(ព្រៃវែង)៖ ប្រជាពលរដ្ឋដែលជាកសិករធ្វើស្រែចំការនៅក្នុងស្រុកមេសាង ខេត្តព្រៃវែង បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយ នៅពេលដែលមានការអន្តរាគមន៍ពីថ្នាក់ដឹកនាំខេត្ត ដែលមានលោក សួន សុម៉ាលីន អភិបាលខេត្ត បានបន្តបូមទឹកជួយសង្គ្រោះស្រូវប្រាំងយ៉ាងសស្រាក់ស្រាំ ដើម្បីធ្វើយ៉ាងណាឲ្យស្រូវប្រាំងរបស់ពលរដ្ឋបានប្រមូលផលទាន់ពេលវេលា។

ប្រជាកសិករនៅស្រុកមេសាងបានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ ដែលបានជួយជ្រោមជ្រែងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសការជួយសង្គ្រោះស្រូវប្រាំង ដែលកំពុងតែមានបញ្ហាខ្វះខាតទឹកនាឆ្នាំនេះ។

សូមបញ្ជាក់ថា ចំពោះការបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋ នេះមានចំនួន៣,៣៤៨ហិចតា មានចំនួន៦ឃុំ នៃស្រុកមេសាង ខេត្តព្រៃវែង។ ក្នុងនោះ រដ្ឋបាលស្រុកក៏សុំការអនុគ្រោះ ចំពោះឃុំមួយចំនួនដែលទឹកមិនទាន់ទៅដល់ ព្រោះថាអាជ្ញាធរក៏ដូចជាមន្ត្រីជំនាញកំពុងតែរៀបចំបញ្ជូនទឹកទៅតាមបណ្ដាឃុំកំពុងខ្វះខាតទឹកនោះហើយ។

ចំពោះបញ្ហាខ្វះខាតទឹកដាក់ស្រូវប្រាំងនេះ នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ត្រីជំនាញនៃរដ្ឋបាលខេត្តព្រៃវែង និងខេត្តកំពង់ចាម បានចុះត្រួតពិនិត្យតាមដងព្រែក ប្រឡាយផ្លូវរំដោះទឹក និងត្រួតពិនិត្យវឌ្ឍនភាពនៃការបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ ពីស្ថានីយ៍បូមទឹកទី១ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពវ៉ៃកូ ជំហាន១ ជំហាន២ ស្ថិតនៅក្នុងឃុំមហាលាភ ស្រុកកោះសុទិន ខេត្តកំពង់ចាម ដើម្បីបន្តការស្រោចស្រពដំណាំស្រូវរបស់ប្រជាកសិករ ដែលកំពុងប្រឈមនឹងបញ្ហាខ្វះខាតទឹក នៅស្រុកស៊ីធរកណ្ដាល ស្រុកស្វាយអន្ទរ ស្រុកកញ្ជ្រៀច និងស្រុកមេសាង ខេត្តព្រៃវែង៕