(វៀងចន្ទន៍, ឡាវ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ចង់​ឃើញអ្នកបន្តវេនរបស់កម្ពុជា និងឡាវ យកគំរូតាមអ្នកដឹកនាំចាស់ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ដែលជាប្រទេសមានភូមិផងរបងជាប់គ្នា។

សម្តេចតេជោ ហ៊ុន សែន គូសរំលេចបែបនេះនៅក្នុងជំនួបជាមួយលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅការិយាល័យនាយករដ្ឋមន្រ្តី នៅរដ្ឋធានីវៀងចន្ទន៍ ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់សម្តេចលើទឹកដីឡាវ ក្នុងឋានៈជាប្រធានព្រឹទ្ធសភាកម្ពុជា។

ជាកិច្ចចាប់ផ្តើមនៃជំនួបនោះ លោកនាយករដ្ឋមន្ត្រីឡាវ បានសម្តែងការស្វា​គមន៍​យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ និង​គណៈ​ប្រតិភូ​។ លោកនាយករដ្ឋមន្ត្រីឡាវ បានសម្តែងក្តីរីករាយ​ ដែល​មាន​ឱកាសជួបសម្តេចតេជោជាថ្មីម្តងទៀត បន្ទាប់ពីទស្សនកិច្ចផ្លូវការរបស់ លោក​នៅប្រទេសកម្ពុជានាខែធ្នូ ឆ្នាំ២០២៤។

តាងនាមឱ្យគណបក្ស រដ្ឋាភិបាល និងប្រជាជនឡាវ លោកនាយករដ្ឋមន្ត្រី បានសម្តែងការអរគុណគណបក្ស រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែល​បានគាំទ្រ ផ្តល់ជំនួយ និងរួមចំណែកដល់ភាពជោគជ័យរបស់ឡាវ ជាប្រធានអាស៊ាន និង ក្នុងការរៀបចំកិច្ចប្រជុំព្រឹត្តការណ៍មហាសន្និបាត​អន្តរ​សភាអាស៊ាន (AIPA) លើកទី៤៥, កិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំ​កំពូល ACMECS លើកទី១០។

លោកនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងសម្តែងនូវការអបអរសាទរ​ភាព​ជោគជ័យរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ នាំមកនូវ​ភាពស៊ីវិល័យ ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច និងជីវភាពប្រសើរ​ឡើង​ជាជំហានៗជូនប្រជាជន។ លោក បានបន្ថែមថា កិត្យានុភាពរបស់​កម្ពុជា កាន់តែល្អ នៅលើឆាកតំបន់ និងអន្តរជាតិ។ លោក ក៏បានផ្តាំផ្ញើការ​សួរសុខទុក្ខដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង ជូនពរសម្តេចមហាបវរធិបតី ប្រកបដោយសុខភាពល្អ សុភមង្គល ជោគ​ជ័យ​ក្នុងការអភិវឌ្ឍប្រទេស។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅ​ចំពោះ​លោកនាយករដ្ឋមន្ត្រីឡាវ ដែលបានផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ​ចំពោះដំណើរទស្សនកិច្ចរបស់សម្តេច និងគណៈប្រតិភូ ដែលនេះ​ជា​ដំណើរទស្សនកិច្ចដំបូងរបស់សម្តេចនៅប្រទេសឡាវ ក្នុងនាមប្រធាន​ព្រឹទ្ធសភា។

សម្តេចតេជោ ហ៊ុន សែន បានពាំនាំការសួរសុខទុក្ខពីសំណាក់សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជូនពរនាយក​រដ្ឋ​មន្ត្រី នាឱកាសឆ្នាំថ្មី ឆ្នាំសកល២០២៥។ សម្តេចតេជោ ក៏បានបញ្ជាក់​ផង​ដែរថា គណៈប្រតិភូរបស់សម្តេចនាពេលនេះរួមមាន តំណាងគណបក្ស រាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានសម្តែងការអបអរសាទរលោកនាយករដ្ឋ​មន្ត្រី ចំពោះជោគជ័យក្នុងការបំពេញតួនាទីជាប្រធានអាស៊ាន ដែលបាន​ធ្វើ​ឱ្យអាស៊ានមានសាមគ្គីភាព និងវឌ្ឍនភាព ទោះនៅក្នុងកាលៈទេសៈ​លំ​បាក។ សម្តេចតេជោ បានបន្តថា បើទោះបីជាសម្តេចមិនស្ថិត​ក្នុងរាជ​រដ្ឋា​ភិបាល សម្តេចមានមោទនភាព និងវាយតម្លៃខ្ពស់ចំពោះមិត្តភាពជាបង​ប្អូន​​ល្អនៃប្រទេសទាំងពីរ និងភាពដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរ​អង្វែង។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ជំនួបជាន់ខ្ពស់ជាញឹកញាប់ និងការប្រាស្រ័យទាក់ទងគ្នានៅគ្រប់កម្រិត ក៏ដូចជាការផ្លាស់ប្ដូរ​ទស្សនកិច្ច​ទៅវិញទៅមករវាងបក្ស សភា និងរដ្ឋាភិបាល ឆ្លុះបញ្ចាំពីការរីកចម្រើន​នៃ​ទំនាក់​ទំនងល្អរវាងប្រទេសទាំងពីរ។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកជាអនុសាសន៍ថា ប្រទេសទាំងពីរ បន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាតាំង​ពីជំនាន់ចាស់​រហូតដល់ពេលបច្ចុប្បន្នលើគ្រប់វិស័យរួមទាំង ផ្នែកសន្តិសុខ និងការពារ​ជាតិ។ សម្តេចតេជោ ក៏សង្ឃឹមថា ជំនាន់អ្នកដឹកនាំបន្តវេន នឹងយកគំរូ​បទ​ពិសោធន៍អ្នកជំនាន់ចាស់ បន្តអភិវឌ្ឍបន្តទៀត និងចងភ្ជាប់ចលនាល្អ​របស់​​ប្រទេស​ទាំងពីរ ជាការចងភ្ជាប់អតីតកាល ទៅនឹងអនាគតកាល ដែលត្រូវ​ខិតខំពូនជ្រំ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា នៅក្នុងវិស័យសន្តិសុខ និងការ​ពារ​ជាតិ ប្រទេសទាំងពីរត្រូវយកចិត្តទុកដាក់ និងបន្តប្រកាន់ខ្ជាប់គោល​ការណ៍​មិនអនុញ្ញាតឱ្យកម្លាំងអមិត្ត ប្រើប្រាស់ទឹកដីរបស់ប្រទេសណាមួយ ដើម្បីបង្កគ្រោះថ្នាក់ អសន្ដិសុខ និងអស្ថិរភាពដល់ប្រទេសមួយ​ទៀត​ឡើយ។

ក្នុងទំនាក់ទំនងទ្វេភាគី សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ទំ​នា​ក់​​ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍​នៃ​ប្រទេស​ទាំង​ពីរ កំពុងដើរទៅមុខ ទោះយឺតតែមានភាពរឹងមាំ។ សម្តេចតេជោ ក៏​បាន​សង្កត់ធ្ងន់ថាការជំរុញផ្គត់ផ្គង់ថាមពលអគ្គិសនីពីឡាវទៅកម្ពុជា និង​ពីកម្ពុជាទៅប្រទេសជាសមាជិកអាស៊ានផ្សេងទៀត រួមចំណែកជួយដល់​តម្រូវ​ការថាមពលរបស់កម្ពុជា ដល់ទំហំពាណិជ្ជកម្ម និងការរីកលូតលាស់​សេដ្ឋកិច្ចជាមូលដ្ឋានរបស់ប្រជាជននៃប្រទេសយើងទាំងពីរនៅគ្រប់ទីកន្លែង ព្រមទាំងដល់ការកសាងបណ្តាញថាមពលអាស៊ាន។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ឥឡូវឱកាសឱ្យឈានទៅ​មុខ​ហើយ ត្រូវជំរុញបន្ថែម គ្រប់កិច្ចសហប្រតិបត្តិការ ជាពិសេសកិច្ចសហ​ប្រតិ​បត្តិការដែលមានស្រាប់ឱ្យមានភាពលូតលាស់។

ជាកិច្ចឆ្លើយតប លោកនាយករដ្ឋមន្ត្រីឡាវ បានថ្លែងអំណរគុណសម្តេច​តេជោ ចំពោះវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការរវាង​ប្រទេសទាំងពីរ ដែលមានភាពជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមក។ លោកនាយករដ្ឋមន្ត្រី ក៏ថ្លែងអំណរគុណការសួរសុខទុក្ខរបស់សម្តេចមហាបវរធិបតី និងគូស​បញ្ជាក់​ថា ទំនាក់ទំនងទ្វេភាគី នឹងនាំមកនូវឧត្តមប្រយោជន៍ជូនប្រជាជន​ទាំងពីរ។

លោកនាយករដ្ឋមន្ត្រី ក៏បានចាត់ទុកកិច្ចសហប្រតិបត្តិការថាមពល​ឡាវ-​កម្ពុជា គឺជាអាទិភាព និងសារៈសំខាន់បំផុត។ លោក បានស្នើឱ្យភាគី​ប្រទេស​ទាំងពីរ បន្តជំរុញកិច្ចសហប្រតិបត្តិការរវាងសមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បីអនុវត្តកិច្ចព្រមព្រៀងដែលមានឱ្យចេញរូបរាង។

លោកនាយករដ្ឋមន្ត្រី បានឯកភាពមតិសម្តេចតេជោ លើការពង្រីក​ពាណិជ្ជ​កម្មថាមពល ព្រមទាំងវិស័យសាធារណការ និងដឹកជញ្ជូន ជាពិសេសការ​តភ្ជាប់​រវាងប្រទេសទាំងពីរ។ លោក បានវាយតម្លៃខ្ពស់ចំពោះបរិយាកាស​ព្រំដែនល្អរួមគ្នា និងទំនាក់ទំនងអស់ពីចិត្តពីថ្លើម ត្រង់ទៅត្រង់មក សាមគ្គី​ល្អរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នឹងសហ​ការ​ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុវត្តកិច្ចព្រមព្រៀង​ដែល​បានសម្រេចរួមគ្នាលើគ្រប់ការងារ តាមស្មារតីនៃកិច្ចព្រមព្រៀង​រវាង​បក្សទាំងពីរ។

សម្តេចតេជោ និងលោកនាយករដ្ឋមន្ត្រីឡាវ បានបន្តផ្លាស់ប្តូរយោបល់​អំពី​បញ្ហាតំបន់ និងសកលោក ជាពិសេសភាពមិនប្រាកដប្រជានៃស្ថាន​ការណ៍​ពិភ​ពលោក​នាពេលបច្ចុប្បន្ន ដែលទាមទារឱ្យមានការវាយតម្លៃជាប្រចាំ ដើម្បីកំណត់ជំហរសមស្រប និងជៀសវាងស្ថិតនៅក្នុងស្ថានការណ៍ជា ស្មៅ ឬ ស្រមោចសង្អារ ឱ្យដំរីជាន់ពេលដំរីជល់គ្នា។

ជាចុងក្រោយនៃជំនួប លោកនាយករដ្ឋមន្ត្រីឡាវ បានជូនពរសម្តេច​តេជោ និងគណៈប្រតិភូ ទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចការងារនៅ​ឡាវ៕