(ភ្នំពេញ)៖ លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវ និងជាអ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខបានបង្ហាញពីផលប៉ះពាល់អវិជ្ជមាន ក្នុងការបង្កកជំនួយអន្តរជាតិរបស់សហរដ្ឋអាមេរិក និងការត្រៀមខ្លួនរបស់កម្ពុជាក្នុងការកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាននេះ។
ខាងក្រោមនេះគឺជាខ្លឹមសារទាំងស្រុង ដែលលោកអ្នកសិក្សាស្រាវជ្រាវ និងជាអ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខ បានសរសេរមកកាន់បណ្ដាញព័ត៌មាន Fresh News ។
«កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសផ្អាកជំនួយបរទេសរបស់ភ្នាក់ងារ សហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ទាំងអស់រយៈពេល៩០ថ្ងៃ ដោយចូលជាធរមាននៅថ្ងៃទី២៦ ខែមករា ដើម្បីវាយតម្លៃភាពស៊ីគ្នារបស់ខ្លួន ជាមួយនឹងគោលនយោបាយ «អាមេរិកទីមួយ» របស់លោក ដែលការបង្កកការផ្តល់មូលនិធិនេះ ធ្វើឱ្យប៉ះពាល់ដល់ជំនួយរាប់ពាន់លានដុល្លារនៅក្នុងជាង៣០ប្រទេស។
ថ្មីៗនេះផងដែរ កាលពីថ្ងៃទី០៤ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានតែងតាំងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូស រ៉ូប៊ីអូ (Marcos Rubio) ជាអ្នកគ្រប់គ្រងស្តីទី USAID ដោយលើកឡើងពីការយល់ឃើញរបស់គាត់ថា កម្មវិធីជំនួយរបស់ទីភ្នាក់ងារជំនួយអន្តរជាតិរបស់អាមេរិកមួយនេះ លែងបម្រើផលប្រយោជន៍ជាតិស្នូលរបស់សហរដ្ឋអាមេរិកទៀតហើយ។ ក្នុងនាមជាម្ចាស់ជំនួយដ៏ធំបំផុតលើពិភពលោក នៃជំនួយមនុស្សធម៌ អាមេរិកបានបែងចែកទឹកប្រាក់ប្រមាណ ១៣.៩ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ ស្មើនឹង៤២% នៃជំនួយអន្តរជាតិដែលតាមដាន ដោយអង្គការសហប្រជាជាតិ។
រដ្ឋបាលលោក ត្រាំ គ្រោងនឹងរក្សាបុគ្គលិក USAID ប្រហែល៦១១នាក់ ប៉ុន្តែចំនួននេះគឺមានការថយចុះចំនួនបុគ្គលិក USAID ចំនួន ៩៥%។ នៅថ្ងៃដដែលលោក Trump បានបង្ហោះនៅលើ Truth Social ដោយអំពាវនាវឱ្យបិទ USAID និងពិពណ៌នាអំពីអំពើពុករលួយរបស់ USAID ថាជា «អ្វីដែលមិនធ្លាប់មានពីមុនមក»។
USAID ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦១ ដោយប្រធានាធិបតី លោក ចន ហ្វេស ខេណើឌី (John F. Kenndy) ក្រោមច្បាប់ជំនួយបរទេស USAID គឺជាទីភ្នាក់ងារចម្បងរបស់រដ្ឋាភិបាលអាមេរិក សម្រាប់កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ និងការអភិវឌ្ឍអន្តរជាតិ។ ក្នុងចំណោមជាង ៣០ប្រទេស ដែលទទួលបានជំនួយពី USAID កម្ពុជាក៏ជាប្រទេសមួយដែលរងផលប៉ះមួយចំនួនពីការបង្កកជំនួយនេះផងដែរ។ ជាអាទិ៍ មានអង្គការ និងស្ថាប័នជាច្រើនដែលទទួលបានការគាំទ្រពី USAID នៅក្នុងប្រទេសកម្ពុជា ក៏បានរងផលប៉ះពាល់ផងដែរ រួមទាំងអ្នកដែលធ្វើការក្នុងវិស័យសំខាន់ៗនៃការបោសសម្អាតមីន បរិស្ថាន កំណែទម្រង់អភិបាលកិច្ច សិទ្ធិមនុស្ស ការអប់រំ បញ្ហាច្បាប់ និងតម្លាភាពនៃការបោះឆ្នោត។
ការរិះគន់មួយចំនួនទៅលើទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID)៖ ទោះបីជាមានការអះអាងអំពីជំនួយមនុស៌្សធមក៏ដោយ USAID ត្រូវបានគេចោទប្រកាន់ថា មានពុតត្បុត និងបង្កឱ្យមានគ្រោះថ្នាក់ច្រើនជាងផលល្អនៅក្នុងតំបន់មួយចំនួន។ ការរិះគន់សំខាន់ៗមួយចំនួនរួមមានការផ្តល់ជំនួយភ្ជាប់ជាមួយនឹងលក្ខខណ្ឌនយោបាយ, ការផ្តល់ជំនួយជួយដល់ក្រុមប្រឆាំងបង្កអស្ថិរភាព អំពើពុករលួយ ជំនួយមិនមានប្រសិទ្ធភាព និងបញ្ហាមួយចំនួនដល់សេដ្ឋកិច្ចប្រទេស។
USAID តែងតែភ្ជាប់ជំនួយរបស់ខ្លួនទៅនឹងលក្ខខណ្ឌនយោបាយ ដែលតម្រូវឱ្យប្រទេសទទួលជំនួយធ្វើការតម្រឹមជាមួយគោលនយោបាយការបរទេស របស់សហរដ្ឋអាមេរិកដូចជាការលើកកម្ពស់សិទ្ធិមនុស្ស កំណែទម្រង់សេដ្ឋកិច្ច ឬក៏កិច្ចព្រមព្រៀងយោធាជាដើម។
បន្ថែមពីនេះទៅទៀតជំនួយរបស់ USAID ទាំងនោះបានធ្វើឱ្យមានការប្រព្រឹត្តអំពើពុករលួយក្នុងជួររដ្ឋាភិបាល ហើយជំនួយទាំងអស់នោះក៏បានទៅដល់ ក្រុមប្រឆាំងជ្រុលនិយមមួយចំនួន ក្រោមរូបភាពអង្គការសង្គមស៊ីវិល និងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យដើម្បីរៀបចំសកម្មភាពនានា ដើម្បីផ្តួលរលំរដ្ឋាភិបាល។ ជារឿយៗ USAID រងនឹងការចោទប្រកាន់ពីការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ហើយត្រូវបានគេដាក់ស្លាកថាជា «កម្លាំងលាក់ខ្លួននៅពីក្រោយបដិវត្តន៍ពណ៌» ។
នៅឆ្នាំ២០១៤ ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថា USAID បានបង្កើតវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលស្រដៀងនឹង Twitter នៅក្នុងប្រទេសគុយបា ដើម្បីបំផុសគំនិតប្រឆាំងរដ្ឋាភិបាល ក្នុងចំណោមសាធារណជន។ លើសពីនេះ វាត្រូវបានគេចោទប្រកាន់ថា បានបញ្ជូនយុវជនមកពីបណ្តាប្រទេសនៅអាមេរិកឡាទីន ទៅកាន់ប្រទេសគុយបា ក្រោមការបិទបាំងនៃកម្មវិធីរបស់ខ្លួន ដើម្បីចូលរួមក្នុងសកម្មភាពប្រឆាំងរដ្ឋាភិបាល។
នៅថ្ងៃទី៦ ខែកុម្ភៈ លោកប្រធានាធិបតី ត្រាំ បានយកវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ «សង្គមពិត» (Truth Social) សរសេរចោទប្រកាន់ USAID និងអង្គការផ្សេងទៀតថា បានក្លែងបន្លំប្រាក់រាប់ពាន់លានដុល្លារ ដោយអះអាងថាប្រាក់ភាគច្រើនត្រូវបានគេយកទៅបង្កើត «ប្រព័ន្ធផ្សព្វផ្សាយក្លែងក្លាយ» ជាទម្រង់នៃការទូទាត់ថវិកាសម្រាប់ការគាំទ្រគណបក្សប្រជាធិបតេយ្យ។ លោកបានធ្វើការចោទសួរលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន Politico និង New York Times ថាបានទទួលមូលនិធិដែរឬយ៉ាងណា ហើយទាមទារឱ្យដឹងថាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានណាផ្សេងទៀតក៏ជាប់ពាក់ព័ន្ធដែរ។ លោក ត្រាំ បានអះអាងថា «នេះអាចជារឿងអាស្រូវដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក»។
* ផលប៉ះពាល់មួយចំនួនមកលើកម្ពុជា៖
រាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា ការបង្កកជំនួយបរទេសស្ទើរតែទាំងអស់ដែលមិនធ្លាប់មានពីមុនមករបស់អាមេរិក នឹងមិនបង្អាក់គោលនយោបាយអភិវឌ្ឍន៍ជាតិ និងគោលដៅជាប្រទេសមានប្រាក់ចំណូលខ្ពស់ឆ្នាំ២០៥០ របស់កម្ពុជានោះទេ។ កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមអ្នកទទួលរងផលប៉ះពាល់ពីកម្មវិធីជំនួយ ដែលផ្តល់មូលនិធិតាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ USAID ដែលបានផ្តល់ថវិកាចំនួន ៣ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយនេះ។
នៅខែតុលា ឆ្នាំ២០២៤ លោកស្រី Samantha Power ដែលជាអ្នកគ្រប់គ្រងទីភ្នាក់ងារ USAID នៅពេលនោះ បានសន្យាផ្តល់មូលនិធិថ្មីចំនួន ១២លានដុល្លារអាមេរិក សម្រាប់គាំទ្រការដោះមីន និង៥លានដុល្លារអាមេរិក ដើម្បីជួយលើកកម្ពស់សន្តិសុខសុខភាពនៅក្នុងប្រទេស។ អង្គការរដ្ឋាភិបាលដំបូងគេ ដែលប្រកាសពីផលប៉ះពាល់សំខាន់ៗនៃការបង្ខំឱ្យបុគ្គលិកជាង១០០០នាក់ ឱ្យអត់ការងារធ្វើ គឺអាជ្ញាធរមីននិងជំនួយដល់ជនរងគ្រោះដោយគ្រាប់មីននៅកម្ពុជា (CMAA) និងមជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា (CMAC) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩២ ក្រោមអង្គការសហប្រជាជាតិ។ កម្មវិធីរបស់ CMAC ត្រូវបញ្ឈប់ប្រតិបត្តិការដោះមីនរបស់ខ្លួននៅក្នុងខេត្តចំនួន៨ ដូចជា៖ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង និងស្វាយរៀង។ គម្រោងទាំងនេះ ត្រូវបានផ្តល់មូលនិធិអាមេរិក និងគាំទ្រតាមរយៈដៃគូអភិវឌ្ឍន៍ក្នុងកិច្ចសហប្រតិបត្តិការជាមួយ CMAC។
ផលប៉ះពាល់មួយទៀត គឺសេរីភាពសារព័ត៌មាន និងសារព័ត៌មានបើកចំហរ ដោយពី២០ ទៅ៣០ភាគរយនៃមូលនិធិរបស់កាសែតឯករាជ្យមួយចំនួន គឺបានមកពី USAID ដែលក្រុមនេះប្រើសម្រាប់ដំណើរការកម្មវិធីបណ្តុះបណ្តាលអ្នកកាសែត និងជួយផ្តល់មូលនិធិដល់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដូចជា CamboJA News ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធសារព័ត៌មានឯករាជ្យមួយចំនួនបានបិទទ្វារ ឬត្រូវបានបង្ខំដោយកង្ខះខាតជំនួយហិរញ្ញវត្ថុនិងការបណ្តុះបណ្តាល។
ការផ្អាកជំនួយរបស់រដ្ឋាភិបាលអាមេរិក ក៏នឹងកាត់បន្ថយសកម្មភាពមួយចំនួន ដែលទាក់ទងនឹងការផ្តល់អំណាចដល់យុវជន និងសមត្ថភាពក្នុងការការពារធនធានធម្មជាតិ។ របាយការណ៍របស់ USAID ដែលបានចេញផ្សាយកាលពីឆ្នាំមុនបានកត់សម្គាល់ថា ការកាប់បំផ្លាញព្រៃឈើបានរួមចំណែកយ៉ាងខ្លាំងដល់ការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានគេចាត់ទុកថាងាយនឹងគ្រោះមហន្តរាយធម្មជាតិ។ កាលពីចុងខែមករា សម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលជួយខ្មែរ (Khmer AIDS NGO Alliance-KHANA) នៅកម្ពុជាបានទទួលការជូនដំណឹងអំពីការផ្អាកការផ្តល់មូលនិធិសម្រាប់កម្មវិធីជំងឺរបេងរបស់ខ្លួនរយៈពេល៩០ថ្ងៃ របស់USAID។ KHANA ដែលរកឃើញនិងកំណត់ចំនួនអត្រាអ្នកកើតជំងឺរបេងប្រហែល ១០,០០០ករណីក្នុងមួយឆ្នាំ បានផ្តល់ការព្យាបាលការពារ និងផ្តល់ការថែទាំដល់អ្នកជំងឺនៅតាមជនបទប្រមាណ៣០០នាក់។ ប្រធានប្រតិបត្តិលោក Job Soe Chamron បាននិយាយថា ការផ្អាកការផ្តល់មូលនិធិនឹងធ្វើឱ្យប្រជាជនកម្ពុជានៅជនបទជាច្រើនមិនទទួលបានសេវាថែទាំសុខភាពចាំបាច់។
ការបាត់បង់ជំនួយ USAID របស់កម្ពុជា បានធ្វើឱ្យកម្ពុជាបាត់បង់ជំនួយជាទឹកប្រាក់រាប់លានដុល្លារអាមេរិក ជាពិសេសប៉ះពាល់ជាខ្លាំងដល់គម្រោងអភិវឌ្ឍន៍ជាច្រើនដូចជាសុខុមាលភាព អប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងការអភិរក្សធម្មជាតិ ដែលជាគម្រោងសហការជាមួយស្ថាប័នរដ្ឋ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន។ ការបង្កងជំនួយនះផងដែរអាចជាកត្តាមួយដែលនឹងកាត់បន្ថយសម្ពាធនយោបាយពីអាមេរិក មកលើកម្ពុជាពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងអភិបាលកិច្ចនានា ហើយក៏ជាឱកាសល្អសម្រាប់ចិនបង្កើនការផ្តល់ជំនួយ និងវិនិយោគបន្ថែមទៅលើគម្រោងដែលអាមេរិកបានបង្កកជំនួយ។
ហេតុនេះហើយ ទើបការបង្កករបស់អាមេរិកនឹងរុញកម្ពុជាទៅកាន់គៀកនឹងចិន ហើយចិនក៏នឹងបង្កើនជំនួយបន្ថែមមកកម្ពុជា ខណៈពេលដែលប្រទេសទាំងពីរក្រោមក្របខណ្ឌ «ជោគវាសនាសហគមន៍រួម ចិន និងកម្ពុជា» និង «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ»។ ជាចុងក្រោយ ប្រសិនជាអាមេរិកនឹងបន្ត ឬផ្តល់ជំនួយមកកម្ពុជាក្រោម USAID វិញ ទំហំទឹកប្រាក់នឹងកាត់បន្ថយច្រើនជាមុន ហើយជំនួយទាំងអស់នឹងផ្តោតសំខាន់លើការជំរុញការទាក់ទាញអ្នកវិនិយោគ តាមរយៈការកែទម្រង់ប្រព័ន្ធពន្ធគយ ការធ្វើឌីជីថលលូបនីយកម្មសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជាជាងការផ្តល់ជំនួយដល់អង្គការ សង្គមស៊ីវិលមួយចំនួនដែលផ្តោលើបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព ដើម្បីជួយដល់ការអភិវឌ្ឍធនធានមនុស្សនិងសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាបង្កើតលក្ខខណ្ឌសមស្របទៅនឹងការវិវឌ្ឍបរិបទ សេដ្ឋកិច្ចពិភពលោក និងតម្រូវការទីផ្សារកាងារអន្តរជាតិ។
* គោលនយោបាយមួយចំនួន ដែលរាជរដ្ឋាភិបាលកម្ពុជាគួរប្រកាន់យក៖
ដើម្បីកាត់បន្ថយផលប៉ះពាល់រយៈពេលខ្លី និងវែងពីការបង្កកជំនួយរបស់អាមេរិក រាជរដ្ឋាភិបាលកម្ពុជាគួរតែសិក្សារៀបចំគោលនយោបាយជាយុទ្ធសាស្រ្ត និងស្វែងរកឱកាសពីផលអវិជ្ជមាននេះ។ វិធានការទាំងនោះរួមមាន៖
* ការពង្រឹងការប្រមូលថវិកាជាតិ និងការពឹងផ្អែកលើសេដ្ឋកិច្ចខ្លួនឯងតាមរយៈការពង្រឹងយន្តការប្រមូលពន្ធដារ កែសម្រួលនីតិវិធីក្នុងការប្រកាសពន្ធ ឬបើកអាជីវកម្ម ធ្វើពពិធកម្មសេដ្ឋកិច្ចបន្ថែម និងការលើកកម្ពុជាសហគ្រាសតូច ឬមធ្យម
* បង្កើតបរិយាកាសអំណោយផល ដើម្បីទាក់ទាញការវិនិយោគបរទេស តាមរយៈការធ្វើឱ្យមានភាពងាយស្រួលដល់ការនីតិវិធីបើកអាជីវកម្មឬក្រុមហ៊ុន កាត់បន្ថយលំហូរការងារការិយាល័យធិបតេយ្យ ពង្រឹងយន្តការច្បាប់សម្រាប់អ្នកវិនិយោគ និងការបង្កើតសួនឧស្សាហ៍កម្មសេដ្ឋកិច្ច ទៅតាមប្រទេសឧស្សាហ៍កម្មជាដើម
* ពង្រីក និងពង្រឹងទំនាក់ទំនងជាមួយប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀតដូចជាចិន ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី ឥណ្ឌា ឬសហគមន៍អឺរ៉ុបជាដើម។ បន្ថែមពីនេះកម្ពុជាក៏អាចបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ដូចជាអាស៊ាន និងធនាគារតំបន់ដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី
* ពង្រីកភាពជាដៃគូឯកជន-សាធារណៈតាយរយៈការជំរុញគម្រោងអភិវឌ្ឍន៍រួមរវាងស្ថាប័នរដ្ឋ និងឯកជនឬក្រុមហ៊ុន បង្កើនការវិនិយោគលើវិស័យសុខាភិបាល អប់រំ បច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល
* បង្កើនកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិក្នុងការអភិវឌ្ឍន៍ និងបណ្តុះបណ្តាលធនធានមនុស្សដើម្បីបង្កើនសមត្ថភាពយុវជន អភិវឌ្ឍជំនាញពលកម្ម និងឆ្លើយតបទៅនឹងការវិវឌ្ឍន៍សេដ្ឋកិច្ចសកល និងទីផ្សារការងារក្នុងតំបន់ និងពិភពលោក
* លើកកម្ពស់ការអភិវឌ្ឍន៍ដោយតម្លាភាព និងបរិយាបន្ន តាមរយៈការកាត់បន្ថយអំពើពុករលួយ ពង្រឹងការអនុវត្តច្បាប់ និងបង្កើតបរិយាកាសធុរកិច្ចល្អប្រសើរ ដែលការពារដល់ប្រយោជន៍អ្នកវិនិយោគ និងជំរុញការប្រកួតប្រជែង
ជារួមការបង្កកជំនួយរបស់ភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានជះឥទ្ធិពលអវិជ្ជមានមួយចំនួនដល់ស្ថាប័នរដ្ឋ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែលជួយលើកកម្ពស់ដល់ការបណ្តុះបណ្តាលអប់រំ អភិបាលកិច្ច កិច្ចស្រាវជ្រាវនិងអភិរក្សាធម្មជាតិ និងការយល់ដឹងពីសិទ្ធិសេរីភាព និងប្រជាធិបតេយ្យជាដើម។ ក៏ប៉ុន្តែការបង្កកជំនួយនេះ នឹងធ្វើឱ្យកម្ពុជាអាចសម្របខ្លួនទៅនឹងការពឹងផ្អែកលើជំនួយបរទេស និងជំរុញការធ្វើពពិធកម្មជំនួយពីប្រទេសដទៃទៀតដូចជាចិន ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី ឬសហគមន៍អឺរ៉ុបជាដើម ហើយប្រទេស ឬដៃគូអភិវឌ្ឍន៍កម្ពុជាទាំងអស់នោះអាចជំនួសជំនួយបរទេស។
រាជរដ្ឋាភិបាលកម្ពុជាសង្ឃឹមថា អាមេរិកក្រោមរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងពិចារណាផ្តល់ជំនួយមកកម្ពុជាវិញ ហើយកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការលើកកម្ពស់ និងជំរុញកិច្ចសហប្រតិបត្តិល្អជាមួយអាមេរិកទាំងក្នុងកិច្ចការនយោបាយ សេដ្ឋកិច្ច យោធា និងយុទ្ធសាស្រ្ត»៕