(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានថ្លែងថា ពីអតីតកាលដែលប្រជាជនកម្ពុជា មិនអាចបំភ្លេចបានកាលពីទសវត្សរ៍ឆ្នាំ៧០ វិស័យព្រះពុទ្ធសាសនាត្រូវបានអាប់ឱនដោយសារសង្រ្គាមរបបប្រល័យពូជសាសន៍ ប៉ុល ពត តែបច្ចុប្បន្នវិស័យព្រះពុទ្ធសាសនានៅកម្ពុជា ត្រូវបានរស់ឡើងវិញ និងអភិវឌ្ឍយ៉ាងឆាប់រហ័សទាំងបរិមាណ និងគុណភាព ក្រោមម្លប់ នៃសុខសន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការបន្តដឹកនាំលើមាគ៌ាដ៏ត្រឹមត្រូវនេះរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
ការថ្លែងបែបនេះរបស់លោក នួន ផារ័ត្ន បានធ្វើឡើងក្នុងឱកាសលោក និងលោកស្រី បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហាថ្មី ក្នុងវត្តគិរីវណ្ណារាម (វត្តគិរីអណ្តែត) ស្ថិតក្នុងភូមិគិរីអណ្តែត ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥។
លោកអភិបាលខេត្ត បានលើកឡើងថា វត្តអារាមកំពុងក្លាយជាកម្លាំងស្នូលនៃសុខដុមនីយកម្មរវាងអ្នកកាន់ព្រះពុទ្ធសាសនា ជាមួយអ្នកកាន់ជំនឿ និងសាសនាសផ្សេងៗទៀតដែលកំពុងមានវត្តមាននៅកម្ពុជាបច្ចុប្បន្ន។ ព្រះពុទ្ធសាសនាបានចាក់ឫសយ៉ាងជ្រៅទៅក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជា ដែលប្រជាពុទ្ធបរិស័ទយកព្រះពុទ្ធសាសនាជាទីពឹងដើម្បីស្វែងរកសេចក្តីសុខសេចក្តីចម្រើនទាំងក្នុងបច្ចុប្បន្នជាតិ និងក្នុងអនាគតជាតិ។
លោកបន្តថា វត្តអារាមគឺជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ធនធានព្រះសង្ឃប្រកបដោយចំណេះដឹងជំនាញ និងគុណធម៌ ប្រកាន់ក្រឹត្យវិន័យតាមពុទ្ធប្បញ្ញត្តិ និងពុទ្ធានុញ្ញាត។ សូមព្រះចៅអធិការវត្ត និងគណៈកម្មការវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ចូលរួមថែរក្សាសមិទ្ធផលនានាដែលបានកសាងនៅក្នុងវត្តឱ្យបានគង់វង្ស ជាទីកន្លែងសម្រាប់គោរពបូជាពុទ្ធបរិស័ទរៀងរាល់ថ្ងៃសីលផងដែរ។
សូមបញ្ជាក់ផងដែរថា ក្រោមការដឹកនាំរបស់ព្រះតេជគុណ ហេង សុភ័ក្រ បានកសាងលេចចេញជាសមិទ្ធ ផលផ្សេងៗជាក់ស្តែងនាឱកាសនេះនឹងត្រូវរៀបចំពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ទំហំ២៤ម៉ែត្រ គុណ២៣ម៉ែត្រ កំពល់១៨ម៉ែត្រ ដែលបានកសាងឡើងវិញចាប់ពីឆ្នាំ២០១៤ និងបានចំណាយថវិកាកសាងសរុបចំនួន៤០០,០០០ដុល្លារ៕