(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងឲ្យដឹងថា ធនាគារជាតិនៃកម្ពុជា បានសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ជួយគាំទ្រដល់វិស័យអចលនទ្រព្យ ទេសចរណ៍ និងកសិកម្ម និងការពង្រឹងការយល់ដឹងពី បញ្ហាប្រឈម និងផលប៉ះពាល់នៃកម្ចីអនឡាញខុសច្បាប់ ដែលអាចបង្កគ្រោះថ្នាក់ដល់សង្គម និងសេដ្ឋកិច្ចគ្រួសារ។
ការលើកឡើងរបស់លោកស្រីបណ្ឌិត ជា សិរី ធ្វើឡើងក្នុងឱកាសលោកស្រីបណ្ឌិតបានអញ្ជើញចូលរួមក្នុងកម្មវិធី សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ ធនាគារជាតិនៃកម្ពុជា រៀបចំឡើងនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។
លោកស្រីបណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងថា ថ្មីៗនេះយើងក៏បានសង្កេតឃើញថា មានសកម្មភាពផ្សព្វផ្សាយ និងផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ជាពិសេសសេវាឥណទានតាមរយៈទូរសព្ទ និងបណ្តាញសង្គមនានា ក៏ដូចជាមានការបន្លំខ្លួនជាមន្រ្តីរាជការ ឬគណនីផ្លូវការរបស់ក្រសួង-ស្ថាប័ន។
សកម្មភាពទាំងនេះបានធ្វើឱ្យសាធារណជន មានការភាន់ច្រឡំ និងបានបង្កផលវិបាកជាច្រើនមកលើសង្គម តាមរយៈការយកអត្រាការប្រាក់ខ្ពស់ហួសហេតុ ការអនុវត្តកិច្ចសន្យាមិនសុចរិត កេងចំណេញហួសហេតុពីអ្នកខ្ចីប្រាក់ និងការគំរាមកំហែងបំភិតបំភ័យ ដែលបានបណ្តាលឱ្យប្រជាជនរងគ្រោះ និងធ្លាក់ក្នុងបំណុលវ័ណ្ឌក។
លោកស្រីបណ្ឌិតបានបញ្ជាក់ថា «ក្នុងនោះធនាគារជាតិនៃកម្ពុជា ក៏បានសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការពង្រឹងការតាមដាន និងជួយគាំទ្រដល់វិស័យអចលនទ្រព្យ ទេសចរណ៍ និងកសិកម្ម ក៏ដូចជាការពង្រឹងការយល់ដឹង របស់សាធារណជនលើបញ្ហាហិរញ្ញវត្ថុ ជាពិសេសបញ្ហាប្រឈមទាក់ទងនឹងការផ្សព្វផ្សាយ កាន់តែច្រើនអំពីកម្ចីអនឡាញខុសច្បាប់ របស់ជនឆបោក ដែលអាចបង្កគ្រោះថ្នាក់ដល់សង្គម និងសេដ្ឋកិច្ចគ្រួសារ»៕