(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំសួនឧស្សាហកម្មស្វាយចន្ទី ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យស្វាយចន្ទីកម្ពុជា។
សួនឧស្សាហកម្មស្វាយចន្ទី ដែលជាសួនឧស្សាហកម្មដំបូងគេនៅកម្ពុជា គ្រោងធ្វើឡើងនៅលើទឹកដីខេត្តកំពង់ធំ ដែលជាខេត្តមានការដាំដុះស្វាយចន្ទីច្រើនជាងគេ។
ខេត្តកំពង់ធំ មានផ្ទៃដីដាំដុះស្វាយចន្ទីប្រមាណ ១៥ម៉ឺនហិកតា។ ក្នុងនោះ ផ្ទៃដីប្រមូលផលជាង ១៤ម៉ឺនហិកតា និងទទួលបានទិន្នផលជាមធ្យម ១,៥តោន/ហិកតា ក្នុង១ឆ្នាំ និងបរិមាណផលជាង ២២ម៉ឺនតោន ស្មើនឹងប្រមាណ ៣០ភាគរយ ក្នុងក្របខណ្ឌទូទាំងប្រទេស។
សួនឧស្សាហកម្មស្វាយចន្ទី ផ្តោតសំខាន់លើការកែច្នៃគ្រាប់ស្វាយចន្ទី ដោយមានផ្ទៃដីទំហំជិត៦០០ហិកតា មានចម្ងាយពីទីរួមខេត្តកំពង់ធំ ជិត១៣គីឡូម៉ែត្រ។
របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅកម្ពុជាបច្ចុប្បន្នមានផ្ទៃដីដាំស្វាយចន្ទីប្រមាណ ៧០ ម៉ឺនហិកតា ក្នុងនោះផ្ទៃដីប្រហែល ៥៨ម៉ឺនហិកតាកំពុងប្រមូលផល និងប្រហែល ១២ម៉ឺនហិកតាទៀតជាដីទើបដាំដុះថ្មី។ ចំណែកទិន្នផលប្រមូលបាន គឺស្ថិតក្នុងចន្លោះពី ៨០-១០០ម៉ឺនតោនក្នុង១ឆ្នាំ។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានចំនួន ៨៥ម៉ឺនតោន កើនឡើង២៦ភាគរយ ធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ដែលផលិតស្វាយចន្ទីបានច្រើនជាងគេនៅក្នុងពិភពលោក។
ក្នុងនោះកម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីឆៅ ចំនួន ៨១៥,០០០តោន កើនឡើង២១ភាគរយ ទទួលបានថវិកាចំនួន ១,១៥០លានដុល្លារ កើនឡើង២៦.១៥ភាគរយ។ ដោយឡែកនាំចេញទៅវៀតណាម មានចំនួនជាង ៧៩ម៉ឺនតោន៕