(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា បានអញ្ជើញក្នុងពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សមាគមសុខភិបាលខ្មែរនៅអាមេរិក (CHPAA) នៅសណ្ឋាគារ SUN & MOON ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៥។

យោងតាមរបាយការណ៍របស់លោកវេជ្ជបណ្ឌិត សុង តាន់ ប្រធានសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA) បានឲ្យដឹងថា គិតត្រឹមថ្ងៃនេះ ក្រុមការងាររបស់លោកបានព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋខ្មែរ បានចំនួន១២រាជធានី-ខេត្ត ស្មើនឹងចំនួន៥ម៉ឺន៥ពាន់នាក់ ព្រមទាំងបានផ្តល់សម្ភារមួយចំនួនទៀតដល់អ្នកជំងឺផងដែរ។

ចំណែកឯបេសកកម្មលើកទី១៣នេះ ត្រូវបានធ្វើឡើងក្នុងទឹកដីខេត្តក្រចេះ ដែលគិតចាប់ពីថ្ងៃទី១០-១៥ ខែកុម្ភៈ ឆ្នាំ២០២៥។ ចំណែកឯឆ្នាំខាងមុខទៀត លោកនឹងបន្តព្យាបាល ដល់ពលរដ្ឋខ្មែរនៅតាមបណ្តាខេត្ត នៃព្រះរាជាណាចក្រកម្ពុជា តាមផែនការសមាគមដែលបានកំណត់។

មានប្រសាសន៍ក្នុងពិធីនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងថា ការព្យាបាលដោយឥតគិតថ្លៃនេះ បានជួយសម្រាលបន្ទុករបស់ប្រជាពលរដ្ឋ និងបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ប៉ិនប្រសបរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានគិតគូរអំពីសុខុមាលភាពប្រជាពលរដ្ឋ។

សកម្មភាពមនុស្សធម៌នេះ ពិតជាមានតម្លៃណាស់ ដែលកើតចេញអំពីទឹកចិត្តដ៏ថ្លៃថ្លារបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិក ដែលបានរួមគ្នាបង្កើតជាក្រុមមួយ ដើម្បីធ្វើការងារមនុស្សធម៌ ហើយអំពើល្អនេះ ត្រូវបានចងចាំ និងកត់ត្រាទុក នៅក្នុងក្រអៅបេះដូងរបស់ប្រជាពលរដ្ឋខ្មែរ៕