(កំពង់ឆ្នាំង)៖ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២៥ និងលើកទិសដៅបន្តរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងគណៈកម្មាធិការគណបក្សខេត្ត និងផ្សព្វផ្សាយខ្លឹមសារលទ្ធផលនៃអង្គសន្និបាតគណៈកម្មាធិការកណ្ដាល លើកទី៤៥ អាណត្តិទី៥។
កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់លោក ស៊ីវ រុន អនុប្រធានគណៈកម្មាធិការគណៈបក្សខេត្ត និងជាប្រធានគណៈប្រចាំការ, លោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សខេត្ត, ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង-ស្រុក ប្រធានអនុប្រធានគណៈកម្មាធិការគណបក្សខេត្ត, សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្ត, សមាជិកគណៈកម្មាធិការគណបក្សខេត្ត, សមាជិកនៃគណៈបក្សមន្ទីរអង្គភាពជុំវិញខេត្ត, យុវជនគណបក្សចំនួន៧៥៧រូប។
លោក ស៊ីវ រុន បានរាយការណ៍ពីគោលការណ៍ណែនាំរបស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសម្រាប់ការងារចំពោះមុខដែលត្រូវអនុវត្ត និងបានពង្រឹងការងារអង្គការចាត់តាំងគណបក្ស រៀបចំរចនាសម្ព័ន្ធរបស់គណបក្សប្រជាជំហានៗនៅក្នុងអង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់ ដែលបាននឹងកំពុងដំណើរការបញ្ចូលឈ្មោះមន្ត្រីគណបក្សនៅក្នុងប្រព័ន្ធរបស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងបានពង្រឹងការងារគ្រប់គ្រងសមាជិកគណបក្សប្រជាជនកម្ពុជាបញ្ចូលទៅក្នុងប្រព័ន្ធរបស់គណៈចាត់តាំងគណៈកម្មាធិការកណ្ដាលនៅតាមគណបក្សក្រុង-ស្រុក និងឃុំ-សង្កាត់ នៅទូទាំងខេត្ត។
លោក ស៊ុន សុវណ្ណារិទ្ធិ ក៏បានផ្សព្វផ្សាយខ្លឹមសារលទ្ធផលនៃអង្គសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទី៥ ដែលបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ អង្គសន្និបាតបានប្រព្រឹត្តទៅតាមរបៀបវារៈដែលបានកំណត់ ក្នុងស្មារតីឯកភាពប្រជាធិបតេយ្យ និងការទទួលខុសត្រូវខ្ពស់។ នៅក្នុងរយៈពេល២ថ្ងៃនេះ អង្គសន្និបាតបានសម្រេចការងារជាច្រើនក្នុងនោះអង្គសន្និបាតគាំទ្រទាំងស្រុងនៅរបាយការណ៍បន្ថែមរបស់សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា អំពីស្ថានការណ៍ទូទៅជាពិសេសការ ងារសេដ្ឋកិច្ចសង្គម។
អង្គសន្និបាតបានកត់សម្គាល់ប្រកបដោយមោទនភាពចំ ពោះសភាពការទូទៅក្នុងឆ្នាំ២០២៤ ដែលធានាដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋនៅក្រោមម្លប់នៃសន្តិភាពនៅក្នុងអំឡុងពេលនេះ ទោះបីជួបការលំបាកខ្លះៗក្តី ក៏រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ ដែលជារាជរដ្ឋាភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា បានបំពេញបេស កកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្ររបស់ខ្លួន ដោយជោគជ័យក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានឆ្លើយតបនឹងក្តីសង្ឃឹមនឹងការជឿជាក់របស់ប្រជាជន។
លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានសំដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា តាមបណ្ដាក្រុង-ស្រុកឃុំ-សង្កាត់ ដែលបានធ្វើការប្ដេជ្ញាចិត្តចូលរួមយ៉ាងសកម្មក្នុងការអនុវត្តតួនាទីភារកិច្ច ទាំងការងាររដ្ឋ និងការងារបក្សដែលធ្វើឱ្យខេត្តកំពង់ឆ្នាំង មានការរីកចម្រើនលើកិច្ចការសំខាន់សំខាន់ជាច្រើន ព្រមទាំងមានការអភិវឌ្ឍដែលធ្វើឱ្យខេត្តកំពង់ឆ្នាំង ទទួលបាននូវសមិទ្ធផលធំៗថ្មីៗបន្ថែមទៀតនៅគ្រប់មូលដ្ឋាន ជាពិសេសការងារអភិវឌ្ឍន៍សេដ្ឋកិច្ចលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការងារសង្គមកិច្ច និងការ ងារកាត់បន្ថយភាពក្រីកក្ររបស់ប្រជាពលរដ្ឋ គឺអាស្រ័យដោយមានការប្រឹងប្រែងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ផងដែរ។
លោកបណ្ឌិតក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរដល់ក្រុមការងារគណៈកម្មាធិការគណគណបក្សខេត្ត ការងាររបស់គណៈកម្មាធិការគណបបក្ស ស្រុក-ក្រុង-ឃុំ-សង្កាត់ ដែលខិតខំប្រឹងប្រែងធ្វើបានកន្លងមក ព្រមទាំងបានកោតសរសើរដល់ក្រុមការងារចម្រុះ មានទាំងថ្នាក់កណ្ដាល និងថ្នាក់ខេត្តគ្រប់ឋានានុក្រម តែងតែចូលរួមគាំទ្រដល់ក្រុមការងារដែលចាត់ទុកថា គឺជាបង្អែកជាច្រើនយ៉ាងទាំងបង្អែកផ្នែកទ្រឹស្ដី បង្អែកផ្នែកយល់ដឹងអំពីបក្ស យល់ដឹងអំពីព័ត៌មាន ហើយកន្លងមកតែងតែបានចុះដោះស្រាយតាមសំណូមពររបស់ប្រជាពលរដ្ឋដូចជាការជួសជុលផ្លូវថ្នល់ កសាងសមិទ្ធផលនានាក្នុងមូលដ្ឋានតាមការសំណូមពររបស់ប្រជាពលរដ្ឋដោយមានការសហការជាមួយថ្នាក់ដឹកនាំមូលដ្ឋានបានយ៉ាងល្អប្រសើរផងដែរ៕