(បាត់ដំបង)៖ លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាទទួលបន្ទុក៣ខេត្ត (ខេត្តបាត់ដំបង, ព្រៃវែង និងបន្ទាយជ័យ) នាព្រឹករសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់សហភាពសហព័ន្ធយុវជនកម្ពុជា។

ពិធីនេះមានការចូលរួមពីលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត លោក សុខ លូ អភិបាលខេត្តបាត់ដំបង លោក ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ព្រមទាំងអនុប្រធាន សមាជិកអចិន្ត្រៃយ៍ស.ស.យ.ក.ខេត្ត ជំនួយការដឹកនាំ ប្រធានកិតិ្តយស ប្រធានក្រុមប្រឹក្សាចុះជួយ ស.ស.យ.ក.ក្រុង/ស្រុក ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត សមាជិក ស.ស.យ.ក.ក្រុង/ស្រុកទាំង១៤ សមាជិក សមាជិកា ស.ស.យ.ក.ឃុំ/សង្កាត់ សមាជិក សមាជិកា ស.ស.យ.ក.ខេត្ត សរុបចំនួន៤៧១នាក់ នៅសាលាខេត្តបាត់ដំបង។

លោក សុ សុខា បានឱ្យដឹងថា តាមរយៈរបាយការណ៍សង្ខេបស្តីពីលទ្ធផលសម្រេចបាន និងលទ្ធផលនៃសន្និបាតរបស់ ស.ស.យ.ក.ខេត្ត ដែលបានអានដោយលោក ស រដ្ឋា និងការចូលរួមរបស់លោក សុខ លូ បានបង្ហាញឱ្យឃើញពីការលះបង់របស់ក្រុមគ្រួសារ ស.ស.យ.ក.ខេត្តគ្រប់លំដាប់ថ្នាក់ ការចូលរួមពីគ្រប់ភាគីដៃគូ រួមមានអាជ្ញាធរដែនដី មន្ទីរវិស័យពាក់ព័ន្ធជុំវិញខេត្ត ជាពិសេសអនុសាសន៍ណែនាំរបស់លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មាធិការកណ្តាល ស.ស.យ.ក. និងការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តប្រចាំ មណ្ឌលខេត្តបាត់ដំបង បានធ្វើឱ្យ ស.ស.យ.ក.ខេត្តសម្រេចបានលទ្ធផលជាច្រើនគួឱ្យកត់សម្គាល់លើការងារ សង្គម សប្បុរសធម៌, ការអប់រំ កសាងកម្លាំង និងកីឡា, ការងារបរិស្ថាន អនាម័យ, វប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត។

ក្នុងនាមលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា លោក ស សុខា បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់លោកប្រធាន និងសូមថ្លែងអំណរគុណដល់ក្រុមគ្រួសារ ស.ស.យ.ក.ខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ ជាពិសេសថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ពេលវេលា ទាំងសម្ភារៈ ថវិកា រួមចំណែកក្នុងការសម្រេចបាននូវបេសកកម្មរបស់ ស.ស.យ.ក.ខេត្ត កន្លងមក និងសំណូមពរបន្តអនុវត្តកិច្ចការងារនេះបន្តទៀតដើម្បីជាតិមាតុភូមិនៃយើងទាំងអស់គ្នា។

លោកប្រធានក្នុងនាមលោកទទួលបន្ទុក៣ខេត្ត ខេត្តបាត់ដំបង ព្រៃវែង និងបន្ទាយមានជ័យ បានផ្តាំផ្ញើនិងដាក់ជាទិសដៅ ដែលជាវិធានគន្លឹះមួយចំនួនដល់ ស.ស.យ.ក.ខេត្តបាត់ដំបងក្នុងការអនុវត្តការងារឆ្នាំ២០២៥ឱ្យបានល្អប្រសើរ ដូចជា
បន្តរៀបចំពង្រឹង ពង្រីករចនាសម្ព័ន្ធ ស.ស.យ.ក និងកសាងសមាជិក និងពង្រីក វិសាលភាព របស់ ស.ស.យ.ក.ខេត្ត ឲ្យកាន់តែទូលំទូលាយទាំងបរិមាណ និងគុណភាព។ បន្តប្រែក្លាយស្នាក់ការ ស.ស.យ.ក.ខេត្ត ឱ្យទៅជាមជ្ឈមណ្ឌលអប់រំ បណ្តុះបណ្តាល និងកីឡាការប្រឹក្សាអាជីព ចែករំលែក និងផ្តល់ព័ត៌មានផ្សេងៗ។ ចូលរួមអប់រំណែនាំអនាម័យសុខភាព ព្រមទាំងអប់រំផ្សព្វផ្សាយវិធានការបង្ការ ការពារទប់ស្កាត់ពីការរីករាលដាលនៃជំងឺឆ្លងនានា រៀបចំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះជួយព្យាបាលប្រជាពលរដ្ឋដល់មូលដ្ឋាន។ លើកកម្ពស់ការចូលរួមអភិវឌ្ឍមូលធនមនុស្ស តាមរយៈការបង្កើតឱ្យមានវគ្គអប់រំ បណ្តុះបណ្តាល និងតម្រង់ទិសយុវជនឱ្យបានចូលរៀនជំនាញវិជ្ជាជីវៈ រយៈពេលខ្លី និងរយៈពេលមធ្យម និងបំណិនសតវត្សរ៍ទី២១ ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ។ បង្កើន និងបំផុសចលនាមហាជន ជាពិសេសក្នុងស្រទាប់យុវជន អោយចូលរួមគ្រប់សកម្មភាពកីឡា។

ក្រៅពីនេះ ត្រូវបង្កើនប្រសិទ្ធភាពការចូលរួមអនុវត្ត និងអប់រំផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋ និងស្រទាប់យុវជនពីគោលនយោយបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព គោរពច្បាប់ចរាចរណ៍ លុបបំបាត់គ្រឿងញៀន គ្រឿងស្រវឹង ល្បែងស៊ីសងខុសច្បាប់ អំពើអបាយមុខផ្សេងៗ។ បណ្តុះស្មារតីរបស់យុវជនចូលរួមយុទ្ធនាការប្រជាពលរដ្ឋល្អ និងលើកកម្ពស់ការយល់ដឹងរបស់យុវជន ស្តីពីការរួមចំណែកក្នុងការធ្វើអំពើល្អ និងជាគំរូដល់យុវជនដទៃ ចូលរួមថែរក្សាការពារ សាសនា ប្រពៃណី វប្បធម៌ ប្រវត្តិសាស្រ្ត៕