(ភ្នំពេញ)៖ នៅសប្តាហ៍ក្រោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសហ្វីលីពីន ដើម្បីពូនជ្រំចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វីលីពិនឱ្យកាន់តែល្អប្រសើរ។
យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា តបតាមការអញ្ជើញរបស់លោក Ferdinand R. Marcos Jr. ប្រធានាធិបតីហ្វីលីពីន, សម្តេចមហាបវរធិបតី នឹងបំពេញទស្សនកិច្ចផ្លូវការនៅហ្វីលីពីនរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់១១ ខែកុម្ភៈ ឆ្នាំ២០២៥។
ប្រភពបានឱ្យដឹងថា អញ្ជើញអមដំណើរសម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរដ្ឋមន្ត្រី និង មន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំវិស័យឯកជន នៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយលោក Ferdinand R. Marcos Jr. ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងអន្តរជាតិ។ បន្ទាប់ពីជំនួបពិភាក្សានេះ ថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធីផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខាមួយចំនួន។
ក្នុងឱកាសនៃទស្សនកិច្ចនេះ សម្តេចធិបតី នឹងជួបពិភាក្សាការងារដាច់ដោយឡែកជាមួយលោក Francis «Chiz» G. Escudero ប្រធានព្រឹទ្ធសភា និងលោក Ferdinand Martin Gomez Romualdez ប្រធានរដ្ឋសភាហ្វីលីពីន។
សម្ដេចនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញផ្តល់កិត្តិយសថ្លែងសុន្ទរកថា បើក ក្នុងវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន ព្រមទាំងជួបជាមួយបណ្តាក្រុមហ៊ុនហ្វីលីពីនផងដែរ។
ក្រសួងកាបរទេសកម្ពុជា បានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់ហ្វីលីពីននាពេលនេះ នឹងផ្តល់សន្ទុះថ្មីក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់រវាងប្រទេសទាំងពីរ៕