(ត្បូងឃ្មុំ)៖ មន្ដ្រីអាវុធហត្ថខេត្តក្រចេះម្នាក់ ប្រដាប់ដោយអាវុធ AK ស្វាយបត់ បានបាញ់ប្រហារទៅលើសមាជិកគ្រួសាររបស់ខ្លួនបណ្ដាលឲ្យស្លាប់ចំនួន២នាក់ និងរងរបួសធ្ងន់ចំនួន៣នាក់ រួចខ្មាន់កាំភ្លើងបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។
ហេតុការណ៍នេះបានកើតឡើងនៅព្រលប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
របាយការណ៍បន្ថែមដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ខ្មាន់កាំភ្លើងឈ្មោះ ហ៊ីង សុវណ្ណារិទ្ធិ អាយុ៤៩ឆ្នាំ ជា
មន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ បានបើករថយន្តម៉ាក ISUZU ពណ៌សស្លាកលេខខេមរៈភូមិន្ទ (2-1364) ចូលដល់មុខផ្ទះជនរងគ្រោះរួចក៏ធ្វើសកម្មភាពដកកាំភ្លើងបាញ់រះទៅលើជនរងគ្រោះ បណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសសរុបចំនួន៦នាក់ព្រមទាំងជនសង្ស័យ។
ជនរងគ្រោះដែលបាត់បង់ជីវិត និងរងរបួសរួមមាន៖
*ទី១៖ ឈ្មោះ ឈឿង ប៊ុនធឿន ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរកសិករ ត្រូវជាឪពុកក្មេក (ស្លាប់កន្លែកើតហេតុ)
*ទី២៖ ឈ្មោះ អោក ចាន់សាទ ភេទស្រី អាយុ៦៥ឆ្នាំ មុខរបរកសិករ ត្រូវជាម្តាយក្មេក (ស្លាប់កន្លែកើតហេតុ)
*ទី៣៖ ឈ្មោះ ប៊ុន រតនា ភេទប្រុស អាយុ៣៨ឆ្នាំ ត្រូវជាបងថ្លៃ (របួសស្រាល)
*ទី៤៖ ឈ្មោះ ប៊ុន លក្ខណា ភេទស្រី អាយុ៣២ឆ្នាំ ត្រូវជាប្រពន្ធ (របួសធ្ងន់)។
*ទី៥៖ ឈ្មោះ សេង ហន ភេទប្រុស អាយុ៥៤ឆ្នាំ ប្រជាការពារ (របួសភ្នែកកម្រិតធ្ងន់) ទាំងអស់គ្នារស់នៅភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកជនដៃដល់ក្រោយពីធ្វើសកម្មភាពរួច បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។
ក្រោយពិនិត្យចប់សព្វគ្រប់ សាកសព (ឪពុកម្ដាយក្មេក) រក្សាទុក្ខនៅផ្ទះធ្វើបុណ្យតាមប្រពៃណី។ សាកសពជនបង្កបញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក សាច់ញាតិមកទទួលបន្តយកទៅធ្វើធ្វើបុណ្យនៅភ្នំពេញ។
ចំណែកជនរងគ្រោះ២នាក់ ដែលរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យខេត្តត្បូងឃ្មុំ រួចបានបញ្ជូនទៅមន្ទីរពេទ្យប្រទេសវៀតណាមបន្តទៀត។ ក្រោយការកើតហេតុ កម្លាំងអាវុធហត្ថមូលដ្ឋានស្រុកពញាក្រែក និងកម្លាំងជំនាញព្រហ្មទណ្ឌអាវុធហត្ថខេត្ត បានចុះទៅដល់កន្លែងកើតហេតុ និងបំពេញសំណុំរឿងតាមនីតិវិធី៕