(កណ្ដាល)៖ ក្រោយភាពចម្រូងចម្រាស់ជុំវិញការកើតទុក្ខមិនសុខចិត្តពីសំណាក់លោកស្រី ហួត រតនា នៅក្នុងវេទិកាសាធារណៈមួយនាពេលកន្លងទៅ ក្រោយអាជ្ញាធរខេត្តមិនបន្តអាជ្ញាបណ្ណជូន, អាជ្ញាធរខេត្តកណ្ដាលបានដាក់ លិខិតជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យជុំវិញសំណើសុំវិនិយោគនៅទីតាំងនេះជាថ្មី ក្រោយផុតអណត្តិអ្នកចាស់ពីសំណាក់ក្រុមវិនិយោគ ដែលជាលទ្ធផល ក្រសួងបានអនុញ្ញាត្តផ្ដល់សិទ្ធិដល់អ្នកវិនិយោគថ្មី គឺលោកស្រី ឆាន់ កុសល និងលោកស្រី ម៉ុង សុទ្ធាវី ជំនួសលោកស្រីហួត រតនា ដែលធ្លាប់វិនិយោគកំពង់ម្លងនៅទីតាំងនេះ។

មន្រ្តីសាលាខេត្តកណ្តាល បានបញ្ជាក់ថា ការធ្វើអាជីវកម្ម កំពង់ចម្លងកោះថ្មី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល របស់លោកស្រី ហួត រតនា ធ្លាប់ទទួលការឯកភាពពីរដ្ឋបាលស្រុកស្អាង កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ដោយឱ្យធ្វើអាជីវកម្មរយៈពេល៥ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៤ ប៉ុន្តែមិនបានបំពេញនីតិវិធីហិរញ្ញវត្ថុសាធារណៈទេ។

កន្លងមក ការធ្វើអាជីវកម្មរបស់លោកស្រី ហួត រតនា គ្មានសៀវភៅបន្ទុកសម្រាប់អនុវត្តត្រឹមត្រូវ ព្រមទាំងមានការប៉ះពាល់សតិអារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋ ដោយសារការប្រើពាក្យសម្តីមិនសមរម្យ ពិសេស ប្រជាពលរដ្ឋ បានផ្តិតមេដៃស្នើសុំមិនអនុញ្ញាតឱ្យលោកស្រី ហួត រតនា ធ្វើអាជីវកម្មបន្តទៀតឡើយ។

បើតាមមន្រ្តី, កន្លងមកសំណើសុំបន្តអាជីវកម្មរបស់លោកស្រី ហួត រតនា រដ្ឋបាលខេត្តកណ្តាលមិនបានអនុញ្ញាតជូនលោកស្រីទេ។ ទន្ទឹមនេះរដ្ឋបាលខេត្តកណ្តាល បានសម្រេចផ្តល់ជូនលោកស្រី ឆាន់ កុសល និងលោកស្រី ម៉ុង សុទ្ធាវី ជំនួសវិញ ព្រមទាំងបានគោរពស្នើសុំការសម្រេចផ្នែកហិរញ្ញវត្ថុពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីធ្វើការវិនិយោគ និងធ្វើអាជីវកម្មកំពង់ចម្លងក្បាលកោះ-រកាក្រោម និងកំពង់ចម្លង កោះថ្មី-ព្រែកតាឡៃ នៅស្រុកស្អាង ខេត្តកណ្តាល។

បន្ទាប់មកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចផ្នែកហិរញ្ញវត្ថុលើសំណើសុំវិនិយោគកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដោយអនុញ្ញាតឱ្យវិនិយោគ និងធ្វើអាជីវកម្ម រយៈពេល១៥ឆ្នាំ ចាប់ពីឆ្នាំ២០២៣តទៅ ដោយចំណាយ ទុនមុនចំនួន ២៥០.០០០.០០០រៀល និងបង់ចំណូលជូនថវិកាខេត្ត ៣.៥០០.០០០រៀល ក្នុងមួយឆ្នាំ នឹងត្រូវបង្កើន ៥% រៀងរាល់ ៥ឆ្នាំម្តង ព្រមទាំងអនុវត្តការបង់ពន្ធដារស្របតាមច្បាប់ជាធរមាន។

ក្រោយពីទទួលបានលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបាលខេត្តកណ្តាល បានរៀបចំសៀវភៅបន្ទុក និងកិច្ចសន្យា និងធ្វើអាជីវកម្មកំពង់ចម្លងខាងលើ ដោយមានចុះហត្ថលេខាពីមន្ទីរជំនាញពាក់ព័ន្ធ និងមានការឯកភាពពីអតីតអភិបាលខេត្តនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ដើម្បីអនុវត្ត។

បន្ទាប់ពីមានសៀវភៅបន្ទុក និងកិច្ចសន្យា និងធ្វើអាជីវកម្មកំពង់ចម្លងខាងលើ រដ្ឋបាលស្រុកស្អាង បានចេញលិខិតនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីពីការផ្អាកអាជីវកម្មកំពង់ចម្លងក្បាលកោះ-រកាក្រោម និងកំពង់ចម្លង កោះថ្មី-ព្រែកតាឡៃ នៅស្រុកស្អាង ខេត្តកណ្តាល និងលិខិតចុះថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីពីការបញ្ឍប់ធ្វើអាជីវកម្មកំពង់ចម្លងក្បាលកោះ-រកាក្រោម និងកំពង់ចម្លងកោះថ្មី-ព្រែកតាឡៃ នៅស្រុកស្អាង ជូនលោកស្រី ហួត រតនា ជាបន្តបន្ទាប់ ដោយសារការធ្វើអាជីវកម្មរបស់លោកស្រីបានចប់សុពលភាពរួចរាល់ហើយ ប៉ុន្តែបច្ចុប្បន្នលោកស្រីនៅតែបន្តការចម្លងលក្ខណៈគ្រួសារដដែល។

ក្រោយពីបានពិនិត្យលើឯកសារពាក់ព័ន្ធសំណើសុំបន្តការធ្វើអាជីវកម្មកំពង់ចម្លងក្បាលកោះ-រកាក្រោម និងកំពង់ចម្លងកោះថ្មី-ព្រែកតាឡៃ នៅស្រុកស្អាង ខេត្តកណ្តាល រួចមក ឃើញថា ទីតាំងកំពង់ចម្លងនេះ រដ្ឋបាលខេត្តកណ្តាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាតជាគោលការណ៍ជូនលោកស្រី ឆាន់ កុសល និងលោកស្រី ម៉ុង សុទ្ធាវី ដើម្បីធ្វើវិនិយោគ និងធ្វើអាជីវកម្ម តាមរយៈលិខិតលេខ ៨៥២០ សហវ.ល.ស.អទច ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕