(សៀមរាប)៖ លោកឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ បានណែនាំដល់ក្រុមប្រឹក្សាគណៈឱសថការីភូមិភាគសហការជាមួយក្រុមប្រឹក្សាគណៈឱសថការីខេត្តនានាក្នុងភូមិភាគរបស់ខ្លួន ចុះណែនាំពីលិខិតបទដ្ឋានគតិយុត្តផ្សេងៗនៅតាមឱសថស្ថាន-គ្លីនិក ពិសេសត្រូវត្រួតពិនិត្យអាជ្ញាប័ណ្ណ គុណភាពឱសថ និយាមកាមក្នុងដែនកំណត់វិជ្ជាជីវៈ ជៀសវាងអ្នកខ្លះប្រកបវិជ្ជាជីវៈផង និងលាយឡំជាមួយវិជ្ជាជីវៈផ្សេងផង និងខ្លះទៀតលក់ផលិតផលដែលក្រសួងហាមឃាត់។

ការណែនាំយ៉ាងដូច្នេះក្នុងកម្មវិធីប្រជុំស្តីពីវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាគណៈឱសថការីភូមិភាគ២ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដែលរៀបចំដោយក្រុមប្រឹក្សាគណៈឱសថការីភូមិភាគ២ សហការជាមួយក្រុមប្រឹក្សាគណៈឱសថការីជាតិ និងមានការចូលរួមពីលោកស្រីឱសថការី ជា រស្មី ប្រធានក្រុមប្រឹក្សាគណៈឧសថការីភូមិភាគ២ ព្រមទាំងលោក លោកស្រី ជាឧសថការីមកពីបណ្តាខេត្តចូលរួមផងដែរ។

លោកឱសថការីបញ្ជាក់ថា ឧសថការីម្នាក់ត្រូវចូលរួមវគ្គបណ្តុះបណ្តាលក្រមសីលធម៌យ៉ាងហោចក៏បាន១ដងដែរ ប្រសិនបើមិនបានចូលរួមវគ្គបណ្តុះបណ្តាលក្រមសីលធម៌ និងមិនបានចូលរួមការផ្សព្វផ្សាយឯកសារគតិយុត្តផ្សេងៗ នឹងមិនផ្តល់អាជ្ញាប័ណ្ណនោះឡើយ។ លោកឱសថការីក៏បានស្នើដល់ឧសថការីទាំងអស់ត្រូវរៀបចំវគ្គផ្សព្វផ្សាយពីក្រមសីលធម៌ក្នុងមួយឆ្នាំម្តង។

លោកស្រីឱសថការី ជា រស្មី បានលើកឡើងថា នេះឱកាសដ៏កម្រមួយគណៈឱសថការីភូមិភាគ២ បានរៀបចំប្រជុំស្តីអំពីវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាគណៈឱសថការីភូមិភាគ២ អាណត្តិទី៣ ដែលមានបទបង្ហាញពីសកម្មភាព និងសមិទ្ធផលការងារដែលបានអនុវត្តកន្លងមក។

លោកស្រីឱសថការីបន្តថា សមិទ្ធផលទាំងនោះកើតឡើងដោយសារមានការគាំទ្រពីក្រុមប្រឹក្សាគណៈឱសថការីជាតិ និងក្រុមប្រឹក្សាគណៈឱសថការីខេត្តទាំង៦ ដែលលោកតែងតែលះបង់កម្លាំងកាយចិត្ត និងពេលវេលា ដើម្បីសម្រេចគោលបំណងធំមួយ គឺលើកស្ទួយវិស័យឱសថសាស្ត្រ និងវេជ្ជសាស្ត្រឲ្យកាន់តែរីកចម្រើនថែមទៀត។

លោកស្រីឱសថការីបន្តថា កន្លងមកក្រុមប្រឹក្សាគណៈឱសថការីជាតិ និងក្រុមប្រឹក្សាគណៈឱសថការីខេត្តតែងតែយកចិត្តទុកដាក់ និងក្រើនរំលឹកដល់សមាជិក-សមាជិកាទាំងអស់ឲ្យមានឆន្ទៈចុះឈ្មោះចូលក្នុងបញ្ជីគណៈឱសថការី និង​រួបរួមគ្នា ព្រមទាំងចូលរួមក្នុងវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈបន្ត ដើម្បីបន្តអាជ្ញាបណ្ណ និងទទួលបានចំណេះដឹងថ្មីៗឲ្យទាន់សម័យកាល។

លោកស្រីឱសថការីបញ្ជាក់ថា ស្របពេលជាមួយការដឹកនាំជាមួយនឹងការងារដ៏មមាញឹកកាន់តែជួបបញ្ហាប្រឈមនានា ដូច្នេះក្នុងកិច្ចប្រជុំនេះក៏មានកិច្ចប្រជុំអំពីបញ្ហាប្រឈម និងទិសដៅបន្តដែលគូភាគីនឹងរៀបចំធ្វើបន្តទៅទៀត ក្នុងការដឹកនាំសកម្មភាពទាំងអស់ឲ្យជោគជ័យនៅក្នុងអាណត្តិថ្មីនេះ៕