(កំពង់ធំ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោក នួន ផារ័ត្ន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ, ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងអន្តរាគមន៍ចេញប្រតិបត្តិការបង្ក្រាបបទល្មើសកាប់នឹងដឹកជញ្ជូនឈើខុសច្បាប់នៅតំបន់៣៥ ព្រៃអង់តែន ស្ថិតក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅវេលាម៉ោង១:៣៥ នាទីរំលងអាធ្រាតយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ដោយទទួលបានព័ត៌មានពីកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលប្រចាំការការពារ ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិនៅទីស្នាក់ការរបស់រដ្ឋាលព្រៃឈើតំបន់៤៤ បានរាយការណ៍ថានៅវេលាម៉ោង ១៖៣០នាទី ក្រុមជនល្មើសមានគ្នាប្រហែលពី៦ ទៅ៨នាក់ បានរៀបចំដឹកជញ្ជូនឈើ ដែលបានលួចកាប់រួចថ្មីៗ នៅពេលយប់ចំនួន៣គោយន្តកន្ត្រៃយ៍នៅតំបន់៣៥ ដែលជាតំបន់ព្រៃឈើរក្សាទុករបស់រដ្ឋ ហៅព្រៃអង់តែន នៅឃុំបឹងល្វា ស្រុកសន្ទុក។ ពេលទទួលបានព័ត៌មាននេះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាឱ្យកងកម្លាំងដែលប្រចាំការនៅទីនោះសហការគ្នាដើម្បីគ្រប់គ្រងកុំឱ្យការដឹកជញ្ជូននូវបទល្មើសព្រៃឈើនេះចេញបានជាដាច់ខាត។
នៅក្នុងឱកាសនេះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំកងកម្លាំងអន្តរាគមន៍ដោយផ្ទាល់ចេញពីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទៅកាន់គោលដៅដើម្បីបង្ក្រាបបទល្មើសនៃការកាប់ និងដឹកជញ្ជូនឈើខុសច្បាប់នេះ។
ឧត្តមសេនីយ៍ទោបន្តថា ក្នុងពេលដែលកម្លាំងប្រតិបត្តិការមានគ្នាតិចក្រុមជនល្មើសដែលដឹកជញ្ជូនឈើតាមគោយន្តកន្ត្រៃយ៍ បានកាប់ទម្លាក់ឈើចុះរួចបើកគោយន្តកន្ត្រៃយ៍គេចខ្លួនចូលព្រៃបាត់នៅមុនពេលដែលកងកម្លាំងអន្តរាគមន៍បានទៅដល់។ ក្រោយពេលធ្វើដំណើរអស់រយៈពេលជាងមួយម៉ោងកង
កម្លាំងអន្តរាគមន៍បានទៅដល់លទ្ធផលក្នុងពេលប្រតិបត្តិការ គឺរឹបអូសបានតែអនុផលព្រៃឈើ ដែលជនល្មើសបានកាប់ និងដឹកជញ្ជូនបានឈើមូលចំនួនជាង៥ម៉ែត្រគូប ហើយត្រូវបានកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បីរក្សាទុក។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចជូនដល់កងកម្លាំងចម្រុះ ដែលប្រចាំការការពារទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិ បន្តធ្វើការស្រាវជ្រាវវែកមុខរកជនល្មើស ដែលលួចកាប់ និងដឹកព្រៃឈើខុសច្បាប់ ដើម្បីមានវិធានការ តាមផ្លូវច្បាប់ជាធរមានដោយគ្មានការលើកលែងឡើយ ហើយត្រូវបន្តស្រាវជ្រាវ និងបង្ក្រាបបទល្មើសព្រៃឈើនេះ មិនឱ្យមានការកើតមានឡើងជាថ្មីទៀតបានឡើយ៕