(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងពីលទ្ធផល ដែលក្រសួងសម្រេចបានក្នុងវិស័យទូរគមនាគមន៍ ខណៈគិតមកដល់ពេលនេះ អ្នកប្រើប្រាស់សេវាទូរសព្ទមានចំនួនប្រមាណ ២០.៦លាន និងសេវាអ៊ីនធឺណិតមានចំនួនប្រមាណ១៩លាន។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ជា វ៉ាន់ដេត អញ្ជើញចូលរួមក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងាររយៈពេល៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្ដកម្មឌីជីថល និងលើកទិសដៅការងារបន្ដ នារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា វិស័យទូរគមនាគមន៍ បានចូលរួមចំណែកយ៉ាងសំខាន់លើការតភ្ជាប់ឌីជីថល ដែលត្រូវបានចាត់ទុកថា ជាមូលដ្ឋាននៃការធ្វើបរិវត្តកម្មឌីជីថល។ ក្នុងរយៈពេល៥ឆ្នាំនេះ ក្រសួងសម្រេចបានលទ្ធផល ជាអាទិ៍៖

* រៀបចំ និងដាក់ឱ្យអនុវត្តលិខិតបទដ្ឋានគតិយុត្ត ដើម្បីពង្រឹងអភិបាលកិច្ច សម្រួលដល់ធុរកិច្ច និងការពារផលប្រយោជន៍ស្របច្បាប់ របស់អ្នកប្រើប្រាស់

* ផ្តល់អាជ្ញាបណ្ណប្រតិបត្តិការទូរគមនាគមន៍ សរុប៥៩ ក្នុងនោះ អាជ្ញាបណ្ណទូរសព្ទ៤ អាជ្ញាបណ្ណ ខ្សែកាបអុបទិកក្រោមបាតសមុទ្រ ២ ខ្សែកាបអុបទិកលើគោក ៥ និងអ៊ុនធឺណិត ៣៩។ អ្នកប្រើប្រាស់ សេវាទូរសព្ទមានចំនួនប្រមាណ ២០.៦លាន និងសេវាអ៊ីនធឺណិតមានចំនួនប្រមាណ១៩លាន

* ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល រួមមាន បង្គោលអង់តែនទូរសព្ទ បណ្តាញខ្សែ កាបអុបទិកក្រោមបាតសមុទ្រ និងលើគោក ដូចខាងក្រោម៖

* បង្គោលអង់តែនទូរសព្ទមានសរុប ១១ ៥១១ បង្គោល។ ក្រសួងមានផែនការជំរុញការសាងសង់ បង្គោលអង់តែនទូរសព្ទបន្ថែម ចំនួន ៣ ៦៧៤ ដែលមានចំនួនស្ថានីយអង់តែនសរុប ៦ ៣៥៥ ត្រឹមឆ្នាំ២០២៧។

* នៅរាជធានីភ្នំពេញ៖ សាងសង់បង្គោលអង់តែនបន្ថែមបានចំនួន ៤១៦ ក្នុងចំណោម ១ ០០០ បង្គោល។ ក្រសួងក៏ចាត់ក្រុមការងារ ៩ ក្រុម ចុះត្រួតពិនិត្យអគារកម្ពស់ចាប់ពី ៦ ជាន់ឡើង ដើម្បីជំរុញសេវាទូរសព្ទ និងអ៊ុនធឺណិតនៅក្នុងអគារ

* នៅតាមបណ្តាខេត្ត៖ សាងសង់បង្គោលអង់តែននៅខេត្តតាកែវ ខេត្តកណ្តាល និងខេត្តសៀមរាបបានចំនួន ១៩២ ក្នុងចំណោមផែនការ ៣៩៤ បង្គោល និងបន្តសាងសង់បន្ថែមទៀត នៅតាមទីរួមខេត្ត ទីរួមស្រុក និងតំបន់ប្រជុំជននៅតាមឃុំ-សង្កាត់ នៃបណ្តាខេត្តនានា ព្រមទាំង នៅតាមតំបន់ទេសចរដាច់ស្រយាលដោយប្រើមូលនិធិកាតព្វកិច្ចសេវាសកល

* បណ្តាញខ្សែកាបអុបទិកលើគោកមានប្រវែង ៣៤ ៤៩១ គីឡូម៉ែត្រ ក្នុងនោះបំពង់កប់ក្រោមដី ២ ៩២៣ គីឡូម៉ែត្រ និងក្រោមបាតសមុទ្រ ប្រវែង ២៦ ៣០០ គីឡូម៉ែត្រ និងគ្រោងមានបណ្តាញថ្មីប្រវែង ២ ៩៩៧ គីឡូម៉ែត្រ នៅឆ្នាំ២០២៦

* វិសាលភាពនៃការគ្របដណ្តប់សេវាទូរសព្ទ 4G មាន ៩៣,២% នៃចំនួនប្រជាជន និង ៨២% នៃផ្ទៃដី យកចិត្តទុកដាក់លើការលើកកម្ពស់គុណភាព និងការពារអ្នកប្រើប្រាស់សេវាទូរគមនាគមន៍ តាមវិធានការដូចខាងក្រោម៖

* បំពាក់ឧបករណ៍វាស់ស្ទង់សេវាលើរថយន្តចំនួន ៥ គ្រឿង សម្រាប់វាស់ស្ទង់សេវា និងបញ្ចៀស ការឆ្លងរំខាន

* ដាក់ឱ្យដំណើរការកម្មវិធីទូរសព្ទ MPTC Speed Test ដើម្បីឱ្យអ្នកប្រើប្រាស់អាចវាស់ល្បឿន សេវាអ៊ីនធឺណិតដោយខ្លួនឯង

* សហការជាមួយអាជ្ញាធរដែនដី ចុះរុះរើឧបករណ៍ Boosters/Repeaters នៅតាមទីតាំងដែល បានកែលំអគុណភាពសេវារួច

* លុបបំបាត់រាល់ការផ្សាយពាណិជ្ជកម្ម ឬគម្រោងសេវាកម្ម ដែលពុំមានភាពសុចរិត ឬផ្ទុយនឹង ច្បាប់និងលិខិតបទដ្ឋានគតិយុត្ត

* ស្រាវជ្រាវបទល្មើស និងបង្ក្រាបករណីផ្គត់ផ្គង់សេវាអ៊ីនធឺណិតដោយគ្មានអាជ្ញាបណ្ណ ការអូសបណ្តាញខ្សែកាបអុបទិកខុសច្បាប់ ការនាំចូលគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍គ្មានលិខិត អនុញ្ញាតការលក់ស៊ីមដោយពុំភ្ជាប់អត្តសញ្ញាណបណ្ណ មជ្ឈមណ្ឌលទិន្នន័យគ្មានអាជ្ញាបណ្ណ និងការប្រើប្រាស់ឧបករណ៍បញ្ជូនទទួលក្លែងក្លាយ (Fake BTS) សម្រាប់ផ្សព្វផ្សាយល្បែង អនឡាញ ប្រាក់កម្ចី និងរូបអាសអាភាស ជាដើម៕