(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងថា ក្នុងបរិបទប្រជាធិបតេយ្យលើពិភពលោក បើនិយាយអំពីការដឹកនាំរដ្ឋរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ - Donald Trump យើងឃើញសព្វថ្ងៃនេះ គឺសហរដ្ឋអាមេរិកមិនមែនជាប្រទេសបិតាប្រជាធិបតេយ្យលើពិភពលោក ដូចសាធារណៈមតិទូទៅតែងយល់ ឬសហរដ្ឋអាមរិកខ្លួនឯង ដែលតែងតែអួតអាងនិងលើកកម្កើងទ្បើយ។ តែផ្ទុយទៅវិញសហរដ្ឋអាមេរិក គឺជាចក្រភព Oligachy។
ហេតុនេះយើងត្រូវចោទជាសំនួរថា តើអ្វីទៅជាចក្រភព Oligachy?
Oligarchy គឺជាទម្រង់់របបដឹកនាំរដ្ឋដែលអំណាចទាំងអស់ ស្ថិតនៅលើពួកអភិជននៃវណ្ណៈសង្គមរបស់ក្រុមមនុស្សពីរបីនាក់ ឬមួយក្រុមតូច ដែលមានធនធានលើសលប់និងមានឥទ្ធិពលលើរាជរដ្ឋាភិបាលនៃចក្រភព គឺជាអ្នកដឹកនាំពិតប្រាកដ ហៅថា "របបរាជានិយមផ្ដាច់ការ" នៅសម័យបុរាណ។ ពីព្រោះពួកអភិជននៃវណ្ណៈសង្គម របស់ក្រុមមនុស្សពីរបីនាក់ ឬមួយក្រុមតូច ដែលជាអ្នកគ្រប់គ្រងសាជីវកម្មធំៗ ដ៏មានអំណាច និងមានឥទ្ធិពលលើអ្នកដឹកនាំប្រទេស ក្នុងការសម្រេចចិត្តនានា ឬពួកគេជាអ្នក "ទាញខ្សែ" តម្រង់ទិសនៅពីក្រោយឆាកជាអ្នកគ្រប់គ្រង ឬប្រមូលធនធានរបស់រដ្ឋ ឬចក្រភពដទៃដែលជារដ្ឋចំណុះរបស់ខ្លួន ដើម្បីបម្រើឲ្យវណ្ណៈឬក្រុមរបស់ខ្លួនជាចម្បង។
បើពោលឲ្យចំ សហរដ្ឋអាមេរិក គឺជារដ្ឋចក្រភព Oligarchy ដែលរាជរដ្ឋាភិបាលស្ថិតក្រោមឥទ្ធិពលរបស់ពួកវណ្ណៈសង្គមពីរបីនាក់ ឬមួយក្រុមតូច ជាអ្នកគ្រប់គ្រងសាជីវកម្មលើសេដ្ឋកិច្ចលើសលប់របស់ចក្រភពអាមេរិក ដោយធ្វើការសម្លុតគំរាមកំហែង ,បង្ខិតបង្ខំរដ្ឋ ឬចក្រភពដទៃជាចំណុះខ្លួន ឲ្យស្តាប់បង្គាប់តាមប្រពៃណីកៀបសង្កត់ហៅថា "ច្បាប់ដែក" ដើម្បីបម្រើផលប្រយោជន៍ឲ្យវណ្ណៈឬក្រុមបក្ខពួកខ្លួន។
ជាសរុបលោក រ័ត្ន សណ្តាប់ បញ្ជាក់ថា ក្នុងសម័យទំនើបនេះ បើយើងពិនិត្យលក្ខណៈពិសេសរបស់ជនជាតិអាមេរិកាំងនេះទៀតសោត ជាទូទៅចូលចិត្តបោះឆ្នោត ទៅលើគោលនយោបាយរបស់បុគ្គលដែលគ្របដណ្ដប់លើទ្រព្យសម្បត្តិ ក្នុងការក្ដោបក្ដាប់ទៅលើពាណិជ្ជកម្មដ៏មានឥទ្ធិពល និងគ្រប់គ្រងទៅលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ចក្រភពអាមេរិក។ ដូច្នេះចំពោះប្រធានាធិបតីលោក ដូណាល់ ត្រាំ-Donald Trump បានជ្រើសរើស លោក អ៊ីទ្បន ម៉ាស- Elon Musk ជាអ្នកមានជាងគេបំផុតនៅលើពិភពលោក និងប្រមូលផ្ដុំមហាសេដ្ឋីកំពូលៗ ដែលមានឥទ្ធិពលដោយស្ងៀមស្ងាត់ មកលើគោលនយោបាយរបស់សហរដ្ឋអាមេរិក នឹងបានធ្វើឲ្យរដ្ឋ ឬចក្រភពដទៃយ៉ាងច្រើនមានការរងទុក្ខនេះ គឺមិនមានអ្វីចម្លែកឡើយ។ ព្រោះសហរដ្ឋអាមេរិក គឺជាចក្រភព Oligachy៕