(តាកែវ)៖ លោក គី តិច អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តតាកែវ តំណាងលោកបណ្ឌិត ជា វ៉ាន់ដេត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តតាកែវ អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងថ្មី ក្នុងស្រុកបាទី ខេត្តតាកែវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តតាកែវ។
ផ្លូវបេតុងថ្មីនេះសរុបចំនួន២៦ខ្សែ ដែលស្ថិតក្នុងឃុំចំនួន៣ នៃស្រុកបាទី គឺឃុំកុមាររាជា ចំនួន៥ខ្សែ, ឃុំក្រាំងលាវ ចំនួន១៦ខ្សែ និងឃុំលំពង់ ចំនួន៥ខ្សែ។
ពិធីនៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក៏មានការអញ្ជើញចូលរួមពីប្រធាន អនុប្រធាន សមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទី និងប្រធាន អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការគណបក្សស្រុកបាទីផងដែរ៕