(មីយ៉ាន់ម៉ា)៖ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ថ្ងៃព្រហស្បតិ៍ ៩ កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានព្រះបរមរាជានុញ្ញាតលោក U Bo Htay អភិបាលក្រុង Yangon និងមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលក្រុង ចូលក្រាបបង្គំគាល់ សម្តែងការគួរសម គោរពប្រណិបត្តិ និងថ្វាយទេយ្យទាន នៅសណ្ឋាគារ Novotel ទីក្រុង Yangon នៃសាធារណៈរដ្ឋសហភាពមីយ៉ាន់ម៉ា។

ក្នុងជំនួបនោះ លោកអភិបាលក្រុងបានសម្តែងនូវសេចក្តីសោមនស្សរីករាយ ថ្លែងអំណរព្រះរាជគុណ យ៉ាងជ្រាលជ្រៅជាទីបំផុត ដែលសម្តេចជាអម្ចាស់ បានយាងមកបំពេញព្រះរាជទស្សនកិច្ចក្នុងទីក្រុង Yangon។

លើសពីនេះ លោកបានបន្ថែមទៀតថា ព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចជាអម្ចាស់ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានអត្ថន័យ និងសារៈសំខាន់បំផុត ដែលបង្ហាញពីការយកព្រះទ័យទុកដាក់ក្នុងការលើកស្ទួយ ចំណងមិត្តភាពយ៉ាងស្និតរមួតផ្នែកព្រះពុទ្ធសាសនា រវាងប្រទេសទាំងពីរ។ ជាងនេះទៅទៀត វត្តមានរបស់សម្តេចជាអម្ចាស់ ក៏បានផ្តល់ជាម្លប់ដ៏ត្រជាក់ត្រជុំ និងពរជ័យដែលនាំមករកនូវសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនដល់ប្រជាជនមីយ៉ានម៉ាទូទាំងប្រទេសផងដែរ។

បន្ទាប់ពីនោះ សម្តេចជាអម្ចាស់ បានមានព្រះរាជបន្ទូលថ្លែងអំណរគុណ ចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរបស់លោកអភិបាលក្រុង
និងប្រទានពរ ជូនលោកអភិបាលក្រុង និងសហការីឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច ដើម្បីថែរក្សា ការពារ និងផ្សព្វផ្សាយព្រះពុទ្ធសាសនា អោយកាន់តែរីកចម្រើន សុះសាយ ទូទាំងសាកលលោក៕