(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើកឡើងពីការខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការការពារសុន្តិសុខសាយប័រនៅកម្ពុជា។

ការលើកឡើងរបស់លោក ជា វ៉ាន់ដេត ធ្វើឡើងក្នុងកម្មវិធីបិទសន្និបាតបូកសរុបការងាររយៈពេល៥ឆ្នាំ និងលើកទិសដៅបន្តរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា។

លោកបានថ្លែងថា ក្នុងក្របខណ្ឌគណៈកម្មាធិការសន្តិសុខឌីជីថល អង្គភាព ៥ជាសេនាធិការ ត្រូវបានបង្កើតឡើងគឺអគ្គលេខាធិការដ្ឋាន អង្គភាពប្រឆាំងឧក្រិដ្ឋកម្មសាយប័រ អង្គភាពការពារជាតិក្នុងលំហសាយប័រអង្គភាពការទូតសាយប័រ និងអង្គភាពសន្តិសុខសាយប័រកម្ពុជា។

លោកបានបន្ដថា អង្គភាពសន្តិសុខសាយបរកម្ពុជា ស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបំពេញមុខងារជាសេនាធិការ របស់អគ្គលេខាធិការដ្ឋានលើ កិច្ចការសន្តិសុខសាយប័រ ក្នុងក្របខណ្ឌការងារសន្តិសុខសាយប័រ ក្រសួងបាននិងកំពុងរៀបចំការងារសំខាន់ៗ ដូចខាងក្រោម៖

* សេចក្តីព្រាងច្បាប់ ស្តីពីសន្តិសុខសាយប័រ ស្ថិតនៅទីស្តីការគណៈរដ្ឋមន្ត្រី អស់រយៈពេល៩ខែហើយ
* សេចក្តីព្រាងអនុក្រឹត្យ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអង្គភាពសន្តិសុខសាយប័រកម្ពុជា កំពុងស្នើសុំការពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីនាយករដ្ឋមន្តី
* បញ្ចប់សេចក្តីព្រាងផែនទីបង្ហាញផ្លូវ ស្តីពី សន្តិសុខសាយប័រ ក្នុងគោលដៅការពារប្រព័ន្ធសន្តិសុខ សាយប័ររបស់រាជរដ្ឋាភិបាល និងអង្គភាពហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ។
* បញ្ចប់យុទ្ធសាស្ត្រ និងផែនទីមគ្គុទេសក៍សុវត្ថិភាពសន្តិសុខសាយប័រកម្រិត ក្រសួង២០២៤-២០២៩
* បញ្ចប់និម្មាបនកម្មសន្តិសុខសាយប័រគំរូ និងត្រៀមផ្ដល់ការគាំទ្រផ្នែកបច្ចេកទេស ដល់ក្រសួង
ស្ថាប័នដែលមានបំណងយកទៅប្រើប្រាស់។
* បញ្ចប់សេចក្តីព្រាងគោលការណ៍ណែនាំរួម សម្រាប់សន្តិសុខសាយប័រ នៅតាមអង្គភាពហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ និងសេចក្តីព្រាងគោលការណ៍ណែនាំបន្ថែមតាមវិស័យ។
* រៀបចំបទប្បញ្ញត្តិផ្ទៃ ក្នុងនៃការគ្រប់គ្រងសន្តិសុខសាយប័ររួមបញ្ចូលស្តង់ដា សរុបចំនួន ២៨ស្ដង់ដា និងនីតិវិធីស្ដីពីគោលការណ៍អនុវត្តបទប្បញ្ញត្តិផ្ទៃក្នុង សរុបចំនួន១៩នីតិវិធី។
* ធ្វើទំនើបកម្មមជ្ឈមណ្ឌលគ្រប់គ្រងប្រតិបត្តិការសន្តិសុខ (SOC) ក្រោមកិច្ចសហការជាមួយជប៉ុន
* ដំឡើងឧបករណ៍ការពារសុវត្ថិភាព ដើម្បីការពារវេបសាយចំនួន ១៥៩ របស់ក្រសួង ស្ថាប័ន
ដែលតភ្ជាប់មកក្រសួង ពីការវាយប្រហារ DDoS Attack ចំនួន២៨ដង និងបានទប់ស្កាត់ការ
វាយប្រហារទៅលើវេបសាយសរុបចំនួន ៣៧,៦លានដង ប៉ុន្តែយើងពុំមានទិន្នន័យការវាយ
ប្រហារមកលើកម្ពុជាប៉ុន្មានពាន់លានដងទេ ពីព្រោះពុំមានទិន្នន័យ
* តាមដានការគំរាមកំហែងនានា លើប្រព័ន្ធសន្តិសុខសាយប័រ ស្វែងរកឧប្បត្តិហេតុសន្តិសុខ សាយបរដែលកើតឡើងតាមក្រសួង ស្ថាប័ន និងឆ្លើយតបរបាយការណ៍ឧប្បត្តិហេតុ
* បានបិទខ្ទប់វេបសាយខុសច្បាប់ ប្រមាណ១៨ ០០០ វេបសាយ
* បានផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងដល់សាធារណជននៅលើវេបសាយ សិក្ខាសាលា និងខិតបណ្ណព័ត៌មានឌីជីថលជារៀងរាល់សប្តាហ៍៕