(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងពីបញ្ហាប្រឈមមួយចំនួន ក្នុងវិស័យទូរគមនាគមន៍ ដែលត្រូវយកចិត្តទុកដាក់ដោះស្រាយ។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងលើកទិសដីការងារបន្ត នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោករដ្ឋមន្រ្តីមានប្រសាសន៍ថា បើទោះបីជាវិស័យប្រៃសណីយ៍ និងឌីជីថល ទទួលបានសមិទ្ធផលដ៏ធំធេងជាច្រើន ក្នុងរយៈពេល ៥ឆ្នាំចុង ក្រោយនេះក្តី តែក្រសួងក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលត្រូវយកចិត្តទុកដាក់ដោះស្រាយ ដែលបញ្ហាទាំងនោះរួមមាន៖
* សមត្ថភាពរបស់មន្ត្រីមួយចំនួន ពុំអាចចាប់យកការបណ្តុះបណ្តាល ឬបច្ចេកវិទ្យានិងកាលានុវត្តភាពថ្មីៗ ដែលវិវត្តយ៉ាងឆាប់រហ័ស
* ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល នៅមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់សេវាទូរសព្ទ និងអ៉ីនធឺណិតដែលកើនឡើងយ៉ាងគំហុក
* ការកែលំអផ្លូវជាតិ ផ្លូវក្រុង និងផ្លូវទីប្រជុំជនមួយចំនួន បានប៉ះពាល់ដល់បណ្តាញខ្សែ
* កំណើនសំណង់អគារខ្ពស់ៗនៅក្នុងទីក្រុង ធ្វើឱ្យបាំងខ្ទប់សេវាទូរសព្ទ
* ប្រជាពលរដ្ឋ និងម្ចាស់ទីតាំងមួយចំនួន ពុំសហការលើការសាងសង់បង្គោលអង់តែន ដោយយល់ថា បង្គោលអង់តែនធ្វើឱ្យខូចសោភណភាពលំនៅឋាន ឬប៉ះពាល់ដល់សុខភាព
* ការអភិវឌ្ឍបុរីមួយចំនួន ពុំបានរៀបចំបណ្តាញខ្សែកាបអុបទិកក្រោមដីទុកជាមុន ឬពុំបានត្រៀម បម្រុងទុកទីតាំងសាងសង់បង្គោលអង់តែន ហើយម្ចាស់បុរីមួយចំនួន បានផ្តល់សិទ្ធិផ្តាច់មុខដល់ប្រតិបត្តិករតែមួយ ឬអាចរារាំងការផ្តល់សេវាទូរគមនាគមន៍ តាមវិធីផ្សេងៗទៀត
* សកម្មភាពប្រកួតប្រជែងមិនស្របច្បាប់មួយចំនួន នៅក្នុងអាជីវកម្មទូរគមនាគមន៍ នៅពុំទាន់លុបបំបាត់បានទាំងស្រុង
* ធនធានមនុស្សជំនាញឌីជីថលនៅមានចំនួនកម្រិត ជាពិសេសនៅតាមក្រសួងស្ថាប័ន និងវិស័យឯកជន ដែលមិនទាន់អាចឆ្លើយតបទៅនឹងការវិវត្តផ្លាស់ប្តូរ បច្ចេកវិទ្យាឈានមុខថ្មីៗ (Emerging Technologies) ដូចជា សេវាទូរសព្ទ 5G បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ម៉ាស៊ីនស្វ័យសិក្សា ការវិភាគទិន្នន័យធំ បច្ចេកវិទ្យាក្លោដ បច្ចេកវិទ្យាប្លុកឆេន និងបច្ចេកវិទ្យាអ៊ីនធឺណិតនៃវត្ថុ ជាដើម
* កិច្ចសហការជាមួយក្រសួង ស្ថាប័នមួយចំនួននៅមានកម្រិត ដែលនាំឱ្យការធ្វើបរិវត្តកម្មឌីជីថល មានភាពយឺតយ៉ាវ
* ក្រសួងស្ថាប័នមួយចំនួន មិនទាន់មានអ្នកជំនាញបច្ចេកទេសច្បាស់លាស់ ក្នុងការអភិវឌ្ឍប្រព័ន្ធ រឹងមាំឆ្លើយតបទៅនឹងតម្រូវការ ការវិភាគលំហូរឯកសារ និងការធ្វើស្វ័យប្រវត្តិកម្មលំហូរការងារ (BPA) ហើយទិន្នន័យតាមក្រសួងស្ថាប័នមួយចំនួន មិនអាចគ្រប់គ្រងបាន និងទិន្នន័យខ្លះពុំអាចធ្វើអន្តរប្រតិបត្តិការ (Interoperability) សម្រាប់ប្រើប្រាស់ជាផលប្រយោជន៍រួម របស់រាជរដ្ឋាភិបាល
* ការអភិវឌ្ឍថ្នាល និងកម្មវិធីឌីជីថល មិនផ្អែកទៅលើនិម្មាបនកម្មសន្តិសុខ ដែលធ្វើឱ្យថ្នាល និងកម្មវិធីទាំងនោះមានចន្លោះប្រហោង ដែលអាចធ្វើឱ្យមានការវាយប្រហារនិងលួចទិន្នន័យ ក្រសួងស្ថាប័ន មិនមានបំណងចែករំលែកទិន្នន័យ ដោយព្រួយបារម្ភអំពីការលួចទិន្នន័យ ប៉ុន្តែជាក់ស្តែង ក្រសួង ស្ថាប័នមួយចំនួននោះបានរក្សាទុកទិន្នន័យនៅក្រៅប្រទេស ឬប្រគល់ទិន្នន័យឱ្យ ក្រុមហ៊ុនបរទេសដោយស្វ័យប្រវត្តិ និងស្ម័គ្រចិត្តរួចហើយ
* មន្ត្រីគ្រប់គ្រងការអភិវឌ្ឍប្រព័ន្ធនៅតាមក្រសួង ស្ថាប័នមួយចំនួន ពុំសហការផ្នែកបច្ចេកទេសជាមួយក្រសួង ប៉ុន្តែបែរជាអភិវឌ្ឍដោយខ្លួនឯង ឬផ្តល់គម្រោងឱ្យក្រុមហ៊ុនអភិវឌ្ឍដែលពុំឈរលើគុណវុឌ្ឍ និងស្តង់ដាបច្ចេកទេស ឬសុវត្ថិភាពទិន្នន័យ
* ទិន្នន័យរបស់កម្ពុជាភាគច្រើន ត្រូវបានរក្សាទុកនៅក្រៅប្រទេស ដែលបច្ចុប្បន្ន ក្រសួងកំពុងរៀបចំធ្វើការរក្សាទុកទិន្នន័យក្នុងស្រុក (Data Localization)៕