(ព្រៃវែង)៖ នៅក្នុងចន្លោះសម័យប្រជុំលើកទី២ និងលើកទី៣ នៃព្រឹទ្ធសភានីតិកាលទី៥ គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា ដឹកនាំដោយ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការ បានអញ្ជើញចុះជួបពិភា ក្សាការងារជាមួយរដ្ឋបាលខេត្តព្រៃវែង ដឹកនាំដោយលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ដោយមានការចូលរួមពីសំណាក់ក្រុមប្រឹក្សាខេត្ត គណៈអភិ- បាលខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដើម្បីឈ្វេងយល់អំពីប្រសិទ្ធភាព នៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្ត និងចូលរួមដោះស្រាយបញ្ហាប្រឈមនានាដែលស្ថិតក្នុងសមត្ថកិច្ចរបស់គណៈកម្មការ។
កិច្ចពិភាក្សាការងារនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃព្រហស្បតិ៍ទី៦ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅសាលប្រជុំសាលាខេត្តព្រៃវែង។
ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានពាំនាំនូវការផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ព្រមទាំងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងប្រជាពល រដ្ឋទូទាំងខេត្តព្រៃវែង។
លោកបានបន្តជម្រាបជូនអង្គប្រជុំអំពីដំណើរការរៀបចំ និងការប្រព្រឹត្តទៅរបស់ព្រឹទ្ធសភាថា មកដល់ពេលនេះព្រឹទ្ធសភាបានដំណើរការមកដល់ឆ្នាំទី២ នីតិកាលទី៥ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន , លោក អ៊ុច បូររិទ្ធ ជាអនុប្រធានទី១ និងលោក ធន់ វឌ្ឍនាជាអនុប្រធានទី២ ព្រឹទ្ធសភា។ ព្រឹទ្ធសភាបានបង្កើតរចនាសម្ព័ន្ធចាត់តាំង និងតួនាទីភារកិច្ចរបស់យន្តការនីមួយៗរួចរាល់ ហើយ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ កន្លងមកនេះ ព្រឹទ្ធសភា បានធ្វើវិសោធនកម្មបទបញ្ជា ផ្ទៃក្នុងរបស់ខ្លួន ដើម្បីឱ្យការអនុវត្តមុខងារស្របនឹងបរិបទ នៃការរីកចម្រើនរបស់សង្គម សេដ្ឋកិច្ច បច្ចេកវិទ្យា និងឆ្លើយតបទៅនឹងទស្សនវិស័យរបស់ព្រឹទ្ធសភា គឺសភាការទូត និងភាពជាតំណាងពិតប្រាកដរបស់ប្រជាជាតិខ្មែរ តាមរយៈការអនុវត្តមុខងារស្នូលទាំងបីរបស់ខ្លួន ពោលគឺមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងគោលនយោបាយ និងមុខងារតំណាង។
លោកបានបញ្ជាក់បន្ថែមថា ក្នុងអំឡុងពេលចន្លោះសម័យប្រជុំព្រឹទ្ធសភា គណៈកម្មការទាំង១០ ក្រុមភូមិភាគទាំង៨ និងក្រុមសមាជិកាព្រឹទ្ធសភា បានចុះទៅក្រសួង ស្ថាប័ន និងរដ្ឋបាល ថ្នាក់ក្រោមជាតិ ដើម្បីតាមដានការអនុវត្តច្បាប់ និងគោលនយោបាយនានា តាមវិស័យជាសមត្ថកិច្ច ហើយ ធ្វើ របាយការណ៍ជូនគណៈកម្មាធិការ អចិន្ត្រៃយ៍ និងព្រឹទ្ធសភា។
ក្នុងឱកាសនោះដែរ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា ដែលបានអញ្ជើញមកបំពេញបេសកកម្មក្នុងទឹកដីនៃខេត្តព្រៃវែង និងបានធ្វើសេចក្តីរាយការណ៍អំពីលក្ខណៈភូមិសាស្ត្រ ប្រជាសាស្ត្រ វឌ្ឍនភាពនៃការអភិវឌ្ឍមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត សក្តានុពលផ្នែកកសិកម្ម ឧស្សាហកម្ម សេវាកម្ម សុខាភិបាល និងអបរំ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។ ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ រដ្ឋបាលខេត្តព្រៃវែងបានធ្វើការផ្សព្វផ្សាយ និងអប់រំដល់មន្ត្រីរដ្ឋបាលខេត្ត ព្រមទាំងមន្ទីរអង្គភាព និងអាជ្ញាធរមូលដ្ឋានឱ្យគោរព និងចូលរួមអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយឱ្យបានម៉ឺងម៉ាត់។ នៅឆ្នាំ២០២៥ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក គណៈអភិបាលក្រុង ស្រុក និងក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាប់កាតព្វកិច្ចក្នុងការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប០២ឆ្នាំម្តង សរុបចំនួន៤៤០នាក់ ស្រីចំនួន៧៧នា ក់ និងបានធ្វើការប្រកាសរួចរាល់ សម្រេច បាន១០០%។
បន្ទាប់ពីបានស្តាប់ការលើកឡើងរបស់ លោកអភិបាលខេត្ត និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់រួចមក លោក ម៉ម ប៊ុននាង បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញតួនាទី ភារកិច្ចយ៉ាងល្អប្រសើររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលខេត្ត ដែលធ្វើឱ្យខេត្តសម្រេចបានសមិទ្ធ ផលយ៉ាងច្រើនគួរឱ្យកត់សម្គាល់។
លោកបានលើកទឹកចិត្តដល់អាជ្ញា ធរ គ្រប់លំដាប់ថ្នាក់បន្តអប់រំច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយឱ្យមានវិសាលភាពកាត់តែទូលាយ ចូលកាន់តែជ្រៅទៅក្នុងស្រទាប់សង្គម ទាំងក្នុងសាលា ក្រៅសាលា ទាំងក្នុងស្ថាប័នសាធារណៈ ឯកជន និងសង្គមស៊ីវិល។ ត្រូវនៅឱ្យឆ្ងាយពីអំពើពុករលួយ ផ្សព្វផ្សាយដល់មន្ត្រីក្រោមឱវាទចូលរួមគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន និងអនុវត្តតួនាទីភារកិច្ចរបស់ ខ្លួនឱ្យបានល្អប្រសើរ ជាពិសេសគឺការផ្តល់សេវា សាធារណៈជូនដល់ប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព គណនេយ្យភាព និងសមធម៌ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ។
ក្រៅពីនេះ លោកបានស្នើរដល់អាជ្ញាធរទាំងអស់ត្រូវចូលរួមលើកកម្ពស់ស្មារតីប្រយុទ្ធប្រឆាំងអំពើពុករលួយគ្រប់រូបភាព គ្រប់វិស័យ និងគ្រប់ជាន់ថ្នាក់ លើកកម្ពស់ការអនុវត្តអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់សំដៅចូលរួមពង្រឹងអភិបាលកិច្ចល្អ និងនីតិរដ្ឋនៅក្នុងការដឹកនាំ និងការគ្រប់គ្រងរដ្ឋ ដែល ជាមូលដ្ឋានចាំបាច់ក្នុងការអភិវឌ្ឍសង្គមជាតិ និងជួយលើកកម្ពស់ជីវភាពរស់របស់ប្រជាពល រដ្ឋឱ្យកាន់តែល្អ ងាយស្រួល និងប្រសើរឡើងជាលំដាប់៕