(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ឲ្យដឹងថា កំណែទម្រង់ហិរញ្ញវត្ថុ ជួយឱ្យក្រសួងប្រមូលថវិកាជាតិ និងវិភាគទានចូលមូលនិធីសរុបបាន ៨០៤លានដុល្លារ ខណៈដែលប្រាក់រង្វាន់ប្រចាំខែ សម្រាប់មន្ត្រីជាមធ្យម ឡើងដល់១.៧លានរៀល សម្រាប់មន្ត្រីម្នាក់។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ជា វ៉ាន់ដេត អញ្ជើញចូលរួមក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងាររយៈពេល៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្ដកម្មឌីជីថល និងលើកទិសដៅការងារបន្ដ នារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

បើតាមការបញ្ជាក់របស់លោក ជា វ៉ាន់ដេត, ការងារកែទម្រង់ គឺជាបុរេលក្ខខណ្ឌដ៏មានសារៈសំខាន់ សម្រាប់ជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន ដើម្បីឈានឆ្ពោះទៅរកការលើកកម្ពស់ ប្រសិទ្ធភាព និងផលិតភាពការងារ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានកំណត់យកការ កែលំអនិងការពង្រឹងគុណភាពនៃកិច្ចការរដ្ឋបាល ហិរញ្ញវត្ថុ ការគ្រប់គ្រងនិងការអភិវឌ្ឍសមត្ថភាពធនធាន មនុស្ស នីតិកម្ម កិច្ចសហប្រតិបត្តិការអន្តរជាតិ ការកែទម្រង់អង្គភាព ការពង្រឹងអធិការកិច្ច និងអភិបាលកិច្ច គឺជាស្នូលនៃបេសកកម្មឆ្ពោះ ទៅរកការអនុវត្តការងារដោយជោគជ័យ។

លោក ជា វ៉ាន់ដេត បានបញ្ជាក់ថា ការងារកែទម្រង់ហិរញ្ញវត្ថុ សម្រេចបានរួមមាន៖

* ពង្រឹងនីតិវិធីហិរញ្ញវត្ថុ ប្រកបដោយភាពជឿទុកចិត្ត សុចរិតភាព គណនេយ្យភាព និងសន្សំសំចៃ ចំណាយចំគោលដៅ
* រៀបចំប្រព័ន្ធទូទាត់ប្រាក់អនឡាញ សម្រាប់គ្រប់សេវាអនឡាញរបស់ក្រសួង
* ប្រមូលចំណូលថវិកាជាតិ និងវិភាគទានមូលនិធិសរុបប្រមាណ ៨០៤ លានដុល្លារអាម៉េរិក ចន្លោះ ឆ្នាំ២០២០-២០២៤ ធៀបនឹងចំនួនប្រមាណ២១៦លានដុល្លារអាម៉េរិក ចន្លោះឆ្នាំ២០១៥-២០១៩ នៅពេលអ្នកប្រើប្រាស់សេវាមានចំនួនប្រហាក់ប្រហែលគ្នា និងតម្លៃសេវារបស់អ្នកប្រើប្រាស់នៅដដែល
* ផ្តល់ប្រាក់បេសកកម្មនិងប្រាក់ផ្សេងៗជូនមន្ត្រីរាជការ បានទាន់ពេល និងគ្រប់ ១០០%។

ដោយឡែក ការងារកែទម្រង់ការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្ស៖

* ដំឡើងប្រាក់រង្វាន់ប្រចាំខែ៥០ម៉ឺនរៀល ទៅ១.៧លានរៀល ជាមធ្យមសម្រាប់មន្ត្រីម្នាក់ ចាប់ពីឆ្នាំ២០២០ មក
* ផ្តល់ប្រាក់ឧបត្ថម្ភជូនមន្ត្រីរាជការមានអតីតភាពការងារ ទទួលការបណ្តុះបណ្តាលវគ្គ១ ដល់វគ្គ៧ លំហែមាតុភាព រៀបអាពាហ៍ពិពាហ៍ ចូលនិវត្តន៍ ជួលបន្ទប់ស្នាក់នៅ (ភ្នំពេញ) និងមរណភាព ជាពិសេស ផ្តល់ប្រាក់រង្វាន់ខែទី១៣ និងទី១៤
* ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត និងជំនាញអាជីព សិក្សាដោយ ផ្ទាល់និងតាមប្រព័ន្ធអនឡាញ នៅក្នុងនិងក្រៅប្រទេស ព្រមទាំងកម្មវិធីអភិវឌ្ឍសមត្ថភាពឌីជីថល ដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាបានប្រមាណ ៧០០ នាក់
* រៀបចំកម្មវិធីបណ្តុះបណ្តាលប្រចាំឆ្នាំ ជូនដល់មន្ត្រីនៅគ្រប់មន្ទីរ
* ពិនិត្យនិងវាយតម្លៃច្បាស់លាស់ក្នុងការដំឡើងតួនាទី និងឋានន្តរស័ក្តិជូនមន្ត្រីរាជការ
* រៀបចំធ្វើទិន្នន័យមន្ត្រីរាជការតាមប្រព័ន្ធឌីជីថល និងប្រព័ន្ធគ្រប់គ្រងវត្តមានដោយស្កេនមុខ
* ដាក់ឱ្យដំណើរការទារកដ្ឋាន និងមានគ្រូបង្រៀនកុមារតូចៗពី៣ខែ ដល់៥ឆ្នាំ។

ចំពោះការងារកែទម្រង់ការគ្រប់គ្រងរដ្ឋបាល លោក ជា វ៉ាន់ដេត បានឲ្យដឹងថា បានរៀបចំរបៀបរបប និងនីតិវិធីការងាររដ្ឋបាល ឱ្យមានប្រសិទ្ធភាពសមស្រប ដែលធានាបាននូវលំហូរ ការងារលឿនឆាប់រហ័ស ពុំមានការិយាធិបតេយ្យ មានការទទួលខុសត្រូវខ្ពស់ និងតម្លាភាព តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថល ក្នុងក្រសួងស្ទើរតែទាំងស្រុង។

ក្រសួងបានបំពាក់មធ្យោបាយ និងឧបករណ៍ឌីជីថល ជូនមន្ត្រីរាជការក្នុងការងារ និងបំផុសស្មារតីស្នេហាជាតិ មោទនភាពជាតិ ការបំពេញការងារជាក្រុម ការគោរពគ្នា និងសាមគ្គីភាពផ្ទៃក្នុង៕