(កណ្ដាល)៖ អភិបាលខេត្តកណ្តាល លោក គួច ចំរើន បានទុកឱសានវាទដល់ប្រជាពលរដ្ឋដែលមានដីឡូតិ៍នៅតំបន់ 7NG ក្នុងប្លុក B2 រងប៉ះពាល់ដោយគម្រោងផ្លូវ៦០ម៉ែត្រ សូមយកឯកសារមកពិនិត្យ និងផ្ទៀងផ្ទាត់ ដើម្បីដោះដូរដីឡូតិ៍ថ្មី នៅទីតាំងផ្ទាល់ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ។
លោក គួច ចំរើន បានបញ្ជាក់ថា មន្ត្រីសូរិយោដី និងមន្ត្រីពាក់ព័ន្ធអង្គុយរង់ចាំក្នុងតង់នៅទីតាំងដែលត្រូវផ្លាស់ប្ដូរថ្មី ដើម្បីឲ្យប្រជាពលរដ្ឋដែលរង់ផលប៉ះពាល់ចំនួន៣៩នាក់ មកពិនិត្យផ្ទៀងផ្ទាត់ឯកសារជាក់ស្ដែង ប៉ុន្ដែបែរជាមិនឃើញអ្នកដែលរងផលប៉ះពាល់ទៅវិញ។
ស្ថិតនៅគ្រាដែលលោកចុះពិនិត្យទីតាំងដោះដូរដីឡូតិ៍ថ្មី សរុបចំនួន២១៥ឡូតិ៍ ស្ថិតនៅតំបន់ 7NG ក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២៥, អភិបាលខេត្តបន្តថា ប្រជាពលរដ្ឋ ដែលបានទិញដីឡូតិ៍ពីក្រុមហ៊ុន 7NG ហើយប៉ះពាល់លើគម្រោងផ្លូវហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវ៦០ម៉ែត្រ) សូមយកឯកសារមកពិនិត្យ និងផ្ទៀងផ្ទាត់ លើដីឡូតិ៍របស់ខ្លួន ដែលរដ្ឋបាលខេត្តបានសម្របសម្រួលជាមួយក្រុមហ៊ុន រៀបចំផ្លាស់ប្តូរជូននូវទីតាំងដីឡូតិ៍ថ្មីទាំង២១៥ឡូតិ៍ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។
លោកអះអាងថា «ឥលូវខ្ញុំខំប្រឹងដោះ ក្ដៅផង ត្រជាក់ផង ដល់បានដីឲ្យអត់មកយកទៀត ឥលូវវាពិបាកខ្ញុំដដែល ហើយបងប្អូនមន្ត្រីចាំឡើងមុខខ្មៅអស់ហើយ ហើយចាំយ៉ាងយូរដល់ថ្ងៃទី១៨ទេ, ឲ្យមន្ត្រីយើងមកអង្គុយចាំរហូតម៉េចកើត ពួកគាត់ត្រូវធ្វើការផ្សេងទៀតដែរ ដូច្នេះសូមអំពាវនាវអ្នកដែលមិនទាន់មកយកដី សូមរូតរះមកឲ្យបានមុនថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ ដើម្បីធ្វើនីតិវិធីយកដីដែលបានបាត់បង់គ្រប់ចំនួន និងទំហ៊ុំវិញ»។
ពលរដ្ឋដែលបានមកទទួយកដីសំណងនេះ បានសម្ដែងនូវការកោតសរសើរចំពោះយុទ្ធសាស្ត្រដ៏ល្អរបស់លោកអភិបាលខេត្ត ដែលបានខិតខំរកដំណោះស្រាយយ៉ាងល្អប្រសើរជូនពួកគាត់ ហើយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ដល់លោកអភិបាលខេត្ត និងសុំដឹងគុណព្រោះរឿងរ៉ាវដីធ្លីនេះ កើតមានបញ្ហាជាយូរមកហើយទើបតែមកដល់ជំនាន់លោក គួច ចំរើន ទេ ទើបរឿងដីធ្លីក្ដៅនេះ ដោះស្រាយជូនបានយ៉ាងត្រចះត្រចង់៕