(កណ្ដាល)៖ នៅរសៀលថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស ក្រសួង និងមនី្ទរធនធានទឹក និងឧតុនិយម ខេត្តកណ្តាល ព្រមទាំងលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងអាជ្ញាធរមូលដ្ឋានស្រុកខ្សាច់កណ្តាល បាន អញ្ជើញចុះពិនិត្យស្ថានភាពប្រព័ន្ធធារាសាស្ត្រ និង ការងារអន្តរាគមន៍ ទឹកសង្គ្រោះស្រូវប្រាំងប្រជាកសិករ ក្នុងឃុំរកាជន្លឹង និងឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ផ្ទៃដីបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាកសិករប្រមាណ ៤៩៥ហិកតា ក្នុងភូមិចំនួន៥ នៃឃុំរកាជន្លឹង និងប្រមាណ ១៧៤ហិកតា ក្នុងភូមិចំនួន៣ នៃឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានជួបប្រទះបញ្ហាខ្វះទឹកស្រោចស្រព ខណៈដែលប្រភពទឹក ពីប្រព័ន្ធធារាសាស្ត្រព្រែកពោធិ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម បញ្ជូនមកដើម្បីស្រោចស្រពបានប្រមាណ ២៥០ហិកតាប៉ុណ្ណោះ ដោយសារផ្ទៃដីទាំងនេះ ស្ថិតនៅក្រៅតំបន់ស្រោចស្រពរបស់ប្រព័ន្ធធារាសាស្ត្រព្រែកពោធិ។

ជាដំណោះស្រាយលោករដ្ឋមន្ត្រី បានបញ្ជាឱ្យក្រុមការងារ ដើម្បី បើកទឹកពីប្រព័ន្ធព្រែកពោធិរយៈពេល៣ថ្ងៃ បន្ថែមទៀត ដើម្បីអន្តរាគមន៍សង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ ដែលកំពុងខ្វះខាតទឹកស្រោចស្រពប្រមាណ ៦៦៩ហិកតា ក្នុងឃុំទាំងពីរនេះ ព្រមទាំងសំណូមដល់ប្រជាកសិករ ឱ្យរង់ចាំរហូតដល់ទឹកពេញប្រឡាយសិន ចាំនាំគ្នាបូមបញ្ចូលស្រែ។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី និងក្រុមការងារ បានអញ្ជើញចុះពិនិត្យ ស្ថានភាពប្រឡាយនាំទឹកពីព្រែកពោធិ និងបានចុះពិនិត្យស្ថានភាពស្ថានីយបូមទឹកទី៤៤ ហើយក៏បានពិភាក្សាអំពីគម្រោងអភិវឌ្ឍន៍ជំហាន២ ជាបន្តនៅទីតាំងទន្លេតូចផងដែរ។

សូមបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រព្រែកពោធិ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីសរុបប្រមាណ ១៤,៤២០ហិកតា ក្នុងនោះ ផ្ទៃដីរដូវវស្សា ៧,៦២០ហិកតា និងផ្ទៃដីរដូវប្រាំងចំនួន ៦,៨០០ហិកតា លាតសន្ធឹងចាប់ពីស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រហូតដល់ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងផ្នែកខ្លះនៃស្រុកពារាំង ខេត្តព្រៃវែង៕