(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួងស្ថាប័នជំនាញ ដែលបង្កើតថ្នាលបច្ចេកវិទ្យាតាមស្ថាប័នរបស់ខ្លួន ត្រូវធ្វើយ៉ាងណាឱ្យមានសង្គតភាព មានការប្រទាក់ក្រឡាគ្នា បំពេញគ្នាទៅវិញទៅមក ហើយត្រូវជ្រកក្រោមឆ័ត្រថ្នាល CamDX តែមួយ ដែលរាជរដ្ឋាភិបាលបានប្រកាសជាថ្នាលអន្តរក្រសួង។
ការថ្លែងរបស់សម្តេចបវរធិបតីធ្វើឡើងក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុប ការងាររយៈពេល៥ឆ្នាំ និងលើកទិសដៅបន្តរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥។
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា «យើងមាន CamDX ដែលយកជាគោលរបស់រដ្ឋាភិបាលមួយ ដែលជាផ្លេតហ្វម (Platform) ជាឆ័ត្រ ត្រូវពិនិត្យមើលកុំឱ្យមានពីរទៅថ្ងៃមុខ យើងបានប្រកាស CamDX ជាថ្នាលអន្តរក្រសួង រាល់ App ចុងក្រោយ គឺមកដើម្បីកុំប្រកួតប្រជែង គឺត្រូវមានសង្គតភាព និងបំពេញគ្នាទៅវិញទៅមក។ នេះហើយជាយន្តការដែលយើងត្រូវធ្វើ ព្រោះខ្ញុំជាមនុស្សប្រយ័ត្នបន្តិច»។
សូមជម្រាបថា ថ្នាល CamDX ដែលអភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់ដោយ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាថ្នាលបច្ចេកវិទ្យាឌីជីថលមួយឈរនៅកណ្តាល និងជាឆ្អឹងខ្នង ដែលអនុញ្ញាតឱ្យប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន របស់ក្រសួង-ស្ថាប័នអាចចែករំលែកទិន្នន័យរវាងគ្នា និងគ្នា ដើម្បីបង្កើតជាសេវាសាធារណៈអនឡាញផ្សេងៗ។
គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ចំនួនប្រតិបត្តិការសរុបនៅលើថ្នាល CamDX មានប្រមាណជាង ៧៤លានប្រតិបត្តិការ ខណៈនៅក្នុងឆ្នាំដំបូងមានត្រឹមតែ ៤.៧៦លាន ប្រតិបត្តិការតែប៉ុណ្ណោះ។ ស្ថិតិប្រតិបត្តិការ មានការកើនឡើង តាមរយៈការចូលរួមផ្លាស់ប្តូរទិន្នន័យ ពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយ ទៅប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយទៀតនៃក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល និងវិស័យឯកជនជាដៃគូផងដែរ។ មកដល់ពេលនេះ សមាជិករបស់ CamDX វិស័យសាធារណៈមានចំនួន ៣១ស្ថាប័ន និងវិស័យឯកជនមានចំនួន ៣៦ស្ថាប័ន៕