(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាប្រធានក្រុមចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល បានរម្លឹកថា គណបក្សប្រជាជនកម្ពុជាតែងតែយកចិត្តទុកដាក់លើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់ភាពគង់វង្សអាចជូនស្រ្តី និងកុមារីជានិច្ច នៅក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានចាត់ទុកស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច ជួយស្រ្តីគឺជួយខ្លួនឯង។ ចំណែកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត វិញបានលើកឡើងថា ពិភពលោកកាន់តែស្រស់បំព្រងបើមានការចូលរួមរបស់ស្រ្តីក្នុងតួនាទីជាអ្នកសម្រេចចិត្តកាន់តែច្រើននោះ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងដូច្នេះ កាលព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាក្នុងពិធីប្រកាសសេចក្តីសម្រេចបែងចែកសមាសភាពក្រុមការងារចលនាស្រ្តីស្រុកពញាឮ ខេត្តកណ្តាល នៅទីស្នាក់ការគណបក្សស្រុកពញាឮ ដែលមានសមាជិកចូលរួមជិត ៣០០នាក់។

នៅក្នុងឱកាសដ៏មហោឡារិកនោះ ចលនាស្រ្តីគណបក្សប្រជាជនកម្ពុជាស្រុកពញាឭ ក៏ដូចជានៅទូទំាងខេត្តកណ្តាល បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការលើគម្រោងស្មោកគ្រោក ដែលជាសកម្មភាពភេរវកម្មរបស់ក្រុមជ្រុលនិយមក្នុងការប្រើប្រាស់ដ្រូនប៉ុនប៉ងធ្វើឃាតសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ។ សកម្មភាពដ៏ថោកទាប ខ្មៅកខ្វក់ គ្មានសាសនានេះ ជាការប្រមាថដ៏ធ្ងន់ធ្ងរលើអាយុជីវិតឥស្សរជនថ្នាក់ដឹកនាំកំពូលរបស់ជាតិមិនអាចអត់ឱនបានឡើយ។ សកម្មភាពឆ្កួតលីលានេះ នឹងឈានដល់ការបំផ្លាញសុខសន្តិភាព ស្ថិរភាពនិងការភិវឌ្ឍរបស់ប្រទេសជាតិ ជាពិសេសនឹងទាញសង្គមជាតិឱ្យធ្លាក់ចូលក្នុងភ្លើងសង្រ្គាមសាជាថ្មី។

បន្ទាប់ពីបានស្តាប់របាយការណ៍ស្វាគមន៍ ក៏ដូចជាការអានសេចក្តីសម្រេចស្តីពីការបែងចែកសមាសភាពក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល ទទួលបន្ទុកស្រុកពញឮ និងការបេ្តជ្ញាចិត្ត របស់ប្រធានក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាឮ រួចមក សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានអញ្ជើញសំណេះសំណាលទៅកាន់អង្គពិធី ដោយបានលើកពីទិសដៅការងារដែលត្រូវអនុវត្តបន្ត ព្រមទាំងបានផ្តល់អនុសាសន៍ល្អៗមួយចំនួនជូនក្រុមការងារដើម្បីយកទៅអនុវត្តឱ្យកាន់តែទទួលបានលទ្ធផលល្អ ស្របតាមគោលនយោបាយនិងផែនការរបស់គណបក្ស។

នៅក្នុងឱកាសនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានពាំនាំការផ្តាំផ្ញើសាសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនសមាជិកអង្គពិធីទាំងមូលផងដែរ។ សម្តេចរដ្ឋសភាធិបតី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលក្រុមការងារស្រ្តី ក៏ដូចជាគណបក្សប្រជាជនកម្ពុជាស្រុកពញាឮទាំងមូល សម្រេចបាននាពេលកន្លងមក។

សម្តេចរដ្ឋសភាធិបតី ក៏បានលើកឡើងពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលធំៗ ថ្មីៗ ដែលរាជរដ្ឋាភិបាលសម្រេចបាន។

សម្តេចប្រធានរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល បានគូសបញ្ជាក់ថា របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយឧត្តមគតិ ស្វាហាប់ ឈ្លាសវៃ ម៉ត់ចត់ ប៉ិនប្រសប់ និងការប្តេជ្ញាចិត្តយ៉ាងមុតស្រួចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បន្តជ្រោងទង់ បង្កើតសមិទ្ធផលថ្មីៗ ជូនសង្គមជាតិ ដូចជាការការធានាបានយ៉ាងប្រសើរនូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។ ធានាបាននូវបរិស្ថានម៉ាក្រូសេដ្ឋកិច្ច ប្រកបដោយស្ថិរភាព និងភាពអនុគ្រោះសម្រាប់សម្មភាពអាជីវកម្ម និងការរស់នៅរបស់ប្រជាជន។ បានទាក់ទាញការវិនិយោគ និងការជំរុញលើកកម្ពស់សកម្មភាពធុរកិច្ចក្នុងប្រទេស ការបន្តផ្តោតការយកចិត្តទុកដាក់ ជាពិសេសលើការអភិវឌ្ឍធនធានមនុស្សដែលជាអាទិភាពទី១ នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។ ការបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរួមបញ្ចូលនូវផ្លូវ ទឹក ភ្លើងនិងប្រព័ន្ធឌីជីថល។ ការកែទម្រង់អភិបាលកិច្ច និងស្ថាប័នសំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃសេវាសាធារណៈ ជាដើម។

សម្តេចរដ្ឋសភាធិបត ឃួន សុដារី បានគូសបញ្ជាក់ថា ជាង៤០ឆ្នាំមកនេះ សម្តេចតេជោ ហ៊ុន សែន បានលះបង់សាច់ស្រស់ឈាមស្រស់ដោយមិនខ្លាចការនឿយហត់ ជម្នះរាល់ឧបសគ្គ យកអាយុជីវិតទៅប្តូរដើម្បីសុខសន្តិភាព និងការអភិវឌ្ឍជូនប្រជាពលរដ្ឋ។ ដូចគ្នានេះក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាមគ្គទេសក៍បន្តវេនកំពុងបន្តជ្រោងទង់រក្សាសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍបង្កើតសមិទ្ធផលថ្មីៗជាច្រើនជូនប្រទេសជាតិជាបន្តទៀត ក្នុងការនាំកម្ពុជាឆ្ពោះទៅកាន់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សូមជម្រាបថាក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាឮ ជាជំនួយការឱ្យក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ដែលមានតួនាទីជាជំនួយការឱ្យគណៈកម្មាធិការគណបក្សស្រុក និងក្រុមការងារចលនាស្រ្តីគណបក្សខេត្តក្នុងការសម្របសម្រួល និងជំរុញអនុវត្ត ភារកិច្ចរបស់ក្រុមការងារចលនាស្រ្តី បណ្តាញស្រ្តីគ្រប់ថ្នាក់ ដើម្បីធានានូវសុខដុមនីយកម្មការងារចលនាស្រ្តីក្រោមការដឹកនាំរបស់គណបក្ស។

បន្ទាប់ពីបានលើកឡើងពីការងារសំខាន់ៗដែលក្រុមការងារចលនាស្រ្តីគណបក្សស្រុកត្រូវអនុវត្តហើយ សម្តេចរដ្ឋសភាធិបតី បានផ្តល់អនុសាសន៍ចំនួន៦ចំណុចដល់ក្រុមការងារមានដូចជា៖

ទី១៖ បន្តសហការជាមួយគណបក្ស និងក្រុមការងារគណបក្សមូលដ្ឋានស្រុកពញាឮ ក្នុងការអនុវត្តសកម្មភាពជួយសហគមន៍ លើកកម្ពស់សិទ្ធិស្រ្តី សុខុមាលភាពស្រ្តី និងសុខភាពមាតា និងទារក

ទី២៖ កសាងផែនការសកម្មភាពផ្អែកតាមសេចក្តីសម្រេចចិត្ត គោលការណ៍ណែនាំទិសដៅការងារគណបក្ស និងក្រុមការងារគណបក្ស ស្របតាមផែនការទិសដៅការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងក្រុមការងារចលនាស្រ្តីគណបក្សខេត្ត
ទី៣៖ បន្តផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្ស និងច្បាប់របស់រដ្ឋ ដែលពាក់ព័ន្ធសិទ្ធិ និងផលប្រយោជន៍ពលរដ្ឋ ផលប្រយោជន៍ស្រ្តី កុមារ ចាស់ជរា ជនងាយរងគ្រោះជាដើម

ទី៤៖ រៀបចំបែងចែកភារកិច្ច ក្នុងក្រុមការងារចលនាស្រ្តីនៃក្រុមការការងារគណបក្ស ចុះមូលដ្ឋានស្រុកឱ្យទទួលបន្ទុកតាមឃុំ ភូមិច្បាស់លាស់។ សហការចូលរួមជំរុញការ

អនុវត្ត គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព
ទី៥៖ ខិតខំពង្រឹងពង្រឹងពង្រីកសមាជិកគណបក្សឱ្យបានច្រើន និងប្រកបដោយគុណភាព ពោលគឺសមាជិកគណបក្សមួយរូប សន្លឹកឆ្នោតមួយសន្លឹក និងជាពិសេសត្រូវ

ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ។ បន្តខិតខំពង្រឹងពង្រឹងពង្រីកសមាជិកគណបក្សឱ្យបានច្រើន និងប្រកបដោយគុណភាព ពោលគឺសមាជិកគណបក្សមួយរូប សន្លឹកឆ្នោតមួយសន្លឹក

និងទី៦៖ ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ អនុវត្តរបបប្រជុំ និងរាយការណ៍ឱ្យបានទៀងទាត់។ ជាមួយគ្នានេះ សកម្មជនក្រុមការងារទាំងអស់ត្រូវហ៊ានវាយបក និងធ្វើបដិឃោសនា ដើម្បីទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរាល់ការញុះញង់ បំភៃ្លសភាពការណ៍របស់ពួកអគតិ ជ្រុលនិយមទាំងនៅក្នុង និងក្រៅប្រទេស ដែលជានិច្ចកាលតែងតែខិតខំរិះរកបង្កើតនូវព្រឹត្តិការណ៍ និងពង្រីកព្រឹត្តិការណ៍ឱ្យមានភាពច្របូកច្របល់ ប៉ះពាល់ដល់ស្ថិរភាព និងការអភិវឌ្ឍរបស់សង្គមជាតិ៕