លោកប្រធាន​រដ្ឋ​សភាឡាវ ដែលបានផ្តល់បដិសណ្ឋារកិច្ចដ៏កក់ក្តៅនាមហាសន្និបាត AIPA លើកទី៤៥។

សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះកិច្ចខិតខំ​ប្រឹងប្រែង​របស់​គណបក្ស និងរដ្ឋាភិបាលឡាវ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធ្វើ​ឱ្យ​ជីវភាពប្រជាជនប្រសើរឡើងជាលំដាប់។ សម្តេចតេជោ ហ៊ុន សែន ជឿ​ជាក់​ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋឡាវ មិត្ត​ឡាវនឹងជម្នះបានរាល់បញ្ហាប្រឈមដោយជោគជ័យ និងបន្តសម្រេច​បាន​សមិទ្ធផលធំៗ។

សម្តេចតេជោ បានជម្រាបលោកបណ្ឌិតប្រធានរដ្ឋសភាឡាវ ពីការវិវឌ្ឍន៍​នៃសភាពការណ៍នៅកម្ពុជា ដោយគូសបញ្ជាក់ពីភាពជោគជ័យនៃគណ​បក្ស​ប្រជាជនកម្ពុជា ក្នុងការជ្រើសរើសបានអ្នកបន្តវេនជំនាន់ក្រោយ នៅ​ឆ្នាំ២០២៣ ក្នុងពេលអ្នកជំនាន់ចាស់នៅមានកម្លាំង ដោយសម្តេច មិន​ចង់​ឃើញពីភាពច្រំដែលនៃអតីតកាលរបស់កម្ពុជា ជាពិសេសក្នុងរយៈពេល​៥០០​ឆ្នាំចុងក្រោយនេះ ដែលនៅពេលផ្លាស់ប្តូរអំណាច តែងមានចលា​ចល និងជម្លោះប្រដាប់អាវុធ។

សម្តេចតេជោ បានបន្ថែមថា ការផ្ទេរអំណាចទៅជំនាន់ក្រោយនេះ គឺជាការ​ដោះដូរនឹងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរយៈពេលវែង ហើយរយៈ​ពេល ១៨ខែកន្លងទៅនេះ បានបង្ហាញថា អ្នកដឹកនាំបន្តវេន មានសមត្ថ​ភាព និងអាចទុកចិត្តបានក្នុងការបន្តរក្សាបានសន្តិភាព និងការអភិវឌ្ឍ​ប្រទេស។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ជាមួយនឹង​កំណើន​សេដ្ឋកិច្ចជាបន្តបន្ទាប់ និងការប្រែក្លាយកម្ពុជាជាប្រទេសផលិត​សម្រាប់​ការ​នាំចេញ ដូចជាស្រូវជាដើម កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិច​តួច​នៅឆ្នាំ២០២៩ និងសម្រេចគោលដៅក្លាយជាប្រទេសចំណូល​មធ្យមកម្រិត​ខ្ពស់​នៅឆ្នាំ២០៣០។

សម្តេចតេជោ បានបន្ថែមថា ក្នុងអាណត្តិនៃព្រឹទ្ធសភានីតិកាលទី៥នេះ សម្តេចតេជោ បានដាក់គោលដៅអាទិភាពពីរ គឺការទូតសភាដែល​ជាការ​រួមចំណែកជាមួយរដ្ឋាភិបាលលើកិច្ចការបរទេស ដោយសារស្ថានការណ៍​ពិភព​លោកស្មុគស្មាញ និងពិបាកប៉ាន់ស្មាន និង គណនេយ្យភាពរបស់​ព្រឹទ្ធសភានៅចំពោះមុខអង្គបោះឆ្នោត។

សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន​នៃទំនាក់ទំនង​ជាបង​ប្អូនរវាងប្រទេសទាំងពីរ តាមស្មារតី «ភាពដៃគូយុទ្ធសាស្រ្តគ្រប់​ជ្រុង​ជ្រោយ និងយូរអង្វែង» ដែលសម្តេចបានបង្កើតឡើងពីឆ្នាំ២០១៩ ជាមួយ​លោក ថោងលន់ ស៊ីសុលីត និងចាត់ទុកថាជាជោគជ័យ និងផែនទីបង្ហាញ​ផ្លូវសម្រាប់បន្តកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ជាពិសេស​សម្រាប់​អ្នក​ដឹកនាំបន្តវេន បន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទៅមុខ។ សម្តេចតេជោ បានបន្តថា គណបក្សប្រជាជនកម្ពុជា បានគ្របដណ្តប់​ប្រមាណ ៤៦ឆ្នាំ នៃទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថាទំនាក់ទំនងនេះ មានស្ថិរភាពបំផុត​នៅ​ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ចាប់តាំងពីពេលសម្តេចធ្វើជារដ្ឋមន្ត្រីការ​បរទេស នាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។

សម្តេចតេជោ ហ៊ុន សែន បានជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី​លើវិស័យ​គ្រប់វិស័យរួមមាន កិច្ចការសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ថាម​ពល... ដោយស្ថាប័ននីតិប្បញ្ញត្តិត្រូវចូលរួមគាំទ្រដល់រដ្ឋាភិបាល។

ក្នុង​​នាមសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា​កម្ពុជា, សម្តេចតេជា បានអញ្ជើញលោកប្រធានរដ្ឋសភាឡាវ ទៅទស្ស​ន​កិច្ច​នៅកម្ពុជា នាពេលសមស្របណាមួយខាងមុខ។

ជាការឆ្លើយតប លោកបណ្ឌិតប្រធានរដ្ឋសភាឡាវ បានថ្លែងអំណរគុណ សម្តេចតេជោ ចំពោះការវាយតម្លៃល្អនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងចែករំលែកពីស្ថានការណ៍របស់ប្រទេសកម្ពុជា។ លោក បានវាយ​តម្លៃ​ខ្ពស់ចំពោះភាពជោគជ័យដ៏ធំធេងរបស់កម្ពុជាក្នុងការអភិវឌ្ឍប្រទេស។

ប្រធានរដ្ឋសភាឡាវ បានសម្តែងក្តីរីករាយចំពោះស្នាដៃនៃការដឹកនាំ​របស់​គណបក្សប្រជាជន សម្រេចបានសមិទ្ធផលលេចធ្លោ ដែលរួម​ចំណែក​លើក​កម្ពស់កិត្យានុភាព និងតួនាទីដ៏សំខាន់របស់ប្រទេសកម្ពុជា នៅក្នុង​តំបន់ និងអន្តរជាតិ។

លោកបណ្ឌិតប្រធានរដ្ឋសភា បានជម្រាបសម្តេចតេជោ ពីស្ថានការណ៍​នៃប្រទេសឡាវ ដែលក្រោមការដឹកនាំរបស់បក្ស និងរដ្ឋ ប្រទេសឡាវ មាន​សន្តិភាព ស្ថិរភាព និងសម្រេចបានកំណើនសេដ្ឋកិច្ច ៤.៦ភាគរយ នៅឆ្នាំ​២០២៤។ រដ្ឋាភិបាលឡាវ មានគម្រោងប្រែក្លាយប្រទេសពី Land lock (ប្រទេសមិនជាប់សមុទ្រ) ទៅជា Land Link (ប្រទេសតភ្ជាប់) តាមរយៈ​ការ​តភ្ជាប់ផ្លូវដែកជាមួយប្រទេសជិតខាង ដែលផ្តល់ភាពងាយ​ស្រួលក្នុង​ការ​ដឹកទំនិញចេញចូល និងទាក់ទាញទេសចរ មកទស្សនាប្រទេសឡាវ។

លោកប្រធានរដ្ឋសភាឡាវ បានគូសបញ្ជាក់ថាទំនាក់ទំនងឡាវ-កម្ពុជា មាន​ភាពស្និទ្ធស្នាលជាទីបំផុត ដែលបានប្រកៀកស្មាគ្នាជាមិត្តភាពបងប្អូន និងបន្តរក្សាកិច្ចសហប្រតិបត្តិការជាប្រពៃណីនេះ។ លោក បានបន្តថា ស្ថា​ប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ បានបន្តសហការផ្លាស់ប្តូរទស្សនកិច្ច​កម្រិត​​ប្រតិភូជាន់ខ្ពស់ និងជំនាញ និងបន្តពូនជ្រំ គាំទ្រគ្នាទៅវិញទៅមក​នៅវេទិកាតំបន់ និងអន្តរជាតិផងដែរ។

ប្រធានរដ្ឋសភាឡាវ សង្ឃឹមថា កិច្ចខិតខំព្យាយាមក្នុងការបន្តអនុវត្ត MoU និងកិច្ចព្រមព្រៀងនានា ជាពិសេសលើវិស័យថាមពល និងសាង​សង់ផ្លូវដែកតភ្ជាប់រវាងប្រទេសទាំងពីរ នឹងផ្តល់កាលានុវត្តភាពដល់​ទំនាក់​ទំនង​និងការជំរុញពាណិជ្ជកម្មទាំងពីរបន្ថែមទៀត។

សម្តេចតេជោ និងលោកបណ្ឌិតប្រធានរដ្ឋសភា បានពិភាក្សា និងផ្លាស់ប្តូរ​យោបល់អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាអត្ថប្រយោជន៍រួម និងតម្រូវ​ឱ្យបង្កើនការតាមដាន និងយកចិត្តទុកដាក់ផងដែរ។

ចុងក្រោយនៃជំនួបលោកប្រធានរដ្ឋសភាឡាវ បានជូនពរសម្តេចតេជោ និងគណៈប្រតិភូ ទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចផ្លូវការ​នៅ​ឡាវ៕

,