(ឧត្តរមានជ័យ)៖ បន្ទាប់ពីទទួលព័ត៌មានថាមានអ្នកសារព័ត៌មាន២នាក់បានដឹកគ្រាប់មីនតោនមួយគ្រាប់ ចេញពីតំបន់បន្ទាត់ព្រំដែនកម្ពុជា-ថៃ (តំបន់ស) មកទុកនៅប៉ុស្តិ៍នគរបាលអូរស្មាច់រួចមក នៅថ្ងៃទី៨​ ខែកុម្ភៈ​ ឆ្នាំ២០២៥នេះ កម្លាំងជំនាញអង្គភាពស៉ីម៉ាក់បានទៅទទួលគ្រាប់មីនតោននោះយករក្សានៅកន្លែងមានសុវត្ថិភាពហើយ។

សូមបញ្ជាក់ថា បើតាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ មានអ្នកសារព័ត៌មាន២នាក់ ម្នាក់ឈ្មោះ ទឺ ពិទូ ម្នាក់ទៀតឈ្មោះ ពែក ពុយ បាននាំយកគ្រាប់មីនតោនពីតំបន់ស ដែលអាជ្ញាធរទំនាក់ទំនងព្រំដែនប្រទេសទាំងពីរកម្ពុជា-ថៃចាត់ទុកជាតំបន់ហាមឃាត់ មកទុកនៅលើតុរបស់នគរបាលនៃប៉ុស្តិ៍នគរបាលអូរស្មាច់ ខេត្តឧត្តរមានជ័យ ដែលបង្កការភ្ញាក់ផ្អើលពីសំណាក់សមត្ថកិច្ច និងប្រជាពលរដ្ឋ។

ក្រោយទទួលបានព័ត៌មាននេះហើយ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានចាត់បញ្ជូនកម្លាំងជំនាញអង្គភាពស៉ីម៉ាក់ឱ្យទៅទទួលយកគ្រាប់មីនតោននោះ ដើម្បីរក្សានៅកន្លែងមានសុវត្ថិភាព។ លោកថា គ្រាប់មីនតោននេះជាប្រភេទ M6 ផលិតនៅសហរដ្ឋអាម៉េរិក​។

លោកអគ្គនាយកក៏បានសម្ដែងការអរគុណចំពោះអ្នកសារព័ត៌មាន ដែលបានចូលរួមយ៉ាងសកម្មក្នុងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឱ្យបានយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម។ តែទោះជាយ៉ាងណា លោកក៏បានអំពាវនាវជាថ្មី​ដល់ប្រជាពលរដ្ឋសូមកុំប៉ះពាល់​ ឬបោសសម្អាត​ឬលើកដាក់គ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម​ ព្រោះអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯង​ និងអ្នកដទៃ​ ក៏ដូចជាសន្តិសុខសង្គមជាតិ។

បើតាមលោកអគ្គនាយក ហេង រតនា បច្ចុប្បន្ននេះ កម្ពុជាមានកម្លាំងស្ម័គ្រចិត្តអង្គភាពស៉ីម៉ាក់ជាង១ម៉ឺននាក់នៅទូទាំងប្រទេស​ និងកម្លាំងនគរបាលប៉ុស្តទាំងអស់​ ជាភ្នាក់ងារទទួលនិងផ្តល់ព័ត៌មានមកអង្គភាពស៉ីម៉ាក់ ដើម្បីចាត់បញ្ជូនអ្នកបច្ចេកទេសឆ្លើយតបតាមសំណូមពរ។

ពាក់ព័ន្ធនឹងករណីដែលអ្នកសារព័ត៌មាន២នាក់ខាងលើ ដឹកនាំគ្រាប់មីនតោនមកដាក់លើតុរបស់នគរបាលអូរស្មាច់នោះ ត្រូវបានស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ចាត់ទុកជាបទល្មើសនាំយកគ្រាប់មីនតោនចេញពីទីតាំងតំបន់សរវាងព្រំដែនកម្ពុជា-ថៃ ដោយសារកន្លងមកឈ្មោះ ទឺ ពិទូ ធ្លាប់បានដឹង និងបានចុះទៅថតផ្សព្វផ្សាយអំពីរឿងមីនតោននេះហើយ ខណៈអាជ្ញាធរមានសមត្ថកិច្ចក៏បានពន្យល់បកស្រាយរួចហើយពីបញ្ហាមីន និងបញ្ហាព្រំដែន ប៉ុន្តែពួកគេនៅតែពុំស្ដាប់តាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច និងហ៊ានរហូតដល់ប្រព្រឹត្តបទល្មើសជាក់ស្តែង ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្ត ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់។

គួរបញ្ជាក់ដែរថា យោងតាមមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌកម្ពុជា៖ គ្រប់បុគ្គលដែលនៅក្រៅលំនៅដ្ឋានរបស់ខ្លួន ដែលយកតាមខ្លួន ឬដឹកជញ្ជូននូវអាវុធ គ្រឿងផ្ទុះ ឬគ្រាប់រំសេវគ្រប់ប្រភេទដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី១លានទៅ៦លានរៀល៕