(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានចាត់ទុកវិស័យកីឡា ជាវិស័យមួយកំពុងពេញនិយម ដែលរួមចំណែកទាក់ទាញទេសចរណ៍ ជួយជំរុញកំណើនសេដ្ឋកិច្ច និងជីវភាពជូនប្រជាជនក្នុងខេត្ត ព្រមទាំងផ្តល់ទស្សនីយភាពពេលប្រកួតម្តងៗ ដើម្បីទស្សនាកម្សាន្ត និងទាក់ទាញការចូលរួមលេងកីឡាដើម្បីសុខភាព មិត្តភាពសាមគ្គីភាព រួមចំណែកបញ្ចៀសបាននូវអំពើអវិជ្ជមានផ្សេងៗ ក្នុងសង្គម។
ការលើកឡើងបែបនេះរបស់លោក សួន សុម៉ាលីន បានធ្វើឡើងនៅក្នុងឱកាសដែលោកបានអញ្ជើញចូលរួមក្នុងកម្មវិធីប្រកួតកីឡាបាល់ទាត់ សប្បុរសធម៌ រវាងក្រុមបាល់ទាត់សាលាខេត្តព្រៃវែង និងក្រុមបាល់ទាត់ស្ដារខម ព្រមទាំងចែកសម្ភារសិក្សាដល់សិស្សានុសិស្ស ក្នុងសាលាបឋមសិក្សាព្រៃកំពែង ខេត្តព្រៃវែងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅកីឡដ្ឋានខេត្តព្រៃវែង។
លោកអភិបាលខេត្តបានបន្តថា ក្នុងនាមរដ្ឋបាលខេត្តព្រៃវែងសូមសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់លោក លោកស្រី លោកនាយក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនកីឡាករ និងប្រជាពលរដ្ឋទាំងអស់ និងសូមពាំនាំយកនូវការផ្តាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់លោកអតិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ជូនចំពោះ អង្គពិធី ទាំងមូល និងសូមទទួលបាននូវជោគជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ។
លោកបានគូសបញ្ជាក់ថា ស្ថិតក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយភាពប៉ិន ប្រសព្វ ស្វាហាប់ ឈ្លាសវៃបំផុត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសកម្ពុជាបាន និងកំពុងបោះជំហ៊ានទៅមុខឥតឈប់ឈរ ជាសក្ខីភាពមួយទៀតថ្មីៗនេះកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ប្រកបដោយជោគជ័យបំផុត។
ជាមួយគ្នានេះ សម្រាប់ខេត្តព្រៃវែង ក្រោមការជួយឧបត្ថម្ភគាំទ្រ និងការចង្អុលណែនាំផ្ទាល់ពី លោកអភិសន្តិបណ្ឌិត ស សុខា រដ្ឋបាលខេត្ត មានលទ្ធភាពបានរៀបចំពិធីព្រឹត្តិការណ៍ធំៗជាច្រើន ដូចជា ព្រឹត្តិការណ៍ប្រកួតកីឡាមហាជន សង្ក្រាន្តព្រៃវែង និងពិធីប្រណាំងទូក ង ដោយមានប្រជាពលរដ្ឋចូលរួមលេងកំសាន្តយ៉ាងច្រើនកុះករ។ កត្តាទាំងនេះបានស្តែងឱ្យឃើញពី ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីនាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាពលរដ្ឋទាំងមូល ទើបយើងមានឱកាសអាចរៀបចំពិធីកំសាន្តសប្បាយដ៏អធិកអធមនេះឡើង។
លោកបានបន្តថា ពាក្យស្លោក «កីឡារស់នៅក្នុងសន្តិភាព« ដែលកំពុងពេញនិយមនៅក្នុងសង្គមជាតិយើងសព្វថ្ងៃនេះក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិតនិងឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបាននូវសុខសន្តិភាព និងស្ថិរភាព នយោបាយពេញបរិបូរណ៍ ឈរលើមូលដ្ឋានដ៏រឹងមាំនេះហើយ យើងបានអភិវឌ្ឍន៍ប្រទេសបានរីកចម្រើនឥតឈប់ឈរ លើគ្រប់វិស័យ ជីវភាព និងការរស់នៅ របស់ពលរដ្ឋ កាន់តែរីកចម្រើន និងស៊ីវីល័យ ទំនើប ឈានឡើងជាលំដាប់ ជាមួយនេះវិស័យកីឡាគឺជាចំណែកមួយនៃជីវិតទំនើបរបស់មនុស្សជឿនលឿន ប្រជាជនយ៉ាងច្រើនលើសលប់ បាន ចូលរួមហាត់ប្រាណនិងលេងកីឡា ដើម្បីសុខភាព និងមិត្តភាព និងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ដែលបានរៀបចំនានា។
ជាមួយគ្នានេះ ដើម្បីរួមចំណែកដល់ការពង្រឹងវិស័យអប់រំ នៅក្នុងមូលដ្ឋាន លោកអភិបាលខេត្តសូមណែនាំនូវចំណុចសំខាន់ៗ មួយចំនួនរួមមាន៖
*១- គុណភាពអប់រំកើតចេញពីសមត្ថភាព និងកិច្ចខិតខំប្រឹងប្រែងរបស់សិស្ស និងគ្រូបង្រៀន។ ដូចនេះ មន្ទីរ គួរបន្តយកចិត្តទុកដាក់ លើកកម្ពស់ និងអភិវឌ្ឍន៍សមត្ថភាពរបស់គ្រូ តាមរយៈការបណ្តុះបណ្តាល និងការ ពង្រាយគ្រូឱ្យបានសមស្របតាមស្ថានភាពជាក់ស្តែង ពិសេសការរិះរកមធ្យោបាយនានាក្នុងការលើកទឹកចិត្តគ្រូបង្រៀននៅតំបន់ដាច់ស្រយាល និងតំបន់ជួបការលំបាក ព្រមទាំងពង្រឹងការងារគ្រប់គ្រង បង្កើន ការត្រួតពិនិត្យ និងវាយតម្លៃនៅតាមសាលារៀន។
*២-ត្រូវបន្តជំរុញ និងខិតខំប្រមូលកុមារដល់វ័យសិក្សា កុមារលើសអាយុសិក្សា និងយុវជនបោះបង់ការសិក្សា និងនៅក្រៅសាលារៀន មកទទួលសេវាអប់រំ ប្រកបដោយសមធម៌ និងគ្មានការរើសអើង។
*៣-ត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្សគ្រប់គ្រឹះស្ថានសិក្សានានាឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ ជៀសផុតពី គ្រឿងញៀន និងក្មេងទំនើង
លោកក៏បានថ្លែងអំណរគុណ ក្រុមបាល់ទាត់ស្ដារខម (STRA COM FC) ដែលបានសហការ ជាមួយក្រុមបាល់ទាត់សាលាខេត្តព្រៃវែង ផ្តួចផ្តើមរៀបចំការប្រកួតកីឡាបាល់ទាត់ សប្បុរសធម៌ ដើម្បីរួមចំណែកផ្តល់នូវសម្ភារសិក្សាដល់សិស្សានុសិស្សក្នុងសាលាបឋមសិក្សាព្រៃកំពែង និងប្រជាពលរដ្ឋដែលមាន ជីវភាពខ្វះខាត ៕