(ត្បូងឃ្មុំ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) អញ្ជើញជាអធិបតីក្នុងពិធីចែកកញ្ចប់អាហារ ចំនួន២០០កញ្ចប់ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត មកពីភូមិចំនួន៧ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥។

កម្មវិធីខាងលើរៀបចំដោយ សាលាអន្តរជាតិអាល់រ៉ះម៉ាស់ ដែលអំណោយទាំងនេះទទួលបានតាមរយៈសមាគមសម្របសម្រួល និងអភិវឌ្ឍន៍សង្គម សហការជាមួយសមាគមពិភពលោកនៃក្តីមេត្តានៃរដ្ឋកូវែត តំណាងដោយលោក Nasr Hasan Abu Jwaied ក្នុងឱកាសបុណ្យឯករាជ្យជាតិកូវែតលើកទី៦៤ និងខួបរំដោះលើកទី៣៤។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានមានប្រសាសន៍ថា នៅថ្ងៃទី២៥ កុម្ភៈ ខាងមុខនេះ ជាថ្ងៃបុណ្យឯករាជ្យជាតិ នៃរដ្ឋកូវែត លើកទី៦៤។ លោកបន្តថា ជារៀងរាល់ឆ្នាំ ប្រទេសកូវែតបានធ្វើសកម្មភាពមនុស្សធម៌ជាច្រើន នៅក្នុងតំបន់ផ្សេងៗដូចជា អាស៊ី អាហ្វ្រិក មជ្ឈិមបូព៌ា និងបណ្តាប្រទេសផ្សេងៗ ទៀតជាពិសេស ជារៀងរាល់ឆ្នាំក៏មានបង្កើតសកម្មភាពជាច្រើន នៅតាមតំបន់នានា ក្នុងប្រទេសកម្ពុជាផងដែរ។

ទេសរដ្ឋមន្ត្រីបានបន្តថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សហគមន៍ឥស្លាមកម្ពុជា សូមថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាល នៃប្រទេសកូវែត ប្រជាជនកូវែត និងសមាគមអាល់រ៉ះម៉ាស់ ដែលតែងតែបានផ្តល់ និងធ្វើការសហការ ជាមួយសមាគមសម្របសម្រួល និងអភិវឌ្ឍន៍ ក្នុងការធ្វើសកម្មភាពមនុស្សធម៌ និងបង្កើតសមទ្ធិផលជាច្រើន ជាបន្តបន្ទាប់ នៅតាមបណ្តារាជធានីខេត្តនានា នៅកម្ពុជា ដូចជាក្នុងការផ្តល់នូវជំនួយ អំណោយកញ្ចប់អាហារ សាលារៀន វិហារ អណ្តូងទឹក និងរ៉ឺម៉ក ជូនដល់ប្រជាជនកម្ពុជា ដែលសុទ្ធសឹកតែជាតម្រូវការចាំបាច់។

ទន្ទឹមគ្នានេះដែរ ទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរអរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលតែងតែគាំទ្រចំពោះរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់កិច្ចគាំពារទាំងឡាយ ដល់ប្រជាពលរដ្ឋទូទៅ ដោយគ្មានការរើសអើងនោះទេ ជាពិសេសផ្តល់ឱកាស និងសិទ្ធសេរីភាពគ្រប់សព្វបែបយ៉ាង ដល់សហគមន៍ឥស្លាមកម្ពុជា។

ចំណែកលោក Nasr Hasan Abu Jwaied តំណាង សមាគមពិភពលោកនៃក្តីមេត្តានៃរដ្ឋកូវែត បានលើកឡើងថា កាលពីឆ្នាំ២០២២កន្លងទៅ សមាគមពិភពលោកនៃក្តីមេត្តា បានចាប់ផ្តើមបញ្ជូនយុទ្ធនាការជំនួយអាល់រ៉ះម៉ាស់ ទៅកាន់បណ្តាប្រទេសជាច្រើន នៅលើពិភពលោក។

ជាក់ស្តែងនៅក្នុងឆ្នាំ២០២២ យុទ្ធនាការជំនួយរ៉ះម៉ាស់ទីមួយ ត្រូវបានបញ្ជូនជំនួយបឋមចំនួន ២២៥ឡានកង់តឺន័រ ទៅកាន់ប្រទេសចំនួន២០ ដែលស្ថិតនៅក្នុងឧបទ្វីបចំនួន៣រួមមានទ្វីបអាហ្វ្រិច ទ្វីបអាស៊ី និងអឺរ៉ុបខាងកើត។ ហើយប្រទេសកម្ពុជា ក៏ទទួលបានចំនួន ១២ឡានកង់តឺន័រ ដែលសរុបជាកញ្ចប់អាហារស្មើនឹង ២៥២០កញ្ចប់ និងត្រូវចែកចាយទៅតាមបណ្តាខេត្តចំនួន៦ផងដែរ។

សូមជម្រាបថា ក្នុងឱកាសបុណ្យឯករាជ្យជាតិកូវែតលើកទី៦៤ និងខួបទី៣៤ នៃការរំដោះ ឆ្នាំ២០២៥នេះ សមាគមសម្របសម្រួល និងអភិវឌ្ឍន៍សង្គម បានសហការជាមួយសមាគម ពិភពលោកនៃក្តីមេត្តានៃរដ្ឋកូវ៉ែត បានរៀបចំចែកអំណោយជាកញ្ចប់អាហារដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន៥០០កញ្ចប់ សម្រាប់៥០០គ្រួសារ។ ក្នុងនោះ ចែកជូនប្រជាពលរដ្ឋនៅ រាជធានីភ្នំពេញ ៣០០គ្រួសារ និងនៅខេត្តត្បូងឃ្មុំ ២០០គ្រួសារ។ កញ្ចប់អំណោយខាងលើ ក្នុង១គ្រួសារទទួលបានដូចជា អង្ករ ២០គីឡូក្រាម ស្ករស ២គីឡូក្រាម ប្រេងឆា ២លីត្រ ទឺកដោះគោ ៤កំប៉ុង ត្រីខ ១០ កំប៉ុង និងមី ១កេស៕