(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ ក្រោមការចូលរួមពីលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។
សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ ធនាគារជាតិនៃកម្ពុជា ក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រី-បុគ្គលិក ធនាគារជាតិនៃកម្ពុជា មកពីស្នាក់ការកណ្តាលនិងបណ្តាសាខារាជធានី-ខេត្ត សរុបប្រមាណ ២០០០រូបផងដែរ។
លោកស្រីបណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងថា នៅឆ្នាំ២០២៤ សេដ្ឋកិច្ចពិភពលោកត្រូវបានវាយតម្លៃថា មានភាពធន់ដោយសម្រេចបានអត្រាកំណើនទាបជាងឆ្នាំ២០២៣បន្តិច បើទោះបីជាប្រឈមនឹងឧបសគ្គជាច្រើនក៏ដោយ។ នៅប្រទេសចិន វិបត្តិអចលនទ្រព្យ និងការធ្លាក់ចុះនៃតម្រូវការក្នុងស្រុក ព្រមទាំងបញ្ហាដក់សល់ពីវិបត្តិកូវីដ-១៩ បានធ្វើឱ្យសេដ្ឋកិច្ចបន្តកើនឡើងក្នុងល្បឿនយឺត។
លោកស្រីបណ្ឌិតបានបន្ដថា ទន្ទឹមនេះសហភាពអឺរ៉ុប និងបណ្តាប្រទេសមួយចំនួនបន្តមានកំណើនសេដ្ឋកិច្ចទាប ដោយរងឥទ្ធិពលដោយផ្ទាល់និង/ឬប្រយោលពីសង្គ្រាម អស្ថិរភាពនយោបាយ និងអត្រាការប្រាក់ខ្ពស់។ ដោយឡែក សេដ្ឋកិច្ចសហរដ្ឋអាមេរិកមានកំណើនល្អ ដោយសារប្រជាជនក្នុងស្រុកមានតម្រូវការប្រើប្រាស់ច្រើន និងមានការងារធ្វើច្រើនជាងមុន។
លោកស្រីបណ្ឌិតបានបញ្ជាក់ថា «ជាមួយនឹងការរក្សាបានកំណើនសេដ្ឋកិច្ច ពិភពលោកក៏សម្រេចបានជោគជ័យ ក្នុងការកាត់បន្ថយអត្រាអតិផរណាជាបន្តបន្ទាប់ពី ៨,៦% នៅឆ្នាំ២០២២ មក ៥,៧% នាឆ្នាំ២០២៤ ជាពិសេសនៅក្នុងប្រទេសអភិវឌ្ឍន៍ ដែលអត្រាអតិផរណាបានថយចុះដល់ ២,៦% ដោយសារការរក្សាអត្រាការប្រាក់គោលឱ្យនៅខ្ពស់ គួបផ្សំនឹងការធ្លាក់ថ្លៃប្រេងឥន្ធនៈ និងម្ហូបអាហារ។ការថយចុះនៃអតិផរណាបានផ្តល់លទ្ធភាព ឱ្យធនាគារកណ្តាលធំៗ កាត់បន្ថយអត្រាការប្រាក់គោលសន្សឹមៗ ចាប់ពីឆមាសទី២ ឆ្នាំ២០២៤ មក»។
លោកស្រីបណ្ឌិតបានបញ្ជាក់ថា នៅកម្ពុជាការអនុវត្តដោយប្រសិទ្ធភាពនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ បានជួយជំរុញសេដ្ឋកិច្ចឱ្យបន្តងើបឡើង ក្នុងអត្រា ៦% នាឆ្នាំ២០២៤។ កម្រិតកំណើននេះ គាំទ្រជាចម្បងដោយកំណើនខ្ពស់នៃការនាំចេញ ជាពិសេសផលិតផលកាត់ដេរ និងការបន្តងើបឡើងជាលំដាប់នៃវិស័យទេសចរណ៍ ទោះបីវិស័យសំណង់និងអចលនទ្រព្យ និងកសិកម្មបន្តមានកំណើនទាបក៏ដោយ៕