(សៀមរាប)៖ លោក សែម រតនា សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកបន្ទាយស្រី នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះផ្សព្វផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណ:កម្មាធិការកណ្ដាលលើកទី៤៥ របស់គណបក្សប្រជាជនកម្ពុជា ដល់សមាជិក-សមាជិការបស់គណបក្សនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ពិធីនេះមានការចូលរួមពីលោក រិន ឡូត ប្រធានគណៈកម្មាធិការគណបក្សស្រុកបន្ទាយស្រី និងលោក លោកស្រី ជាក្រុមការងារចុះមូលដ្ឋានស្រុកបន្ទាយស្រី ព្រមទាំង សមាជិក-សមាជិកា របស់គណបក្សប្រមាណជា១៥០ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបន្ទាយស្រី។
ក្នុងឱកាសនោះ លោក សែម រតនា បានលើកឡើងនូវខ្លឹមសារនៃលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រារព្ធកាលពីថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០២៥ នៅវិមាន ៧មករា ដោយបានបង្ហាញនូវលទ្ធផលជោគជ័យសំខាន់ៗជាច្រើន ដែលគណបក្សប្រជាជនកម្ពុជាសម្រេចបាន ក្នុងការបម្រើជាតិ និងមាតុភូមិ ដែលជំរុញឱ្យប្រទេសជាតិមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។
លោកក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់ក្រុមការងារគណបក្សចុះមូលដ្ឋាន រាជធានី ខេត្ត អង្គការយុវជន បណ្តាអង្គការមហាជនរបស់គណបក្ស មន្ត្រី និងសមាជិក-សមាជិកាគណបក្ស នៅគ្រប់មូលដ្ឋាន ដែលបានរួមសាមគ្គីយ៉ាងរឹងមាំ ទាំងកម្លាំងកាយ កម្លាំងចិត្ត និងខិតខំអនុវត្តកម្មវិធីនយោបាយ គោលការណ៍នយោបាយ ព្រមទាំងសេចក្តីសម្រេចនានា របស់គណបក្ស សម្រេចបានលទ្ធផលដ៏ល្អប្រសើរ។
លោក សែម រតនា បន្ថែមថា ជាមួយនឹងដំណើរការនៃការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចរបស់រាជរដ្ឋាភិបាល តាមរយៈការអនុវត្តស្របតាមអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» បានធ្វើឱ្យមានការរីកចម្រើនថ្មីៗជាច្រើនផងដែរ។
លោកបញ្ជាក់ថា តាមរយៈការអនុវត្តវិធានការគន្លឹះទាំង៥ ទទួលបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការកសាងរដ្ឋបាលសាធារណៈប្រកបដោយសមត្ថភាព និងភាពស្អាតស្អំ, ការកសាងធនធានមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើ គុណធម៌ និងកាយសម្បទា, ការពង្រីកវិសាលភាព និងប្រសិទ្ធភាពនៃប្រព័ន្ធគាំពារសង្គម, ការបង្កើតការងារ និងជំរុញផលិតកម្ម ព្រមទាំងការពង្រឹងសន្តិសុខសុវត្ថិភាព និងយុត្តិធម៌សង្គម។
យោងតាមរបាយការណ៍របស់លោក រិន ឡូត បានលើកឡើងថា ក្រុមមការងារគណបក្សគ្រប់ថ្នាក់តែងតែយកចិត្តទុកដាក់ក្នុងការចុះមូលដ្ឋាន ភូមិ ឃុំ ដើម្បីផ្សព្វផ្សាយនូវកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចនានា ព្រមទាំងបានចុះជួបសំណេះសំណាល សួរសុខទុក្ខ ដោយផ្ទាល់ ជាមួយសមាជិក-សមាជិកាបក្ស ក៏ដូចជាប្រជាពលរដ្ឋនៅតាមខ្នងផ្ទះជាប្រចាំ រួមមាន៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត កំពុងមានជម្ងឺប្រចាំកាយ ស្ត្រីឆ្លងទន្លេ និងជួបគ្រោះថ្នាក់ដោយគ្រោះធម្មជាតិផ្សេងៗ។
លោកបន្តថា ស្រុកបន្ទាយស្រី ក៏ទទួលបាននូវការតម្លើងបង្គោល និងបំពាក់អំពូលសូឡាពីក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបន្ទាយស្រី និងសប្បុរសជនមួយចំនួន។
លោកបន្ថែមថា នេះជាសកម្មភាពជាក់ស្តែង នៃការអនុវត្តន៍តាមគោលការណ៍ សេចក្តីណែនាំអំពីសកម្មភាពចុះជួយ និងពង្រឹងមូលដ្ឋានស្រុកបន្ទាយស្រី ក្រោមការដឹកនាំ និងឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងពីសំណាក់លោកប្រធាន ក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកបន្ទាយស្រី គ្រប់ជាន់ថ្នាក់ផងដែរ៕