(ត្បូងឃ្មុំ)៖ នារសៀលថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូកងរាជអាវុធហត្ថ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក ឈឿង ប៊ុនធឿន និងលោកស្រី អោក ចាន់សាទ ដែលជាជនរងគ្រោះដោយសារករណីបាញ់សម្លាប់បង្កឡើងដោយឈ្មោះ ហ៊ីង សុវណ្ណារិទ្ធិ កាលពីល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មេបញ្ជាការ បានចូលរួបច្ច័យបុណ្យ ១០,០០០,០០០ រៀល, អង្ករ ២០បេ និងទិកបរិសុទ្ធ២០កេស អ្នករបួស ៣នាក់ ក្នុងម្នាក់ៗ ២,០០០,០០០រៀល។
សូមបញ្ជាក់ថា មន្ដ្រីអាវុធហត្ថខេត្តក្រចេះម្នាក់ ប្រដាប់ដោយអាវុធ AK ស្វាយបត់ បានបាញ់ប្រហារទៅលើសមាជិកគ្រួសាររបស់ខ្លួនបណ្ដាលឲ្យស្លាប់ចំនួន២នាក់ និងរងរបួសធ្ងន់ចំនួន៣នាក់ រួចខ្មាន់កាំភ្លើងបាញ់សម្លាប់ខ្លួនឯង តាមក្រោយ។ ហេតុការណ៍នេះបានកើតឡើងនៅព្រលប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
របាយការណ៍បន្ថែមដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ខ្មាន់កាំភ្លើងឈ្មោះ ហ៊ីង សុវណ្ណារិទ្ធិ អាយុ៤៩ឆ្នាំ ជាមន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ បានបើករថយន្តម៉ាក ISUZU ពណ៌សស្លាកលេខខេមរៈភូមិន្ទ (2-1364) ចូលដល់មុខផ្ទះជនរងគ្រោះរួចក៏ធ្វើសកម្មភាពដកកាំភ្លើងបាញ់រះទៅលើជនរងគ្រោះ បណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសសរុបចំនួន៦នាក់ព្រមទាំងជនសង្ស័យ។
ជនរងគ្រោះដែលបាត់បង់ជីវិត និងរងរបួសរួមមាន៖
*ទី១៖ ឈ្មោះ ឈឿង ប៊ុនធឿន ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរកសិករ ត្រូវជាឪពុកក្មេក (ស្លាប់កន្លែកើតហេតុ)
*ទី២៖ ឈ្មោះ អោក ចាន់សាទ ភេទស្រី អាយុ៦៥ឆ្នាំ មុខរបរកសិករ ត្រូវជាម្តាយក្មេក (ស្លាប់កន្លែកើតហេតុ)
*ទី៣៖ ឈ្មោះ ប៊ុន រតនា ភេទប្រុស អាយុ៣៨ឆ្នាំ ត្រូវជាបងថ្លៃ (របួសស្រាល)
*ទី៤៖ ឈ្មោះ ប៊ុន លក្ខណា ភេទស្រី អាយុ៣២ឆ្នាំ ត្រូវជាប្រពន្ធ (របួសធ្ងន់)។
*ទី៥៖ ឈ្មោះ សេង ហន ភេទប្រុស អាយុ៥៤ឆ្នាំ ប្រជាការពារ (របួសភ្នែកកម្រិតធ្ងន់) ទាំងអស់គ្នារស់នៅភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកជនដៃដល់ក្រោយពីធ្វើសកម្មភាពរួច បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។
ក្រោយពិនិត្យចប់សព្វគ្រប់ សាកសព (ឪពុកម្ដាយក្មេក) រក្សាទុក្ខនៅផ្ទះធ្វើបុណ្យតាមប្រពៃណី។ សាកសពជនបង្កបញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក សាច់ញាតិមកទទួលបន្តយកទៅធ្វើធ្វើបុណ្យនៅភ្នំពេញ។
ចំណែកជនរងគ្រោះ២នាក់ ដែលរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យខេត្តត្បូងឃ្មុំ រួចបានបញ្ជូនទៅមន្ទីរពេទ្យប្រទេសវៀតណាមបន្តទៀត។ ក្រោយការកើតហេតុ កម្លាំងអាវុធហត្ថមូលដ្ឋានស្រុកពញាក្រែក និងកម្លាំងជំនាញព្រហ្មទណ្ឌអាវុធហត្ថខេត្ត បានចុះទៅដល់កន្លែងកើតហេតុ និងបំពេញសំណុំរឿងតាមនីតិវិធី៕