(ភ្នំពេញ)៖ លោក ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍ និងជាប្រធានផ្នែកក្រសួង ស្ថាប័ននៃយុវជនគណបក្សថ្នាក់កណ្តាល នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ ផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្តាល នៅវិមាន៧មករា។

នាឱកាសនោះដែរ លោក ឃុត ចាន់ដារ៉ា ជាការពិតណាស់យើងមានកិច្ចការជាច្រើន ហើយយើងក៏បានសម្រេចលទ្ធផលជាបន្តបន្ទាប់ មានជាអាទិ៍៖ ការពង្រឹង និងពង្រីករចនាសម្ព័ន្ធចាត់តាំង, ការងារបណ្តាញផ្សព្វផ្សាយសង្គម, ការងារអប់រំនយោបាយ និងបណ្តុះបណ្តាល, ការចូលរួមប្រជុំ, និងការសម្របសម្រួល សហការជាមួយក្រុមការងារយុវជនគណបក្សក្រសួង ស្ថាប័ន ទាំង៤២ជាដើម។

លោកបានបន្តថា ទន្ទឹមនឹងនេះ ផ្នែកក្រសួង-ស្ថាប័ននៃយុវជនគណបក្សថ្នាក់កណ្តាល ក៏នៅមានបញ្ហាប្រឈម និងសំណូមពរមួយចំនួនទៀត ដែលទាមទារឱ្យយើងទាំងអស់គ្នាចូលរួម និងបន្តគាំទ្របន្ថែមទៀត។ តាមរយៈទិសដៅការងារបន្តឆ្នាំ២០២៥ ដែលក្រុមនីមួយៗបានដាក់ចេញ ពិតជាចាំបាច់ ឆ្លើយតបនឹងតួនាទី ភារកិច្ច ដែលយុវជនគណបក្សថ្នាក់កណ្តាល បានប្រគល់ជូនផ្នែកក្រសួង-ស្ថាប័ន ក្នុងនាមជាសេនាធិការដែលដើរតួនាទីកៀរគរយុវជនឱ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ហើយទិសដៅទាំងនោះនឹងក្លាយជាទិសដៅការងារប្រចាំឆ្នាំ២០២៥ របស់ផ្នែកក្រសួង-ស្ថាប័នផ្ទាល់ ក្រោយពីបានបំពេញបន្ថែមទៅក្នុងផែនការសកម្មភាព ដែលក្រុមទី៣ បានធ្វើបទបង្ហាញ នាពេលរសៀល មុននេះ។

លោក ឃុត ចាន់ដារ៉ា សូមកោតសរសើរ និងអរគុណជាថ្មីម្តងទៀត ចំពោះលោក លោកស្រី ជាថ្នាក់ដឹកនាំ និងសហការីទាំងអស់នៃក្រុមចំណុះទាំងអស់ ដែលបានដឹកនាំ សហការ និងរៀបចំកិច្ចប្រជុំនេះប្រព្រឹត្តិទៅដោយរលូនជាលទ្ធផលជោគជ័យគួរជាទីមោទនៈ។ ជាមួយគ្នានេះសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រធាន និងតំណាងក្រុមដែលបានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយ ព្រមទាំងសូមវាយតម្លៃខ្ពស់ចំពោះវត្តមានលោក លោកស្រី ជំនួយការផ្នែកក្រសួង-ស្ថាប័ន ដែលបានចំណាយពេលមួយថ្ងៃពេញ ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ដើម្បីទទួលបាននូវចំណេះដឹងបន្ថែមអំពីការងារគណបក្សយុវជនគណបក្ស និងផ្នែកផ្ទាល់ ដែលនឹងរួមចំណែកដល់ការពង្រឹងស្មារតី ជំហរ រក្សាសាមគ្គីភាពផ្ទៃក្នុង ជាការផ្លាស់ប្តូរបទពិសោធន៍ និងបង្កើនភាពជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់យុវជនគណបក្សថ្នាក់កណ្តាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីជាក្លាយជាមូលធនមនុស្សបង្ហាញភាពជាអ្នកដឹកនាំ និងភាពជាគំរូល្អរបស់មន្ត្រីគណបក្សដល់យុវជនជំនាន់ក្រោយ និងសាធារណៈជន៕