(បាត់ដំបង)៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ នៃយោធភូមិភាគទី៥ និងជាប្រធានក្រុមការងារបង្ក្រាបបទល្មើសនេសាទ ទិសយោធភូមិភាគទី៥ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារដុតកម្ទេចឧបករណ៍ឆក់ត្រីខុសច្បាប់សរុប ចំនួន១៤២គ្រឿង ដែលប្រជាពលរដ្ឋមានការភ្ញាក់រលឹកស្ម័គ្រចិត្ត ប្រគល់ជូនកម្លាំងបង្រ្កាបបទល្មើសនេសាទ ទិសយោធភូមិភាគទី៥ ស្ថិតនៅឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា ការចុះបង្រ្កាបនេសាទខុសច្បាប់របស់កងទ័ពនាពេលនេះ ដើម្បីការពារធនធានធម្មជាតិ ជីវៈចម្រុះ ដែលជាផលប្រយោជន៍ជាតិ ផលប្រយោជន៍ដល់ប្រជានេសាទ កំពុងរស់នៅអាស្រ័យផល រាល់ថ្ងៃស្របតាមច្បាប់ជលផលសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។

លោកក៏បានថ្លែងអំណរគុណដល់ ប្រជាពលរដ្ឋដែលបានការភ្ញាក់រលឹក ប្រគល់ឧបករណ៍នេសាទខុសច្បាប់ជូនកងកម្លាំង និងអំពាវនាវដល់ប្រជានេសាទទាំងអស់ សូមកុំប្រើប្រាស់ឧបករណ៍នេសាទត្រីខុសច្បាប់ និងឧបករណ៍ខុសច្បាប់ផ្សេងៗទៀត ដែលធ្វើឲ្យប៉ះពាល់ដល់ធនធានធម្មជាតិ ជីវៈចម្រុះគ្រប់ប្រភេទក្នុងបឹងទន្លេសាប។

សូមជម្រាបថា កងកម្លាំងប្រតិបត្តិការ របស់យោធភូមិភាគទី៥ បានចុះបំពេញបេសកកម្មប្រតិបត្តិការ ចាប់តាំងពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់បច្ចុប្បន្ន មានរយៈពេល៦៥ថ្ងៃ មកហើយ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដោយកន្លងមក ការបង្រ្កាបការនេសាទខុសច្បាប់ជលផល មានច្រើនករណី និងបានដុតបំផ្លាញចោលជាបន្តបន្ទាប់៕