(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ចេញនូវការងារអាទិភាពមួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យប្រៃសណីយ៍ និងឌីជីថលរបស់កម្ពុជា ឱ្យកាន់តែរីកចម្រើន សុវត្ថិភាព បង្កើនចំណូលជូនជាតិ។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងលើកទិសដីការងារបន្ត នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោករដ្ឋមន្រ្តីបានឱ្យដឹងថា ខណៈដែលវិស័យប្រៃសយ៍ និងឌីជីថល ទទួលបានសមិទ្ធផលការងារជាច្រើនក្នុងរយៈពេល៥ឆ្នាំ ក៏ដូចជាជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ក្រសួងនឹងអនុវត្តនូវទិសដៅការងារបន្ថែមទៀត។ ការងារអាទិភាពទាំងនោះ មានដូចខាងក្រោម៖

* បន្តអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ និងសមត្ថភាពអង្គភាពចំណុះ និងធ្វើឱ្យប្រសើរប្រព័ន្ធលើកទឹកចិត្តផ្អែកលើសមិទ្ធកម្ម ដើម្បីប្រែក្លាយក្រសួងទៅជាស្ថាប័នមានឧត្តមភាព
* បន្តកៀរគរចំណូលថវិកាជាតិ និងវិភាគទានចូលមូលនិធិ និងទប់ស្កាត់បំណុលថ្មី ព្រមទាំងគ្រប់គ្រង ការចំណាយឱ្យកាន់តែល្អប្រសើរ
* បន្តជំរុញការរៀបចំគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត ដើម្បីគាំទ្រដល់ការគ្រប់គ្រង និងការអភិវឌ្ឍវិស័យប្រៃសណីយ៍ និងឌីជីថល
* បន្តពង្រឹងមុខងារនិយ័តកម្ម អធិការកិច្ច និងកិច្ចសហការជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស
* បន្តជំរុញការគ្រប់គ្រង ការអភិវឌ្ឍ ការធ្វើនិយ័តកម្ម និងបរិវត្តកម្មឌីជីថលក្នុងវិស័យប្រៃសណីយ៍ សំដៅពង្រឹងគុណភាពសេវា ការបង្កើតភណ្ឋាគារគយមានដែនកំណត់ (Customs Bonded Warehouse) និងការដាក់ឱ្យប្រើថ្នាល DGPost និងកម្មវិធីឌីជីថលផ្សេងៗ ដើម្បីគាំទ្រដល់ ពាណិជ្ជកម្មតាមអនឡាញ

* បន្តជំរុញឱ្យប្រតិបត្តិករវិនិយោគបន្ថែម លើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ឌីជីថល
* បន្តសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រតិបត្តិករ ដោះស្រាយរកទីតាំងសម្រាប់សាងសង់បង្គោលអង់តែន ជំរុញការដំឡើងប្រព័ន្ធអាយប៊ីអេស (IBS) នៅក្នុងអគារ និងធ្វើយុទ្ធនាការបញ្ជាបការយល់ដឹង អំពីករណីបង្គោលអង់តែនមិនប៉ះពាល់ ដល់សុខភាពមនុស្ស
* បន្តលើកកម្ពស់ការការពារអ្នកប្រើប្រាស់ និងទប់ស្កាត់សកម្មភាពប្រកួតប្រជែងមិនស្របច្បាប់
* បន្តសហការជាមួយក្រសួងព័ត៌មាន ដើម្បីផ្ទេរបន្ទារហ្វ្រេកង់ស៍វិទ្យុ 700MHz យកមកប្រើប្រាស់ សម្រាប់សេវាទូរសព្ទ 5G វិញ
* រៀបចំផែនការដាក់ឱ្យប្រើប្រាស់សេវាទូរសព្ទ 5G និងសេវាទូរសព្ទ 5G ឯកជន ឱ្យបានចប់សព្វគ្រប់ ដើម្បីរង់ចាំការសម្រេចរបស់រាជរដ្ឋាភិបាល
* បន្តរង់ចាំការសម្រេចដាក់ឱ្យដំណើរការប្រព័ន្ធ ចុះបញ្ជីឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម (EIRS) ដែលរួមចំណែកដល់ការការពារសន្តិសុខ និងសុវត្ថិភាព ការលុបបំបាត់ទូរសព្ទក្លែងក្លាយ និងការបង្កើនចំណូលថវិកាជាតិ

* បន្តគ្រប់គ្រង ពង្រឹងអនុលោមភាព និងអភិវឌ្ឍវិស័យឌីជីថល ព្រមទាំងផ្តោតការយកចិត្តទុកដាក់ លើការស្រាវជ្រាវនិងនវានុវត្តន៍ និងការលើកទឹកចិត្តដល់ធុរកិច្ចថ្មីឌីជីថល
* ជំរុញការអនុវត្តគម្រោងមជ្ឈមណ្ឌលជាតិបញ្ញាសិប្បនិម្មិត និងវិទ្យាសាស្ត្រទិន្នន័យ និងគម្រោងបង្កើតម៉ូដែលភាសាធំ (LLM) សម្រាប់ភាសាខ្មែរ ដើម្បីពង្រឹងឧត្តមភាព និងអធិបតេយ្យភាពរបស់កម្ពុជា លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងវិទ្យាសាស្ត្រទិន្នន័យ ដែលជា ហេដ្ឋារចនាសម្ព័ន្ធគាំទ្រឱ្យប្រព័ន្ធនវានុវត្តន៍ឌីជីថលជាតិ
* បន្តអភិវឌ្ឍធនធានមនុស្ស ដែលមានជំនាញបច្ចេកទេសច្បាស់លាស់ ដើម្បីអាចគ្រប់គ្រងដំណើរការ វិវឌ្ឍផ្លាស់ប្តូរបច្ចេកវិទ្យាឈានមុខថ្មីៗ (Emerging Technologies) ដែលជាបច្ចេកវិទ្យាឌីជីថដ៏ឆាប់រហ័សនេះ

* ពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេស ដែលមានបំណងប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verrfy.gov និងថ្នាលឌីជីថលមួយចំនួនទៀត
* ជំរុញការដាក់ឱ្យប្រើប្រាស់សាកល្បងផ្ទាល DG SuperApp នៅខែមីនា ឆ្នាំ២០២៥ខាងមុខ
* បន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធសំដៅជួយគាំទ្រដល់ការធ្វើបរិវត្តកម្មឌីជីថល
* ជំរុញការអនុវត្តគម្រោងសាងសង់មជ្ឈមណ្ឌលទិន្នន័យជាតិ ឱ្យបានឆាប់
* ជំរុញឱ្យក្រសួង ស្ថាប័នទាំងអស់ អភិវឌ្ឍថ្នាល និងកម្មវិធីឌីជីថល ឈរលើគោលការណ៍ធ្វើកូដនីយកម្មទិន្នន័យ ស្តង់ដាបច្ចេកទេស ការធ្វើអន្តរប្រតិបត្តិការ និម្មាបនកម្មរួម និងសុវត្ថិភាពប្រព័ន្ធ ប៉ុន្តែក្នុងករណីក្រសួងស្ថាប័នណា ពុំមានលទ្ធភាព ក្រសួងអាចជួយផ្តល់បច្ចេកវិទ្យា ដោយឈរលើគោលការណ៍ក្រសួង ស្ថាប័នសាមីគ្រប់គ្រងថ្នាលនិងទិន្នន័យដោយខ្លួនឯង

* បន្តពង្រឹងសមត្ថភាពនៃការបណ្តុះបណ្តាលនិស្សិតថ្នាក់ឧត្តមសិក្សា សមត្ថភាពគ្រូឧទ្ទេស និងស្វែងរកដៃគូគ្រឹះស្ថានអប់រំក្នុង និងក្រៅប្រទេស ដើម្បីអនុវត្តផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញ ឌីជីថលជោគជ័យ
* បន្តពិនិត្យលទ្ធភាពផ្តល់ជូនគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល នៅគ្រឹះស្ថានឧត្តមសិក្សា គោលដៅ

* បន្តជំរុញ និងបញ្ជាបការយល់ដឹង និងការចាប់យកជំនាញឌីជីថល នៅគ្រប់មជ្ឈដ្ឋានពីកម្រិត សាលារៀនរហូតដល់ឧត្តមសិក្សា និងក្នុងចំណោមមន្ត្រីរាជការ អាជីវករ និងពលរដ្ឋទូទៅ តាមរយៈការរៀបចំកម្មវិធីផ្សព្វផ្សាយ កម្មវិធីប្រកួតប្រជែង និងយុទ្ធនាការតាមបណ្តាញសង្គមនានា
* ជំរុញការបង្កើតសួនឌីជីថល (Digital Park) ទីមួយនៅកម្ពុជា សំដៅគាំទ្រការអភិវឌ្ឍជំនាញឌីជីថល និងអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថលថ្មី
* អនុវត្តនិម្មាបនកម្មសន្តិសុខសាយប័រគំរូ និងរៀបចំមជ្ឈមណ្ឌលគ្រប់គ្រង ប្រតិបត្តិការសន្តិសុខ (SOC)
* បន្តបណ្តុះបណ្តាលធនធានមនុស្សជំនាញសន្តិសុខសាយប័រ ដើម្បីបំពេញតម្រូវការទាំងវិស័យ សាធារណៈ និងវិស័យឯកជន
* បន្តជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ជាមួយប្រទេសជាមិត្ត ដៃគូអភិវឌ្ឍ អង្គការអន្តរជាតិ និងភាគីពាក់ព័ន្ធ
* ខិតខំបន្តនាំយកកិត្តិយសដ៏ឧត្តុងឧត្តមរបស់កម្ពុជា ទៅលើឆាកអន្តរជាតិ ដូចថ្នាល verify.gov ដែលជាហេដ្ឋារចនាសម្ព័ន្ធសាធារណឌីជីថលរបស់ពិភពលោក និងគម្រោងប្រព័ន្ធបកប្រែពី ភាសាខ្មែរទៅភាសាខ្មែរប្រៃយ៍ ដែលបានឈ្នះមេដាយមាស នៅអាស៊ានឆ្នាំ២០២៥ និងជ័យលាភី លេខ១ នៅក្នុងសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៤ ជាដើម៕