(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានអនុញ្ញាតជូនលោក Shaharuddin Onn ឯកអគ្គរដ្ឋទូតនៃប្រទេសម៉ាឡេសុីប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារពីការបន្តកិច្ចសហប្រតិបត្តិកាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ។
លោករដ្ឋមន្ត្រីបានជម្រាបជូនលោកអគ្គរដ្ឋទូត និងសហការីអំពីគុណបំណាច់នៃកត្តាសន្តិភាព ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គទេសឯក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញនៅទូទាំងប្រទេស។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនាចំនួន៥ គឺ៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងមានគន្លឹះអាទិភាពចំនួន៥ទៀត រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល សំដៅសម្រេចឲ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។
លោករដ្ឋមន្ត្រីក៏បានបន្តលើកឡើងអំពីចក្ខុវិស័យ និងទិសដៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយទីជនបទឲ្យមានភាពរីកចម្រើន មានកំណើនប្រាក់ចំណូលក្នុងគ្រួសារ លើកកម្ពស់លក្ខខណ្ឌរស់នៅល្អ និងកាត់បន្ថយគម្លាតរវាងទីក្រុង និងជនបទ តាមរយៈការកំណត់យកចក្ខុវិស័យ៥ឆ្នាំរបស់ខ្លួន គឺកសាងតំបន់ជនបទ ប្រកបដោយវិបុលភាព បរិយាប័ន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ផ្តោតលើគោលដៅចំនួន៥ សម្រាប់តំបន់ជនបទ គឺ (១) ប្រជាជនមានជីវភាពរស់នៅសមរម្យ (២)ប្រជាជនមានសុខភាពមាំមួន (៣)ប្រជាជនរស់ក្នុងភាពថ្លៃថ្នូរ (៤)ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងប្រកបដោយភាពធន់ និង (៥)មានអភិបាលកិច្ចល្អ។
លោករដ្ឋមន្ត្រីក៏បានសម្ដែងការថ្លែងអំណរគុណដល់រដ្ឋាភិបាលម៉ាឡេសុី ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា លើវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធ វិស័យអប់រំ និងការវិនិយោគនានាផងដែរ។
លោករដ្ឋមន្ត្រីក៏បានលើកអំពីទិសដៅយុទ្ធសាស្រ្តមួយទៀតដែលក្រសួងកំពុងយកចិត្តទុកដាក់ និងអនុវត្តនោះគឺការរៀបចំភូមិគំរូ ដោយកម្មវិធីនេះក៏ស្ថិតក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
លោករដ្ឋមន្ត្រីក៏បានស្នើឱ្យមានការរៀបចំនូវទស្សនកិច្ចរបស់មន្ត្រីបច្ចេកទេសរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីរៀនសូត្រដកស្រង់បទពសោធន៍ភូមិគំរូរបស់ប្រទេសម៉ាឡេសុី ដែលបានអនុវត្តជោគជ័យកន្លងមក។
លោក Shaharuddin Onn បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទដែលប្រែក្លាយតំបន់ជនបទឲ្យមានភាពរីកចម្រើនតាមរយៈការកាត់បន្ថយភាពក្រីក្រ។ លោកបានបន្ថែមថា កត្តាដែលធ្វើឱ្យកម្ពុជាមានការរីកចម្រើនដោយឆាប់រហ័សបែបនេះ គឺកត្តាដែលកម្ពុជាមានសុខសន្តិភាពពេញលេញ។
លោកឯកអគ្គរដ្ឋទូតក៏បានទទួលយកសំណូមពររបស់លោករដ្ឋមន្ត្រី និងបានសន្យាបន្តកិច្ចសហប្រតិបត្តិកាឱ្យកាន់តែស្អិតរមួតជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទផងដែរ៕