(កំពង់ធំ)៖ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ នៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានធ្វើពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន២៦២រូប នៅក្នុងស្រុកបារាយណ៍ និងស្រុកតាំងគោក ដែលជាអតីតសមាជិកគណបក្សភ្លើងទៀន។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានចលនាកសាងសមាជិកគណបក្សនៅតាមបណ្ដាលរាជធានី-ខេត្ត និងលោក ភឺន ផល្លា សមាជិកគណៈកម្មការកណ្តាល និងជាអនុប្រធានក្រុមចលនាកសាងសមាជិកគណបក្សក្នុងមូលដ្ឋានរាជធានី ខេត្ត, លោក ព្រឹម រដ្ឋា សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកបារាយណ៍និងស្រុកតាំងគោក។
នាឱកាសនោះដែរលោក ភឺន ផល្លា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយក្តីរីករាយជាទីបំផុត ចំពោះសមាជិកថ្មី ដែលមកពីបណ្តាគណបក្សនយោបាយដទៃ។
លោកបានចាត់ទុកការចូលរួមជីវភាពនយោបាយរបស់សមាជិកថ្មីនេះ គឺជាការសម្រេចចិត្តប្រកបដោយភាពត្រឹមត្រូវ ដើម្បីរួមគ្នាជាមួយគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន បណកសាង និងអភិវឌ្ឍសង្គមកម្ពុជាឱ្យកាន់តែរីកចម្រើន ព្រមទាំងនាំមកនូវសុខដុមភាព វិបុលភាព និងកិត្យានុភាពសម្រាប់ជាតិ និងប្រជាជន។
តំណាងឱ្យសមាជិក សមាជិកាគណបក្សបញ្ចូលថ្មី បានសម្តែងនូវក្តីរំភើបឥតឧបមាក្រោយបានក្លាយជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា។ ពួកគេជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានកម្មវិធីគោលនយោបាយ គោលការណ៍នយោបាយត្រឹមត្រូវ និងពុះពារជម្នះឧបសគ្គគ្រប់បែបយ៉ាង ដើម្បីសន្តិភាព និងអភិវឌ្ឍជាតិមាតុភូមិ និងដើម្បីប្រជាជនកម្ពុជា។
តំណាងឱ្យសមាជិកថ្មីទាំងអស់ ក៏បានប្តេជ្ញាចិត្តខិតខំទំនាក់ទំនងឱ្យបានត្រឹមត្រូវតាមកម្មវិធីនយោបាយ លក្ខខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា, កសាងទំនាក់ទំនងល្អជាមួយមហាជន និងខិតខំឃោសនាផ្សព្វផ្សាយអំពីកម្មវិធីនយោបាយបក្ស, ខិតខំថែរក្សាសាមគ្គីឯកភាពផ្ទៃក្នុង និងរក្សាសម្ងាត់របស់គណបក្សជានិច្ចការផ្តល់យោបល់ឱ្យគ្នាទៅវិញទៅមកដើម្បីរកការរីកចម្រើន, ខិតខំរៀនសូត្រលើកកម្ពស់សមត្ថភាព និងគុណធម៌ដើម្បីសម្រេចភារកិច្ចជូនជាតិមាតុភូមិ និងប្រឹងប្រែងកៀរគរប្រមូលសមាជិកគណបក្ស និងប្រជាពលរដ្ឋឱ្យចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជាកម្ពុជារាល់ការបោះឆ្នោតនាពេលខាងមុខ៕