(កែប)៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំជួរថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរ និងអ្នកពាក់ព័ន្ធក្រោមឱវាទចុះសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋប្រកបរបរកសិកម្មនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។
លោកអភិបាលខេត្តបានកោតសសើរអ្នកភូមិអូរក្រសារឧស្សាហ៍ព្យាយាម និងលើកទឹកចិត្តឲ្យបង្កើនការដាំដុះបន្ថែមទៀត ខណៈលោកធានាមានទឹកផ្គតផ្គត់បានគ្រប់គ្រាន់។ បើតាមការពិនិត្យជាក់ស្តែង ប្រជាពលរដ្ឋនៅភូមិអូរក្រសារ និងភូមិដទៃទៀតនៅក្នុងសង្កាត់អូរក្រសារ និងសង្កាត់ព្រៃធំ នៃក្រុងកែប ឧស្សាហ៍ព្យាយាមក្នុងការដាំដំណាំកសិកម្មចម្រុះជាច្រើនមុខ ពោលមិនទុកដីឲ្យនៅទំនេរចោលនោះទេ ក្រៅពីដំណាំវិលជុំទាំងនោះ កសិករយើងនៅមានលទ្ធភាពសាងសង់ផ្ទះសំណាញ់សម្រាប់ដាំបន្លែសរីរាង្គ (Organic) ដែលនេះសបញ្ជាក់ពីកម្រិតជីវភាពរបស់កសិករយើងតាមរយៈការខិតខំប្រឹងប្រែងរបស់ពួកគាត់។
នៅថ្ងៃដដែល លោកអភិបាលខេត្តកែបបានដឹកនាំក្រុមការងារពាក់ព័ន្ធបន្តចុះត្រួតពិនិត្យស្ថានភាពទឹកក្នុងទំបន់អូរក្រសា និងពិនិត្យស្ថានភាពជួសជុលស្តារប្រឡាយទឹកមួយខ្សែ ដើម្បីបំពេញតម្រូវការទឹកជូនពលរដ្ឋ និងបន្តចុះពិនិត្យទីតាំងដាំដំណាំរបស់កសិករបន្ថែមទៀត មានអំពៅ និងសណ្តែកគួរជាដើម។
ក្នុងការជួបសំណះសំណាលជាមួយប្រជាកសិករ នាពេលនោះ លោកអភិបាលខេត្តក៏បានលើកទឹកចិត្តឱ្យប្រជាកសិករបង្កើនការដាំដុះបន្តទៀត ស្របពេលទំនប់ទឹកអូរក្រសាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបន្តផ្គតផ្គង់ទឹក តាមរយៈប្រឡាយបេតុងសម្រាប់ដំណាំវិលជុំទាំងនេះ។
លោកក៏សំណូមពរឱ្យពលរដ្ឋកុំទម្លាប់ដុតកញ្ជ្រាំងស្រូវ ព្រោះការធ្វើដូចនេះមិនបានផ្តល់ផលចំណេញអ្វីនោះទេ ក្រៅពីធ្វើឱ្យខូចគុណភាពដី និងប៉ះពាល់បរិស្ថាន។
លោក នួន ខ្លួត ជាកសិករគម្រូមួយរូបរស់នៅភូមិអូរក្រសារ បានឱ្យដឹងថា សព្វថ្ងៃលោកកំពុងដាំដំណាំចម្រុះប្រមាណ៦មុខ លើផ្ទៃដីជិត៣ហិកតា មានដំឡូង ឪឡឹក បន្លែសរីរាង្គជាដើម តាមរយៈរបរកសិកម្មនេះ លោកអាចសល់ថវិកាចន្លោះពី៨ពាន់ដុល្លាទៅ១ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ។
លោកបញ្ជាក់ថា ក្នុងចំណោមដំណាំទាំង៦មុខនោះ លោកកំពុងប្រមូលផលពោតបណ្តើរៗហើយដែរ ខណៈតម្លៃពោតបច្ចប្បន្នមានតម្លៃទាបបំផុត១,១០០រៀលក្នុងមួយគីឡូក្រាម ហើយលោកចាត់ទុកនេះជាតម្លៃសមរម្យអាចទទួលយកបាន រីឯបញ្ហាទឹកវិញលោកមិនបានដាក់ការព្រួយបារម្ភពេកនោះទេ។
ក្រៅពីនោះលោកក៏បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត មន្ទីរជំនាញពាក់ព័ន្ធ ដែលបានគិតគូរសុខទុក្ខពលរដ្ឋ ពិសេសការបម្រុងទឹកបានគ្រប់គ្រាន់សម្រាប់ឱ្យពួកគាត់ដាំដំណាំបន្ទាប់ពីច្រូតកាត់រួច៕