(ភ្នំពេញ)៖ សិទ្ធិមនុស្សត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ នោះគឺការផ្តល់សិទ្ធិរស់រានមានជីវិត ជាមួយនិងការស្វះស្វែងរកស្បៀងអាហារ ជូនប្រជាពលរដ្ឋបានហូបចុកគ្រប់គ្រាន់ បើទោះបីកាលណោះ បរទេសគេបានហ៊ុំព័ទ្ធសេដ្ឋកិច្ចយ៉ាងណាក៏ដោយ។

នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន៣៣នាក់ នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានថ្លែងថា គណបក្សប្រឆាំងកន្លងមកតែងលើកយកចំណុច ការរំលោភសិទ្ធិមនុស្ស មកធ្វើជាគោល ក្នុងការវាយប្រហាររាជរដ្ឋាភិបាល។ តែពួកគេបានភ្លេចខ្លួនថា ខ្លួនបានរស់រានមានជីវិតដោយសារ សម្តេចតេជោ ហ៊ុន សែន ដោយសម្តេចបានផ្តល់សិទ្ធិជូនតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ។

លោក ឃួង ស្រេង បានបន្តទៀតថា «សិទ្ធិសេរីភាពរបស់មនុស្សមានដែនកំណត់ និងគ្រប់គ្រងទៅដោយច្បាប់ តែបក្សប្រឆាំង លើកឡើងតែ ពីសិទ្ធិរបស់ខ្លួន ភ្លេចគិតពីសិទ្ធិអ្នកដដៃ ដោយកន្លងមក បានដើរធ្វើបាតុកម្មពេញផ្លូវ បង្កប៉ះពាល់ដ៏សណ្តាប់ធ្នាប់សាធារណៈ និងសិទ្ធិសេរីភាពដល់អ្នកដំណើរថែមទៀត»

សម្តេចតេជោ ហ៊ុន សែន បានប្រកាសរួចហើយ គណបក្សប្រជាជនកម្ពុជា លើកលែងទោសជានិច្ច ចំពោះសមាជិក សមាជិកាគណបក្សប្រឆាំងដែលដឹងកំហុស ហើយចូលមករួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា លើកឡើងតែទណ្ឌិត សម រង្ស៊ី តែម្នាក់គត់។

លោក ឃួង ស្រេង បានបន្តទៀតថា ការប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា និងសំណេះសំណាលជាមួយបងប្អូនអតីតគណបក្សប្រឆាំងនាពេលនេះ គឺដើម្បីចង់ដឹងពីការចង់បានរបស់បងប្អូន ដែលបានសម្រេច ចិត្តផ្តាច់ខ្លួនចេញពីបក្សប្រឆាំង ចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា និងពន្យល់បងប្អូនឱ្យបានយល់ពីគោលនយោបាយដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា។

បន្ថែមពីនេះ លោកប្រធានគណៈកម្មាធិការគណបក្ស រាជធានីភ្នំពេញ បានលើកឡើងពីភាពវេទនារបស់ប្រជាពលរដ្ឋកម្ពុជាក្នុងរបប ប៉ុល ពត និងលើកឡើងពីគុណបំណាច់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានរំដោះប្រទេសចេញពីរបបនោះ។ យើងត្រូវរួមគ្នារក្សាសន្តិភាព ទប់ស្កាត់ឱ្យបានដាច់ខាត ចំពោះរបបប្រល័យពូជសាសន៍៕