(វៀងចន្ទន៍, ឡាវ)៖ បន្ទាប់ពីបានអញ្ជើញដល់ជាមួយកម្មវិធីនៃជំនួប​ជា​បន្តបន្ទាប់តាមរបៀបវារៈដែលបានកំណើតក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅលើទឹកដីឡាវហើយនោះ នៅយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោក បណ្ឌិត សាយ សំផន កូមិវិហាន ប្រធានរដ្ឋសភាជាតិឡាវ បាន​រៀបចំពិធី​លៀងសាយភោជន៍ផ្លូវការ ជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​កម្ពុជា និងគណៈប្រតូជាន់ខ្ពស់កម្ពុជា ប្រកបដោយកិត្តិយសយ៉ាងខ្ពស់ និងមេត្រីភាពយ៉ាងជ្រាលជ្រៅបំផុត នៅសណ្ឋាគារហូលីដេអីុន សណ្ឋាគារលំដាប់ខ្ពស់នៅក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

មុនដំណើរការពិធីជប់លៀងនោះ មានរៀបចំពិធីកួចដៃជូនពរតាមប្រ​ពៃ​ណី​ជន​ជាតិឡាវ ជាកិច្ចជូនពរបវសួស្តីសិរីមង្គល ចំពោះសម្តេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទាំងអស់ក្នុងឱកាសមានវត្ថមានក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅលើទឹកដីឡាវ ក្នុងរយៈពេលពីរថ្ងៃនេះ សូមជួបតែសេចក្តីសុខសុវត្ថិភាព និងជោគជ័យ។

ថ្លែងសុន្ទរកថាក្នុងពិធីលៀងសាយភោជន៍ផ្លូវការនេះ លោកបណ្ឌិត សាយ សំផន កូមិវិហាន បានសម្តែងក្តីរីករាយក្រៃលែង និងកិត្តិយស ដ៏ខ្ពង់ខ្ពស់​ដែលបានទទួលស្វាគមន៍សម្តេចតេជោជាលើកដំបូង បន្ទាប់ពី​សម្តេចជាប់​ឆ្នោតជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

លោកបានគូសបញ្ជាក់ថា ការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់​សម្តេច​​តេជោ ជាការរឹតចំណងមេត្រីភាព មិត្តភាព និងសាមគ្គីភាព ជា​ប្រពៃ​ណីតាំងពីយូរលង់ណាស់មកហើយ ក្នុងឋានៈជាប្រទេសភូមិផង របងជាមួយគ្នា និងមានទំនាក់ទំនងល្អទៅវិញទៅមក ជាពិសេសជាដៃគូ​យុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងរដ្ឋាភិបាល រដ្ឋភា ព្រឹទ្ធ​សភា និងប្រជាជននៃប្រទេសទាំងពីរ។

លោកបណ្ឌិត បានវាយតម្លៃខ្ពស់ ចំពោះជោគជ័យនៃជំនួបទ្វេភាគីរវាង សម្តេចតេជោ និងលោកបណ្ឌិត ក្នុងថ្ងៃនេះ ដែលបានផ្តោតជាសំខាន់​ទៅ​លើការងារទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរ វាងប្រទេសទាំងពីរ សភា​ទាំងពីរ និងព្រឹទ្ធសភាកម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត។

ក្នុងនាមគណបក្ស រដ្ឋាភិបាល ប្រជាជនឡាវ គ្រប់ជនជាតិ, លោកប្រធាន​រដ្ឋសភាឡាវ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណ​បក្សប្រជាជន​កម្ពុជា រាជារដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានជួយគាំទ្រចំពោះ​បុព្វ​ហេតុតស៊ូរបស់ប្រជាជនឡាវ ក្នុងពេលកន្លងមក និងបច្ចុប្បន្នលើការ​ជ្រោម​ជ្រែងដល់ការកសាង និងអភិវឌ្ឍប្រទេសឡាវ។

ក្នុងនាមសភាជាតិឡាវ លោកបណ្ឌិត បានអរគុណចំពោះជំនួយរបស់​កម្ពុជា​លើការបណ្តុះបណ្តាលធនធានមនុស្ស ដែលព្រឹទ្ធសភាកម្ពុជា បាន​ផ្តល់អាហារូបករណ៍ ដល់មន្ត្រីនៃសភាជាតិឡាវ ក៏ដូចជាជំនួយ​លើវិស័យ​ផ្សេងៗទៀត ជាពិសេសការជួយគាំទ្រឡាវនៅក្របខណ្ឌតំបន់​ និងអន្តរ​ជាតិ​។

ថ្លែងនៅក្នុងពិធីជប់លៀងផ្លូវការនេះ សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកបណ្ឌិត​ប្រធាន​រ​ដ្ឋ​សភាឡាវ ដែលបានផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងបានរៀបចំ​ពិធី​​ជប់លៀងសាយភោជន៍ ប្រកបដោយបរិយាកាសរីករាយ ស្និទ្ធស្នាល មិត្តភាព និងកិតិ្តយសដល់គណៈប្រតិភូកម្ពុជានាពេលនេះ ព្រមទាំង​បាន​វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងប្រពៃណី ជាបងប្អូន និងយូរអង្វែងរវាង​ប្រជា​ជន និងប្រទេសយើងទាំងពីរ។

សម្តេចតេជោ បានបង្ហាញការជឿជាក់ថា «ភាពជាដៃគូយុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ និងយូរអង្វែង» ដែលប្រទេសទាំងពីរបានបង្កើតឡើង​នៅ​ឆ្នាំ​២០១៩ នឹងបន្តឈានទៅមុខយ៉ាងស្វាហាប់ និងត្រូវបានលើកកម្ពស់ថែម​ទៀត ដោយការប្រាស្រ័យទាក់ទងគ្នា យ៉ាងជិតស្និទ្ធនៃប្រទេសទាំងពីរ នៅ​គ្រប់​កម្រិតទាំងក្នុងក្របខ័ណ្ឌរដ្ឋ និងក្របខ័ណ្ឌបក្ស។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការពេញចិត្តយ៉ាងខ្លាំង ចំពោះលទ្ធ​ផល​នៃការពិភាក្សាយ៉ាងស៊ីជម្រៅក្នុងជំនួបរវាងសម្តេច និងលោកបណ្ឌិត ជាពិសេស ការឯកភាពគ្នាដើម្បីបន្តជំរុញឱ្យកាន់តែខ្លាំងឡើង​ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ និងការគាំទ្រគ្នាទៅ​វិញទៅមកនៅក្នុងស្ថាប័នអន្តរសភានានា ទាំងក្នុងកម្រិតតំបន់ និងអន្តរ​ជាតិ ដើម្បីសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយ​ចីរ​ភាព​យូរអង្វែង សម្រាប់ប្រជាជាតិទាំងពីរ ក៏ដូចជាប្រជាជាតិនៅ​លើ​ភព​ផែន​​ដី​ទាំងមូល។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងស្មារតីមិត្តភាពជាប្រពៃណី និងសាមគ្គីភាពដ៏ជិត​ស្និទ្ធ សភាកម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីបន្តធ្វើ​កិច្ច​សហការ​កាន់តែជិតស្និទ្ធ ជាមួយរដ្ឋសភាឡាវ ដើម្បីនាំមកនូវគុណ​ប្រយោជន៍​ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

ជាមួយគ្នានេះ សម្តេចតេជោ បានបញ្ជាក់ផងដែរ សម្តេច រង់ចាំស្វាគមន៍​ដំណើរ​ទស្សនកិច្ចជាផ្លូវការ និងមិត្តភាពរបស់លោកបណ្ឌិតប្រធាន​រដ្ឋសភាឡាវ នៅលើទឹកដីកម្ពុជា៕