(ពោធិ៍សាត់)៖ លោក ខូយ រីដា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ បានជំរុញដល់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកតាលោសែនជ័យទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ និងអភិវឌ្ឍន៍សមត្ថភាព ប្រកបដោយសីលធម៌ និងគុណធម៌ជាប់ខ្លួនជានិច្ច។
លោក ខូយ រីដា បានណែនាំបែបនេះបានធ្វើឡើងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជនស្រុកតាលោសែនជ័យ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២។
ថ្លែងក្នុងឱកាសនោះ លោក ខូយ រីដា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក កែវ រតនៈ អនុប្រធានយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ជូនចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកតាលោសែនជ័យទាំងអស់។
លោកបានកោតសរសើរ និងវាយតម្លៃចំពោះ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកតាលោសែនជ័យទាំងអស់ ដែលពោរពេញដោយសមត្ថភាពជំនាញ មានចំណេះដឹង បទពិសោធន៍ការងារល្អក្នុងសង្គម និងបានស្ម័គ្រចិត្តមកជួយការងារយុវជនគណបក្ស ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ក្នុងការលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី សម្ភារៈ និងថវិកា សំដៅលើកកម្ពស់ស្មារតីភ្ញាក់រលឹក និងមានជំនឿជឿជាក់កាន់តែច្រើនឡើង លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព។
លោក ខូយ រីដា បានអំពាវនាវដល់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកតាលោសែនជ័យទាំងអស់ ត្រូវបំពេញការងារជាមួយគ្នា ក្នុងលក្ខណៈជាបងប្អូន ស្មាគៀកស្មា និងសូមចងចាំជានិច្ច នូវបណ្តាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្ដាល គឺការគោរពវិន័យ ការបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឈរលើគោលការណ៍សាមគ្គី ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ជាពិសេសត្រូវខិតខំរៀនសូត្រ និងអភិវឌ្ឍន៍សមត្ថភាព ប្រកបដោយសីលធម៌ និងគុណធម៌ជាប់ខ្លួនជានិច្ច។
លោកបានជំរុញបន្ថែមដល់អាជ្ញាធរស្រុកឃុំ ត្រូវយកចិត្តទុកដាក់បំផុសចលនាសម្អាតអនាម័យបរិស្ថានតាមទីសាធារណៈ និងតាមលំនៅឋានប្រជាពលរដ្ឋ ដូចទិសស្លោក «មានសំរាម អត់មេឃុំ, មានមេឃុំ អត់សំរាម, មានសំរាម អត់ចៅហ្វាយស្រុក, មានចៅហ្វាយស្រុក អត់សំរាម»។
ជាមួយយុវជនគណបក្សទាំងអស់ ដែលសុទ្ធសឹងជាកម្លាំងស្នូលដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជា ត្រូវអនុវត្តគោលការណ៍សំខាន់ៗ របស់គណបក្សដែលបានដាក់ចេញ ដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដូចជាសិល្បៈនៃការចែករំលែក យុទ្ធសាស្រ្តឈ្នះឈ្នះ គោលការណ៍សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ជាពិសេសត្រូវផ្សព្វផ្សាយសមិទ្ធផលធំៗ ជាប្រវត្តិសាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា និងត្រូវធ្វើការវាយបក ក៏ដូចជាឆ្លើយតបឱ្យបានទាន់ពេលវេលា ចំពោះឧបាយកលក្រុមជ្រុលនិយមមួយក្តាប់តូច៕