(ភ្នំពេញ)៖ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅនេះ នៅសមាគមតន្ត្រីសំនៀងជនពិការរយៈពេល១ថ្ងៃពេញ មានសប្បុរសជន បានជួបសំណេះសំណាលផ្តល់ក្តីស្រលាញ់ និងពិសារអាហារសាមគ្គីជាមួយជនមានពិការភាព។ កម្មវិធីប្រព្រឹត្តទៅ១ថ្ងៃពេញ ក្រោមអធិបតីភាព លោកស្រី ខៀវ ទេព រង្ស៊ី កាញារីទ្ធ លោក តាំង សុខឃី និងលោកស្រី និងអង្គការមូលនិធិសប្បុរសធម៌ឆឺជី។
ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនជនមានពិការភាព លោកស្រី ខៀវ ទេព រង្ស៊ី កាញារីទ្ធ បានលើកទឹកចិត្ត និងកោតសរសើរយ៉ាងខ្លាំងដែលបានឃើញជនមានពិការភាពចូលរួមយ៉ាងសកម្ម និងពេញលេញនៅក្នុងសកម្មភាពសិល្បៈ សេដ្ឋកិច្ច-សង្គមកម្ពុជារបស់យើង ដែលនេះឆ្លុះបញ្ចំាងពីសមត្ថភាព និងសក្តានុពល របស់ជនមានពិការភាព ស្របតាមសុភាសិត «ពិការតែកាយ ចិត្តមិនពិការឡើយ»។
លោកស្រី ក៏បានលើកទឹកចិត្តដល់ជនមានពិការភាព ត្រូវចេះចែករំលែកនូវក្តីស្រឡាញ់ ប្រកបដោយភាពថ្លៃថ្នូរ ស្មោះសរបរិសុទ្ធ ចំពោះមនុស្សជាទីស្រឡាញ់នៅជុំវិញខ្លួន មានជាអាទិ៍ ក្រុមគ្រួសារ ឪពុកម្តាយ ប្តីប្រពន្ធ កូនចៅ ញាតិមិត្ត ជនពិការ កុមារកំព្រា និងអ្នកដែលស្ថិតក្នុងស្ថានភាពលំបាកផ្សេងទៀត ក្រោមរូបភាព សរសេរលិខិតជូនពរ ការជូនអំណោយផ្សេងៗ ការសំណេះសំណាល ឬការទទួលទានអាហាររួមគ្នា ដោយក្តីរីករាយ និងបានបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាមួយគ្នា។
ក្នុងកម្មវិធីនោះ លោកស្រី បានឧបត្ថម្ភថវិកាចំនួន ៥០០ដុល្លារសម្រាប់កម្មវិធី និង១,០០០ដុល្លារ សម្រាប់កាត់សម្លៀកបំពាក់ជូនសិល្បករ សិល្បការិនី ទុកស្លៀកពាក់ពេលមានកម្មវិធីសម្តែងផ្សេងៗ។
ដោយឡែកនៅពេលរសៀលថ្ងៃដដែលនោះ លោក តាំង សុខឃី អនុប្រធានក្រុមការងារចុះជួយមូលដ្ឋាក្រុងតាខ្មៅ និងលោកស្រី ទ្រី ចិន្តា បានអញ្ជើញមកផ្តល់ក្តីស្រលាញ់ដល់ជនមានពិការភាពនៅសមាគមសំនៀងជនពិការទាំង ១២០នាក់ និងរៀបចំនូវអាហាសាមគ្គីសម្រាប់បងប្អូនផងដែរ។ ជានិច្ចជាកាល លោក និងលោកស្រី តែងតែជួយបងប្អូនជាជនមានពិការភាពទាំងយប់ទាំងថ្ងៃ។
ក្នុងឱកាសនោះ តាំង សុខឃី និងលោកស្រី ក៏បានផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ចេះស្រលាញ់ យោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក និងថែររក្សាសុខភាពឱ្យបានល្អផងដែរ។
លោក និងលោកស្រី ក៏បានអំពាវនាវឱ្យសប្បុរជនទាំងឡាយដែលចង់ធ្វើបុណ្យ ឬចង់បរិចាកសម្ភារៈផ្សេង រួមទាំងគ្រឿង ឧបភោគបរិភោគ អាចមកផ្តល់បាននៅសមាគមតន្ត្រីសំនៀងជនពិការ ដែលជាទីកន្លែងសម្រាប់បងប្អូនជាជនមានពិការភាពស្នាក់នៅ និងផ្តល់ចំនេះជំនាញដល់ពួលគាត់ដោយមិនគិតកម្រៃ។
ក្នុងកម្មវិធីនោះ លោក តាំង សុខឃី និងលោកស្រី បានផ្តល់អាហាសាមគ្គីចំនួន ២០តុ អង្ករ១ តោន ថវិកាសម្រាប់ចាប់រង្វាន់ ភេសជ្ជៈ និងទឹកបរិសុទ្ធ សរុបជាថវិកាចំនួន ៤២៥០ដុល្លារសហរដ្ឋអាមេរិច។
លោកស្រី ញ៉ែម មរកត លោក ចាប តូ និងថ្នាក់ដឹកនាំ គណ:គ្រប់គ្រងនៃសមាគមន្ត្រីសំនៀងជនពិការ សូមគោរពថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោកជំទាវ ឯកឧត្តម សប្បុរសជន ដែលបានចំណាយពេលវេលាផ្ទាល់ខ្លួនដ៏មានតម្លៃអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយបងប្អូនជនមានពិការភាព ដើម្បីផ្តល់ភាពកក់ក្តៅនិងក្តីស្រឡាញ់នាឱកាសថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់នេះ៕