(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងឲ្យដឹងថា ការអភិវឌ្ឍថ្នាល និងកម្មវិធីរដ្ឋាភិបាលឌីជីថល ដើម្បីផ្តល់សេវាសាធារណៈ ជូនជាពលរដ្ឋកាន់តែរហ័ស មានតម្លាភាព និងត្រឹមត្រូវ ខណៈថ្នាលចំនួន ៥ត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាល។
ការលើកឡើងរបស់លោក ជា វ៉ាន់ដេត ធ្វើឡើងក្នុងកម្មវិធីបិទសន្និបាតបូកសរុបការងាររយៈពេល៥ឆ្នាំ និងលើកទិសដៅបន្តរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា។
លោក ជា វ៉ាន់ដេត បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាលបានកំណត់យក រដ្ឋាភិបាលឌីជីថល ពលរដ្ឋឌីជីថល និងធុរកិច្ចឌីជីថល ជាតួអង្គសំខាន់នៅក្នុងក្របខណ្ឌគោលនយោបាយ ដើម្បីជំរុញការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងពង្រឹងប្រសិទ្ធភាពការងារ និងការផ្ដល់សេវាសាធារណៈ ក្រសួង និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានសម្រេចកិច្ចការអាទិភាពដូចខាងក្រោម៖
* មាននិងកៀគរមន្ត្រីជំនាញបច្ចេកវិទ្យាឌីជីថលប្រមាណ៤៩០នាក់ ដែលកំពុងបំពេញការងារនៅក្រសួង
ផ្តោតការអភិវឌ្ឍថ្នាល និងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) ដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្ម សន្សំសំចៃពេលវេលា ផ្តល់សេវាឆាប់រហ័ស កាត់បន្ថយការចំណាយទាំងថវិកាជាតិ និងថវិកាប្រជាពលរដ្ឋ និងផ្តល់សេវាសាធារណៈ តម្លាភាពនិងការទទួលខុសត្រូវ។
ក្នុងចំណោមថ្នាល និងកម្មវិធីរដ្ឋាភិបាលឌីជីថលចំនួន១២ មានថ្នាលចំនួន៥ ដែលត្រូវបានទទួលស្គាល់ដោយ
រាជរដ្ឋាភិបាលដូចជា៖
* ថ្នាល verify.gov.kh ត្រូវបានទទួលស្គាល់ជាហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថលពិភពលោក
* ថ្នាល go.gov.kh ផ្ទុកឯកសារសាធារណៈផ្លូវការមិនសម្ងាត់ ជំនួសការប្រើប្រាស់ Google Drive
ឬ OneDrive ឬ DropBox
* ថ្នាល nomsa.gov.kh បញ្ជូនសារខ្លីៗជាព័ត៌មាន ឬដំណឹងដោយមានប្រភពដើមច្បាស់លាស់
ជំនួសការប្រើប្រាស់ SMS
* ថ្នាល form.gov.kh បង្កើតទម្រង់បែបបទអនឡាញ ដើម្បីប្រមូលព័ត៌មាន ស្ទង់មតិ ត្រួតពិនិត្យ និងវាយតម្លៃ ចុះឈ្មោះចូលរួមកម្មវិធី ឬប្រមូលមតិកែលំអនានា ជំនួសការប្រើប្រាស់ Google
Form Microsoft Form
* ថ្នាល Sarika ជាកម្មវិធីបញ្ញាសិប្បនិម្មិតបំប្លែងអត្ថបទទៅជាសំឡេង។
លោករដ្ឋមន្ត្រីបានថ្លែងថា នៅពេលដ៏ខ្លីខាងមនេះ ការអភិវឌ្ឍថ្នាល DG Super App ជាថ្នាលដែលមានសមត្ថភាពខ្ពស់ ដែលអាចប្រមូលផ្ដុំថ្នាល និងកម្មវិធីឌីជីថលតូច ធំ (Mini Apps) សម្រាប់បម្រើសេវាសាធារណៈពហុវិស័យ ដើម្បីឱ្យប្រតិបត្តិការ និងការស្នើសុំសេវាសាធារណៈបានកាន់តែឆាប់រហ័ស ងាយស្រួល សាមញ្ញ មានប្រសិទ្ធភាព ព្រមទាំងកាត់បន្ថយការចំណាយនានា។ ថ្នាល DG SuperApp នឹងជួយបង្កើនល្បឿននៃការធ្វើបរិវត្តកម្មរដ្ឋភិបាលឌីជីថល និងការធ្វើឌីជីថលូបនីយកម្មលើការផ្តល់សេវាសាធារណៈនៅកម្ពុជាពី៣ ទៅ៥ដង។
ជាមួយគ្នានេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានផ្តល់កុំព្យូទ័រឧបករណ៍ឌីជីថលរបស់រាជរដ្ឋាភិបាល និងកម្មវិធីសុសវរកុំព្យូទ័រជូនក្រសួង ស្ថាប័ន និងគ្រឹះស្ថានឧត្តមសិក្សា។ ក្នុងនោះមានកុំព្យូទ័រ និងកម្មវិធីសុសវែរកុំព្យូទ័រ ៩ ៣០០ គ្រឿង, ឧបករណ៍ Tablet ២ ៦០០ គ្រឿង ម៉ាស៊ីនព្រីនខ្នាតធំ ១០ គ្រឿង Server ១៤ គ្រឿង និងទូរទស្សន៍ឌីជីថលជាច្រើនគ្រឿង បំពាក់ឧបករណ៍ប្រព័ន្ធវីដេអូ រៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងផ្តល់សេវាអ៊ីនធឺណិត ថ្នាល និងប្រព័ន្ធវេបសាយ ឈ្មោះដែនជាតិ .gov.kh សេវាអីមែល និងសេវាសរូបករណ៍ ដល់ក្រសួង ស្ថាប័នអង្គភាពយោធា-នគរបាល រដ្ឋបាលរាជធានី ខេត្ត គ្រឹះស្ថានឧត្តមសិក្សា និងសាលារៀនផងដែរ៕