(ភ្នំពេញ)៖ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការនៃសាកលវិទ្យាល័យព្រះសីហនុ, តេជានន្ទភិក្ខុ សាន ពិសិទ្ធិ បណ្ឌិតឯកទេសរដ្ឋបាលសធារណៈ, មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ទីប្រឹក្សាគណៈសង្ឃនាយកគណៈមហានិកាយ និងធម្មបណ្ឌិត ហេង មណីចិន្តា ស្ថាបនិកអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ នឹងនិមន្ត និងអញ្ជើញចូលរួមមានសង្ឃដីកាបើក និងធ្វើជាវាគ្មិន ក្នុងសិក្ខាសាលាស្ដីពី «មូលដ្ឋានគ្រឹះនៃការកសាងគ្រួសារ និងអាជីវកម្មឋិតឋេរតាមបែបពុទ្ធសាសនា»។
សិក្ខាសាលានេះ ផ្តោតលើការចែករំលែកចំណេះដឹង អំពីមូលដ្ឋានគ្រឹះនៃការកសាងសេចក្តីសុខក្នុងគ្រួសារ និងការដឹកនាំអាជីវកម្មឲ្យមានស្ថិរភាពតាមបែបពុទ្ធសាសនា សូមអញ្ជើញសាធារណៈជនគ្រប់រូបចូលរួម ដើម្បីទទួលបានចំណេះដឹងសម្រាប់កសាងគ្រួសារ និងអាជីវកម្មឲ្យមានភាពរឹងមាំ និងសុភមង្គល។
សិក្ខាសាលានេះ ធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១:៣០រសៀល ដល់៥:០០ល្ងាច នៅទីតាំង CJCC អាចចូលរួមបានដោយសេរី។ ចុះឈ្មោះចូលរួមឥតគិតថ្លៃទីនេះ៖ https://forms.gle/mTuS14uabp9J9NEBA។
មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា បានបញ្ជាក់ឱ្យដឹងថា គោលបំណងដែលរៀបចំសិក្ខាសាលានេះ គឺចង់បង្ហាញប្រាប់ដល់សាធារណជនថា ក្នុងព្រះពុទ្ធសាសនាមានមេរៀនជាច្រើន ដែលអាចយកមកធ្វើជាគ្រឹះមាំទាំទៅតាមពុទ្ធវចនៈ សម្រាប់កសាងគ្រួសារផង និងសម្រាប់កសាងអាជីវកម្មផងដែរ។ ដូច្នេះការចូលរួមក្នុងសិក្ខាសាលានេះ គឺមិនខុសបំណងឡើយ។ លោកបន្ថែមថា មេរៀនមូលដ្ឋានគ្រឹះក្នុងការកសាងគ្រួសារ និងអាជីវកម្ម មានបង្រៀនក្នុងសាលាអាជីវកម្មសម្មាមគ្គ ដែលបានបើកបង្រៀន៤វគ្គរួចមកហើយ និងបើកវគ្គទី៥ នៅក្នុងខែមីនា ឆ្នាំ២០២៥ខាងមុខនេះ៕