(ភ្នំពេញ)៖ មន្ត្រីនគរបាលពន្លត់អគ្គិសភ័យម្នាក់ ដែលតែងតែឃើញគ្រប់ពេលចុះទៅពន្លត់អគ្គិភ័យជូនប្រជាពលរដ្ឋ នៅពេលនេះបានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ ដោយសារតែជំងឺជំងឺសួតដែលបណ្តាលមកពីផលប៉ះពាល់នៃសារធាតុអាម៉ូញាក់ពេលចុះទៅប្រតិបត្តិការជួយសង្គ្រោះនិងបាញ់ពន្លត់គ្រោះអគ្គិសភ័យកន្លងមក។
នាពេលនេះមន្ត្រីនគរបាលពន្លត់អគ្គិសភ័យរូបនេះ បាននឹងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូរវៀត ហើយត្រូវបាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ដឹកនាំសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយជាថវិកាឧបត្ថម្ភ ចំនួន ១០លានរៀល ដើម្បីសម្រាលការលំបាក ក៏ដូចជាការចំណាយក្នុងពេលព្យាបាលជំងឺផងដែរ។
លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងថា ដោយមើលឃើញពីការលះបង់ដ៏ធំធេងសម្រាប់ប្រជាពលរដ្ឋ និងសង្គមជាតិរបស់លោកអនុសេនីយ៍ឯក អ៊ុំ សំណាង អាយុ៣៤ឆ្នាំ នាយរងផ្នែក ចំណុះការិយាល័យនគរបាល បង្ការពន្លត់អគ្គិសភ័យ ដែលត្រូវបានធ្លាក់ខ្លួនឈឺ, នៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយសម្ភារៈមួយចំនួន ព្រមទាំងថវិកា១០លានរៀលជូនមន្ត្រីនគរបាលរូបនេះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។មន្ត្រីរូបនេះផងដែរ បានចូលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យតាំងពីខែកញ្ញា ឆ្នាំ២០២៤មកម្លេះ។
ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ បាននាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលផ្តាំផ្ញេីសួរសុខទុក្ខ ក្តីអាណិតអាសូរ និងលេីកទឹកចិត្តដល់ក្មួយ អ៊ុំ សំណាង សូមមានស្មារតីរឹងប៉ឹង ត្រូវសម្រាក និងបរិភោគអាហារបំប៉នសុខភាពឱ្យបានគ្រប់គ្រាន់ ជាពិសេសត្រូវរក្សាសុខភាពផ្លូវចិត្តឱ្យបានល្អ និងស្តាប់តាមវេជ្ជបញ្ជាគ្រូពេទ្យ ដេីម្បីឆាប់បានជាសះស្បេីយឡេីងវិញ។
លោកស្រីបានលើកឡើងបន្ថែមថា «ក្មួយពិតជាមនុស្សល្អមួយរូបហ៊ានលះបង់អាយុជីវិតខិតខំពុះពារជំនះនូវឧបសគ្គឆ្លងកាត់ធូលីផ្សែងកម្តៅភ្លើងដែលមនុស្សគ្រប់គ្នាមិនអាចធ្វើបាន ដើម្បីជួយទប់ស្កាត់និងជួយសង្គ្រោះអាយុជីវិត និងទ្រព្យសម្បត្តិ របស់បងប្អូនប្រជាពលរដ្ឋ ពីគ្រោះមហន្តរាយដែលបណ្តាលមកពីគ្រោះអគ្គិសភ័យដែលបង្កឡើងពីមនុស្ស និងធម្មជាតិ។
ជាមួយគ្នានេះ លោកស្រីក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ជួយសង្គ្រោះ និងព្យាបាលដល់ក្មួយ អ៊ុំ សំណាង ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។
ទន្ទឹមនឹងនោះក្រុមគ្រួសាររបស់លោក អ៊ុំ សំណាង បានសម្តែងនូវអារម្មណ៍រំភេីបក្តុកក្តួល ចំពោះការសណ្តោសប្រណី របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ក្រុមគ្រួសារអ្នកជំងឺខាងលើនេះ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយគ្រាប់តែទទួលបានដំណឹងភ្លាម បានចាត់មន្ត្រីឱ្យចុះមកសួរសុខទុក្ខដោយផ្ទាល់ភ្លាម ជាមួយនិងថវិកាចំនួន ១០លានរៀល ដេីម្បីជួយសម្រាលការព្យាបាលក្នុងពេលដ៏លំបាកមួយនេះ។
ជាចុងក្រោយ ក្រុមគ្រួសារលោកអ៊ុំ សំណាង សូមគោរពបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមបីបាច់ថែរក្សា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន សូមមានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដេីម្បីបន្តជាម្លប់ដ៏កក់ក្តៅដល់កូនចៅ និងប្រជាជនកម្ពុជា ជារៀងដរាបតទៅ៕