(ត្បូងឃ្មុំ)៖ ដោយមានការយកចិត្តទុក្ខដាក់ខ្ពស់ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ព្រមទាំងមានការជ្រោមជ្រែងពីលោក ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានផ្តួចផ្តើមនាំមកក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យទន្តសាស្ត្ររំចង់ ដែលដឹកនាំដោយ លោកទន្តបណ្ឌិត ទិត ហុងយឺ នាយកមន្ទីរពេទ្យសហការជាមួយក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ចុះពិនិត្យ ព្យាបាល និងអប់រំ សុខភាពមាត់ធ្មេញ ដោយឥតគិតថ្លៃ រយៈពេល ០១ថ្ងៃ ដល់កុមារ និងប្រជាពលរដ្ឋ ដែលរស់នៅ និងសិក្សារៀនសូត្រនៅតំបន់ជុំវិញ និងក្បែរមន្ទីរពេទ្យបង្អែកស្រុក មានទីតាំងស្ថិតនៅភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ការចុះពិនិត្យនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ អាជ្ញាធរស្រុក, លោកវេជ្ជបណ្ឌិត នាង តាយគី ប្រធានមន្ទីរពេទ្យស្តីទី និងមន្ត្រីសុខាភិបាល នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ព្រមទាំងក្រុមគ្រូពេទ្យ មកពីមន្ទីរពេទ្យទន្តសាស្ត្រ រំចង់ សរុបចំនួន៣៥រូប។
បេសកកម្មនាឱកាសនេះ គឺដើម្បីចូលរួមចំណែកផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋលើផ្នែកសេវាសុខភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
ជាក់ស្តែងក្រុមគ្រូពេទ្យបានធ្វើការពិនិត្យ និងព្យាបាល មាត់ធ្មេញ ជូនដល់កុមារ និងប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ បានចំនួន ៨២នាក់ (ស្រី ៣៥នាក់) អ្នកពិនិត្យ និងព្យាបាល សរុប ៦៥នាក់ (ស្រី ៣១នាក់) ក្នុងនោះមាន៖ ដកធ្មេញ ៤៤ករណី, ប៉ះធ្មេញ ២៥ករណី, ព្យាបាលធ្មេញ 0៦ករណី និងកោសសម្អាតធ្មេញ ០១ករណី។
សូមរំលឹកថា មន្ទីរពេទ្យទន្តសាស្ត្ររំចង់ បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដើម្បីផ្តល់សេវាព្យាបាលជំងឺមាត់ធ្មេញ និងអភិវឌ្ឍធនធានមនុស្សផ្នែកទន្តសាស្រ្ត។
សូមបញ្ជាក់ថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈ លោក ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលមានបំពាក់ដោយបរិក្ខារទំនើប អគារធំៗ បន្ទប់ល្អ និងមានក្រុមគ្រូពេទ្យមានបទពិសោធន៍ខ្ពស់ បម្រើសេវាដោយយកចិត្តទុកដាក់ ផ្ដល់ភាពកក់ក្តៅ ក្តីសង្ឃឹម និងមានទំនុកចិត្តខ្ពស់ជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះលោក ជា សុផារ៉ា ក៏បានឧបត្ថម្ភ ជាកៅអី ពិនិត្យព្យាបាលធ្មេញចល័ត ចំនួន ០៤ គ្រឿង ជូនដល់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារផងដែរ៕