(ភ្នំពេញ)៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងបរិស្ថានបានកត់សម្គាល់ ឃើញមានការផ្សព្វផ្សាយដោយវេបសាយឧតុនិយមណាមួយនោះ និងការចែករំលែកនូវព័ត៌មានអំពីករណីភ្លើងឆេះ hotspot ដោយយកផែនទីមាត្រដ្ឋានតូច មិនអាចកំណត់បានថាជាកន្លែងណាមួយឱ្យច្បាស់លាស់នោះទេ ហើយព័ត៌មាននិងរូបភាពមិនពិតនេះ បានថតចម្លងតគ្នា ធ្វើឱ្យមានការភាន់ច្រឡំនូវការពិតជាក់ស្ដែង កំពុងកើតមាននៅប្រទេសកម្ពុជា ព្រោះឃើញថាហាក់បីដូចជាកម្ពុជាទាំងមូល ត្រូវបានឆេះក្រហមឆ្អៅ។

ក្រសួងបរិស្ថាន សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ក្រសួងបរិស្ថានមានអគ្គនាយកដា្ឋនតំបន់ការពារធម្មជាតិ ដែលជាអង្គភាពជំនាញបានតាមដានជាប្រចាំ នូវករណីភ្លើងឆេះនេះ ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយស្ថាប័នជំនាញក្នុងតំបន់ ពិសេសមជ្ឈមណ្ឌលជំនាញឧតុនិយមអាស៊ាន និងបានធ្វើការផ្ទៀងផ្ទាត់ជាក់ស្តែង នៅទីវាលផងដែរ។ ជាលទ្ធផល ដូចសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ បានបញ្ជាក់ស្រាប់រួចហើយគឺ ពុំមានកានឆេះព្រៃធ្ងន់ធ្ងរទេ ប៉ុន្តែគ្រាន់តែជាការឆេះស្មៅ សំរាមស្បូវ និងជញ្ជាំងស្រូវតែប៉ុណ្ណោះ។

ឆ្លៀតក្នុងឱកាសនេះ ក្រសួងបរិស្ថានសូមអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវបញ្ឈប់ការដុតស្មៅ សំរាម ជញ្ជាំងស្រូវ។ល។ សូមស្នើដល់អង្គភាពថ្នាក់ក្រោមជាតិទាំងអស់ សូមយកចិត្តទុកដាក់ និងធ្វើការអប់រំ ដល់ប្រជាពលរដ្ឋអំពីករណីនេះ។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប និងចូលរួមប្រុងប្រយ័ត្ននិងទប់ស្កាត់ ករណីភ្លើងឆេះនេះ។ ក្រសួងបរិស្ថាននឹងបន្តតាមដាន និងធ្វើបច្ចុប្បន្នភាពជូនបន្តទៀតក្នុងករណីចាំបាច់៕