(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានជំរុញដល់មន្ទីរជំនាញឲ្យពន្លឿននីតិវិធី ក្នុងការស្នើសុំកាត់ឆ្វៀលទីតាំងដី សម្រាប់សាងសង់មន្ទីរពេទ្យបង្អែកស្រុកវាលវែង (CPA2) ដើម្បីមានភាពងាយស្រួល ក្នុងការគ្រប់គ្រង ការទទួលខុសត្រូវ ការបញ្ជូន និងការសង្គ្រោះអ្នកជំងឺបានទាន់ពេលវេលា ​ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។

លោក ខូយ រីដា បានជំរុញបែបនេះក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដើម្បីពិនិត្យ និងសម្រេចករណីសំណើសុំទីតាំងដី សម្រាប់សាងសង់គម្រោងមន្ទីរពេទ្យបង្អែកស្រុកវាលវែង (CPA2) ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់។

បើតាមលោកវេជ្ជបណ្ឌិត ខូយ ឌី ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា បច្ចុប្បន្នស្រុកវាលវែង គ្របដណ្តប់លើឃុំចំនួន៥ និងភូមិចំនួន២៣ មានប្រជាជនសរុបចំនួន៣៨,១៦៣នាក់ ជាតំបន់ព្រៃភ្នំដាច់ស្រយាល ប្រជាជនរស់នៅទីនោះភាគច្រើន ជាជនជាតិដើមភាគតិច ដែលរាល់អ្នកជំងឺមានបញ្ហាសុខភាពធ្ងន់ធ្ងរ សម្រាលកូនលំបាក ត្រូវបានបញ្ជូនមកមន្ទីរពេទ្យបង្អែក ស្រុកភ្នំក្រវាញ (CPA2) មានរយៈចំងាយផ្លូវឆ្ងាយ ជួបប្រទះការលំបាក ចំណាយថវិកាច្រើនជាដើម។

លោកវេជ្ជបណ្ឌិតបន្តថា ដើម្បីមានភាពងាយស្រួល ក្នុងការគ្រប់គ្រង ការទទួលខុសត្រូវការបញ្ជូន និងការសង្គ្រោះអ្នកជំងឺបានទាន់ពេលវេលា ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានសុខាភិបាល ក្នុងខេត្តពោធិ៍សាត់ និងផ្អែកលើអត្រាប្រជាពលរដ្ឋគ្របដណ្តប់ ព្រមទាំងមានការគាំទ្រពីក្រសួងសុខាភិបាល ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទទួលបានការឯកភាពពីរាជរដ្ឋាភិបាល លោកស្នើសុំទីតាំងដីសម្រាប់សាងសង់ មន្ទីរពេទ្យបង្អែកវាលវែង (CPA2) ស្ថិតក្នុងរចនាសម្ព័ន្ធគ្រប់គ្រង របស់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិភ្នំក្រវាញ។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានសាទរដល់គម្រោងសាងសង់មន្ទីរពេទ្យបង្អែកស្រុកវាលវែង ដែលមានការឯកភាពពីរាជរដ្ឋាភិបាល និងមានការគាំទ្រពីក្រសួងសុខាភិបាល និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ពិតណាស់ទីតាំងដីដែលមន្ទីរសុខាភិបាលស្នើសុំនេះ គឺស្ថិតនៅក្នុងចំណុចសហគមន៍តំបន់ការពារធនធានធម្មជាតិ ដែលជាហេតុធ្វើឲ្យមានការប្រឈមនៅពេលអនុវត្តគម្រោង។

តែទោះបីជាយ៉ាងនេះក្តី មន្ទីរពេទ្យបង្អែកដែលជាតម្រូវការចាំបាច់ សម្រាប់ប្រជាពលរដ្ឋក្នុងស្រុកវាលវែងទាំងមូល គឺត្រូវតែសាងសង់ឲ្យបានព្រោះគម្រោងនេះបានផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់សង្គមជាតិ និងប្រជាជននៅតំបន់នោះឲ្យកាន់តែមានភាពល្អប្រសើរ។

លោកអភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរជំនាញ ដែលមានក្នុងសមាសភាពគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ត្រូវសហការគ្នា និងពន្លឿនរៀបចំនីតិវិធីផ្លូវច្បាប់ ឈានទៅដំណើរការសាង់សង់គម្រោងមន្ទីរពេទ្យបង្អែកស្រុកវាលវែង (CPA2) ឲ្យសម្រេចបានឆាប់រហ័សផងដែរ៕